adverise with khmeread 8. dilated pupils

សញ្ញាជាក់ស្តែង ១០ បង្ហាញថាបុរសម្នាក់នោះកំពុងតែចង់លួចចែចង់អ្នក

តើធ្វើម៉េចទើបដឹងថាប្រុសស្អាតម្នាក់នោះកំពុងតែចាប់អារម្មណ៍លើអ្នក? មានវិធីសបញ្ជាក់មួយចំនួន ដែលអាចប្រាប់អ្នកថា តើគាត់កំពុងចាប់អារម្មណ៍លើអ្នកឬក៏អត់។ ជួនកាលត្រឹមកាយវិការខាងក្រៅក៏ពិបាកអង្កេតឲ្យដឹងដែរថាបុរសម្នាក់កំពុងចាប់អារម្មណ៍លើអ្នក។ ខាងក្រោមនេះគឺជាសញ្ញាចំនួន ១០ ដែលបង្ហាញថា បុរសៗបានឲ្យអ្នកដឹងថាពួកគេចូលចិត្តអ្នកទាំងមិនដឹងខ្លួន ឬដឹងខ្លួនផងដែរ។ សូមមើលទាំងអស់គ្នា តើមានឃើញអ្វីដែលអ្នកបានកត់សម្គាល់ទេ ហើយអ្នកប្រហែលជានឹងរកឃើញគូស្នេហ៍នាពេលឥឡូវនេះផងក៏មិនដឹង។ 

១- ស្នាម​ញញឹម​គួរ​ឲ្យ​ស្រឡាញ់
ជាការពិត ស្នាមញញឹមគួរឲ្យស្រឡាញ់គឺជាសញ្ញាល្អមួយ ហើយនៅពេលនិយាយដល់ការចែចង់ វាគឺជាសញ្ញាប្រាកដបំផុតណាស់ថា គាត់កំពុងចាប់អារម្មណ៍លើអ្នក។ ប្រសិនបើអ្នកកត់សម្គាល់ឃើញថា គាត់កំពុងញញឹមដាក់អ្នក នោះនឹងមានឱកាសខ្ពស់ណាស់ដែលថាគាត់ចូលចិត្តអ្នក និងចង់ចូលមកនិយាយជាមួយអ្នក។ ពេលខ្លះគាត់ប្រហែលជាមានការអៀនខ្មាស ដូច្នេះហេតុអ្វីអ្នកមិនបង្ហាញគាត់នូវជំនឿជាក់ និងសេចក្តីក្លាហានរបស់អ្នកតាមរយៈការចូលទៅនិយាយស្តីជាមួយគាត់មុនទៅ? ជាការពិត អ្នកអាចធ្វើរឿងនេះបាន ប្រសិនបើអ្នកចូលចិត្តគាត់ដែរ។ គ្មានរឿងអ្វីគួរឲ្យអៀនខ្មាសនោះទេ ប្រសិនបើអ្នកចូលទៅនិយាយស្តីជាមួយបុរសមុននោះ។ គ្រាន់តែញញឹមត្រឡប់ទៅវិញ រួចចាប់ផ្តើមការសន្ទនាជាមួយគាត់ ហើយកុំព្យាយាមធ្វើពើជាមិនចាប់អារម្មណ៍ឲ្យសោះ ព្រោះអ្នកអាចនឹងបាត់បង់ឱកាសសង្វាតរកគាត់ក៏ថាបាន។ 

