adverise with khmeread Accident

ក្រោយ​ចេញ​វិធានការ​ក្តៅ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថៃ​កើនឡើង ១៣ ភាគរយ​អំឡុង​រដូវ​បុណ្យចូលឆ្នាំ​សកល​

​    ​ចំនួន​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងប្រទេស​ថៃ​អំឡុង​រដូវ​បុណ្យ​ចុងឆ្នាំ​នាពេល​ថ្មីៗ​នេះ​បាន​កើនឡើង ១៣ ភាគរយ​ធៀប​នឹង​ឆ្នាំមុន បើទោះបីជា​រដ្ឋាភិបាល​បាន​ដាក់ចេញ​វិធានការ​ក្តៅ​ជាច្រើន​ដើម្បី​ទប់ស្កាត់​ការបើក​បរទាំង​ស្រវឹង និង​បើក​ហួស​ល្បឿន​ក៏ដោយ​។

​    ​មនុស្ស​ជាង ៣០០ នាក់​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថៃ​អំឡុង​បុណ្យចូលឆ្នាំ​សកល​។ យោងតាម​អាជ្ញាធរ​ថៃ មនុស្ស​ជាង ៣.០០០ នាក់​បាន​រងរបួស​នៅលើ​ដងផ្លូវ​ក្នុងអំឡុងពេល​ដូចគ្នា​គិត​ចាប់ពី​ថ្ងៃទី ២៩ ធ្នូ ដល់​ថ្ងៃទី ៤ មករា​។

​     ៧៣ ភាគរយ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​នៅលើ​ផ្លូវ​ហា​វ៉េ​ជាតិ ក្នុងនោះ ៨៣ ភាគរយ​គឺពាក់ព័ន្ធ​នឹង​រថយន្ត​ប្រភេទ​ភី​ក​អាប់​។ ចំនួន​ស្លាប់​និង​របួស​ខ្ពស់បំផុត​កើតឡើង​នៅ​ភាគ​ឦសាន​ខេត្ត​ណា​ខន រ៉ា​ច់​ឆា​សីមា ខណៈ​នៅ​ភាគ​ខាងជើង​ខេត្ត​ឈៀង​ម៉ៃ​ជាប់​ឯតទគ្គ​កម្ម​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់​ជាងគេ​បំផុត​ប្រៀបធៀប​នឹង​បណ្តា​ខេត្ត​ដទៃទៀត​នៅ​ប្រទេស​ថៃ​។

​    ​ប្រទេស​ថៃ​គឺជា​ប្រទេស​ដែលមាន​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់បំផុត​មួយ​ក្នុង​ពិភពលោក​។ នៅ​ថ្ងៃទី ២០ ខែធ្នូ ទេសចរ​ជនជាតិ​ម៉ាឡេស៊ី​ចំនួន ១៣ នាក់​បាន​ស្លាប់​បន្ទាប់ពី​រថយន្តក្រុង​របស់​ពួកគេ​បាន​ជួប​គ្រោះថ្នាក់​នៅ​ខេត្ត​ឈៀង​ម៉ៃ​។

​    ​ការស្លាប់​ទាក់ទង​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​កើតឡើង​តែ​អំឡុង​រដូវ​បុណ្យចូលឆ្នាំ​។ អាជ្ញាធរ​ថៃ​ចាត់ទុក​មូលហេតុ​ចម្បង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បង្កឡើង​ដោយ​ការបើក​បរទាំង​ស្រវឹង និង​បន្ទាប់​គឺ​ការបើក​ហួស​ល្បឿន​កំណត់​៕

adverise with khmeread
ប្រភព៖ ឆា​នែ​ល​ញូ​វ​ស៍​អេ​ស៊ា

មតិយោបល់