ប្រាកដណាស់ អាយុគ្រាន់តែជាចំនួនលេខប៉ុណ្ណោះ សម្រាប់តារាក្បាច់គុន ហុងកុងដ៏ល្បីល្បាញ Jackie Chan បើទោះបីជាលោកឈានចូលវ័យ៦២ឆ្នាំនៅកាលពីខែមេសាឆ្នាំនេះក៏ដោយ ក៏លោកនៅតែបន្តសម្តែងឈុតគ្រោះថ្នាក់ដោយខ្លួនឯងដដែលនៅក្នុងភាពយន្តបែបវាយតប់។
ថ្មីៗបំផុត តារាភាពយន្តក្បាច់គុនរូបនេះបានធ្វើឲ្យមជ្ឈដ្ឋានអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិតភ្ញាក់ផ្អើល នៅពេលគេបង្ហោះវីដេអូឃ្លីបមួយបង្ហាញសកម្មភាពថតឈុតវាយតប់របស់លោកនៅលើកំពូលសាល Sydney Opera House ។
នៅក្នុងរូបភាពវីដេអូកាលពីថ្ងៃទី៣ខែសីហា គេឃើញ Jackie ប្រយុទ្ធគ្នាជាមួយតារាស្រីអូស្ត្រាលី Tess Haubrich នៅកម្ពស់៦៧ម៉ែត្រពីលើសាល Sydney Harbour ។ តារាសម្តែងទាំងពីរមើលទៅហាក់ដូចជាអត់ពាក់ខ្សែការពារទេនៅពេលនោះ។
តារាហុងកុងជើងចាស់រូបនេះហាក់ដូចជាមិនតក់ស្លុតនឹងកម្ពស់របស់អាគារនេះទេ ហើយគេឃើញគាត់សើចយ៉ាងសប្បាយនិងថតរូបពេលខ្យល់បក់មកផងដែរ៕