២- មុខគាត់ឡើងក្រហម
អ្នកប្រហែលជាដឹងហើយថាវាលំបាបបែបណាក្នុងការចែចង់ជាមួយមនុស្សប្រុសដែលពូកែអៀន ប៉ុន្តែវាមិនមានន័យថាអ្នកគួរតែចៀសប្រភេទបុរសបែបនេះទេ។ ប្រសិនបើអ្នកកត់សម្គាល់ឃើញថា បុរសម្នាក់មុខឡើងក្រហមនៅពេលឃើញអ្នក អ៊ីចឹងនេះគឺជាសញ្ញាយ៉ាងច្បាស់បំផុតថាគាត់កំពុងព្យាយាមចែចង់អ្នក។ ទោះយ៉ាងណា មិនត្រឹមតែបុរសពូកែអៀនចេះមុខឡើងក្រហមប៉ុណ្ណោះទេ បុរសឯទៃទៀតក៏អាចមុខឡើងក្រហមបានដែរ នៅពេលណាដែលគាត់ឃើញស្រីស្អាត។ ការដែលមុខឡើងក្រហមគឺជាមុខងារមួយក្នុងរាងកាយ ដែលយើងមិនអាចត្រួតត្រាបានឡើយ ហើយប្រសិនបើគាត់មុខក្រហមនៅចំពោះមុខអ្នក ដូច្នេះគាត់ច្បាស់ជាចូលចិត្តអ្នកហើយ។ 

៣- ការប្រើក្រសែភ្នែកសម្លឹង
សញ្ញានេះរាងពិបាកសន្និដ្ឋានបន្តិច តែសមនឹងឲ្យយើងយកចិត្តទុកដាក់ណាស់។ ការប្រើក្រសែភ្នែកសម្លឹងមានសារៈសំខាន់ណាស់អំឡុងការទំនាក់ទំនង ហើយយើងត្រូវតែប្រើទម្រង់នៃភាសាកាយវិការនេះឲ្យបានញឹកញាប់តាមដែលយើងអាចធ្វើទៅបាន។ ផ្អែកលើរយៈពេលដែលគាត់សម្លេងមើលមកអ្នកយូរប៉ុនណានោះ អ្នកអាចស្វែងយល់បានថាគាត់កំពុងចូលចិត្តអ្នកឬក៏អត់។ ប្រសិនបើគាត់សម្លឹងមើលមកអ្នកយូរជាងមនុស្សទូទៅ វាច្បាស់ជាសញ្ញាមួយបង្ហាញថា គាត់កំពុងតែចាប់អារម្មណ៍លើអ្នកហើយ។ យើងទាំងអស់គ្នាសុទ្ធតែប្រើក្រសែភ្នែកសម្លឹងនៅពេលឃើញប្រុសៗគួរឲ្យចាប់អារម្មណ៍ មិនអ៊ីចឹង? វាក៏ដូចគ្នាដែរសម្រាប់បុរសៗដែរ។ ប្រសិនបើគាត់ប្រើក្រសែភ្នែកសម្លឹងមើលអ្នកឆាប់ពេក គាត់ក៏ប្រហែលកំពុងចាប់អារម្មណ៍លើអ្នកដែរ នេះប្រហែលមកពីគាត់រាងអៀនបន្តិចហើយមើលទៅ។

៤- អង្កេតសកម្មភាពរបស់អ្នក
ជួនកាលបុរសៗអង្កេតមើលសកម្មភាពស្រីៗដោយមិនបានដឹងខ្លួននោះទេ។ ការអង្កេតសកម្មភាពគឺជាសញ្ញាមួយទៀតបង្ហាញថា គាត់កំពុងតែចង់ចែចង់អ្នក។ ការអង្កេតនេះមានចាប់ពីកម្រិតនៃការព្រិចភ្នែករហូតដល់ការអង្កេតពីឥរិយាបថក្នុងការនិយាយស្តី។ ឧទាហរណ៍ នៅពេលអ្នកសើច គាត់ក៏សើចតាមអ្នកដែរ។  វាជារឿងធម្មជាតិរបស់យើងទៅហើយក្នុងការអង្កេតអ្វីមួយ ដែលយើងស្រឡាញ់។ ក្រៅពីនេះ វេបសាយគូណាត់ជាច្រើនបានណែនាំបុរសៗឲ្យប្រើបច្ចេកទេសអង្កេតសកម្មភាពនេះ នៅពេលចែចង់នារីណាម្នាក់។ គូព្រេងរបស់អ្នកក៏ប្រហែលជាធ្វើដូចគ្នានេះដែរ។ 

៥- ឈរច្រត់ចង្កេះ
ប្រសិនបើគាត់ឈរច្រត់ចង្កេះ ឬដាក់ដៃលើទ្វារឡាន គាត់ក៏ប្រហែលជាកំពុងចាប់អារម្មណ៍អ្នកផងដែរ។ តាមវិធីនេះ គាត់កំពុងព្យាយាមបង្ហាញអ្នកថា គាត់ជាមនុស្សមានជំនឿចិត្តខ្ពស់ និងជាបុរសពេញលក្ខណៈពិតៗ។ ខ្ញុំផ្ទាល់មិនចូលចិត្តទេ នៅពេលបុរសប្រើវិធីនេះខណៈកំពុងចែចង់ស្រីៗ ប៉ុន្តែវានៅតែជាសញ្ញាមួយបង្ហាញថាគាត់កំពុងចាប់អារម្មណ៍លើអ្នក។ 

៦- ប៉ះពាល់រាងកាយរបស់អ្នក
ប្រសិនបើមនុស្សដែលអ្នកឃើញភ្លាមស្រឡាញ់ភ្លែតនោះប៉ះពាល់រាងកាយរបស់អ្នក វាជាសញ្ញាប្រាកដណាស់ថាគាត់ចូលចិត្តអ្នក។ ប៉ុន្តែ ប្រសិនបើបុរសម្នាក់នោះប៉ះពាល់អ្នកដោយចៃដន្យ អ៊ីចឹងនេះគឺជាសញ្ញាមួយទៀតដែលត្រូវពិនិត្យពិច័យមែនទែន។ វាមានន័យថា បុរសម្នាក់នោះកំពុងព្យាយាមទាក់ទាញការចាប់អារម្មណ៍ពីអ្នក រួចហើយស្វែងរកលេសផ្សេងៗដើម្បីបន្តការសន្ទនាជាមួយអ្នក។ តើអ្នកចូលចិត្តបុរសម្នាក់នោះទេ? ប្រសិនបើចូលចិត្ត ចែចង់គាត់វិញទៅ! នារីភាគច្រើនព្រងើយកន្តើយនឹងសញ្ញាដ៏សំខាន់មួយនេះ ប៉ុន្តែអ្នកមិនគួរធ្វើមិនរវីរវល់នោះទេ។ ក្រោយៗមកទៀត គាត់ក៏ប្រហែលជាអនាគតស្វាមីរបស់អ្នកផងក៏មិនដឹង!

៧- ងាកក្បាលមករកអ្នក
របៀបដែលបុរសម្នាក់ងាកក្បាលរបស់គាត់ក៏អាចបង្ហាញប្រាប់ផងដែរថាគាត់ចូលចិត្តអ្នក។ ប្រសិនបើគាត់ងាកក្បាលមករកអ្នក នេះមានន័យថាគាត់កំពុងស្តាប់យ៉ាងយកចិត្តទុកដាក់ចំពោះគ្រប់ពាក្យ ដែលអ្នកនិយាយ។ នេះក៏មានន័យផងដែរថា គាត់ពិតជាចាប់អារម្មណ៍នូវអ្វីដែលអ្នកកំពុងនិយាយ ហើយគាត់ពិតជាចាប់អារម្មណ៍ក្នុងការសន្ទនាជាមួយអ្នក។ ខ្ញុំចូលចិត្តអារម្មណ៍ដ៏អស្ចារ្យនេះណាស់ នៅពេលបុរសម្នាក់ស្តាប់ខ្ញុំយ៉ាងយកចិត្តទុកដាក់បែបនេះ។ ខ្ញុំតែងតែឲ្យតម្លៃលើរឿងនេះណាស់ បើទោះបីជាខ្ញុំមិនចាប់អារម្មណ៍លើបុរសម្នាក់នោះក៏ដោយ។ 

៨- គាត់បើកភ្នែកធំៗ
ជួនកាលភ្នែករបស់យើងបើកធំៗដោយឯកឯង នៅពេលដែលយើងមិនចង់ឲ្យវាបើកធំៗទាល់តែសោះ។ នៅពេលយើងចាប់អារម្មណ៍នរណាម្នាក់ ឬអ្វីមួយ ភ្នែករបស់យើងនឹងបើកធំៗ ហើយវានឹងកាន់តែធំទៅៗ។ នៅពេលយើងមិនចូលចិត្តនរណាម្នាក់ឬអ្វីមួយ ភ្នែករបស់យើងគឺមានសភាពធម្មតា។ ប្រសិនបើអ្នកសង្កេតឃើញថា ភ្នែករបស់បុរសម្នាក់នោះបើកធំៗ វាច្បាស់ជាសញ្ញាជាក់លាក់ណាស់ថា គាត់ស្រឡាញ់អ្នក និងចាប់អារម្មណ៍ខ្លាំងណាស់ចំពោះអ្នក។

៩- លើកចិញ្ចើមឡើងខ្ពស់
មនុស្សដែលអ្នកជួបភ្លាមមានចិត្តស្រឡាញ់ភ្លែតអាចនឹងបិទបាំងភ្នែករបស់គាត់ពីអ្នក នៅពេលគាត់នៅក្បែរអ្នក ព្រោះគាត់ចូលចិត្តអ្នក។ គាត់ក៏អាចទុកឲ្យចិញ្ចើមគាត់លើកខ្ពស់បន្តិចផងដែរ។ ប្រសិនបើភ្នែកគាត់បើកក្រឡែតៗ ហើយចិញ្ចើមរបស់គាត់នៅលើកឡើងខ្ពស់ខណៈអ្នកកំពុងតែនិយាយនោះ អ៊ីចឹងនេះគឺជាសញ្ញាប្រាកដណាស់ថាគាត់កំពុងចាប់អារម្មណ៍នឹងអ្នក។ សូមអង្កេតមើលឲ្យជាក់ នោះអ្នកនឹងឃើញវាជាមិនខាន!

១០- គាត់នៅមិនសុខ
តើអ្នកធ្លាប់នៅមិនសុខទេនៅពេលអ្នកកំពុងនៅក្បែរមនុស្សប្រុសដែលអ្នកចូលចិត្ត? ខ្ញុំប្រាកដខ្លាំងណាស់ថាអ្នកច្បាស់ជាធ្លាប់​ ហើយវាមិនមានបញ្ហាអ្វីនោះទេ។ អ្នកគ្រាន់តែរាងភ័យប៉ុណ្ណោះ ហើយវាជាការភ័យដ៏ល្អមួយ។ វាគឺដោយសារតែភាពអន្ទះអន្ទែង ព្រោះអ្នកនឹងមិនដឹងទេថាតើគាត់ចាប់អារម្មណ៍លើអ្នកឬក៏អត់។ ប្រសិនបើអ្នកឃើញគាត់នៅមិនសុខ នេះគឺព្រោះតែគាត់ចាប់អារម្មណ៍លើអ្នក ហើយគាត់រាងភ័យបន្តិចក្នុងការចាប់ផ្តើមនិយាយលេងជាមួយអ្នក។ 

ឥឡូវនេះអ្នកបានដឹងហើយរាល់សញ្ញាដែលថាគាត់កំពុងតែចែចង់អ្នក អ៊ីចឹងតើអ្នកនៅរង់ចាំអ្វីទៀត? ចាប់ផ្តើមចែចង់គាត់វិញទៅ ហើយអ្នកប្រហែលជាបានណាត់ជាមួយគាត់ក្នុងរាត្រីដ៏មនោរម្យក៏ថាបាន៕ 

 

ប្រភព៖ វ៉ូមែនណាយលី

adverise with khmeread

មតិយោបល់