adverise with khmeread Unnamed

មិត្តល្អ! ជនសង្ស័យ២នាក់ទិញគ្រឿងញៀន ដើម្បីយកមកលក់ចែកចាយបន្តឱ្យមិត្តភក្ដិ

    បន្ទាយមានជ័យ​ ៖​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក ចំនួន៦នាក់ដឹកនាំដោយលោកវរ:សេនីយ៍ត្រី ជ័យ សុកាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចមុខផ្សារ រលួស ស្ថិតក្នុងភូមិរលួស​ ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់នៅវេលាម៉ោង២ និង៣០នាទីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។

    ប្រតិបត្តិការនេះបានធ្វើការដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកកចំនួន៣កូនថង់កិបស្មើ៩.៩២ក្រាម និងថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៤គ្រាប់ ទូរស័ព្ទដៃចំនួន៣គ្រឿង និងខ្សែកលោហធាតុពណ៌លឿងប្រវែង៤១សង់ទីម៉ែត្រចំនួន១ខ្សែ។

    ក្រោយពីឃាត់ខ្លួនហើយជនសង្ស័យទាំង២នាក់នេះត្រូវបានកម្លាំងអាវុធហត្ថស្រុកស្វាយចេក បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរបន្ត​ ។

    លោវរ:សេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលលើការងារបទល្មើសគ្រឿងញៀន បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ១.ឈ្មោះ ហេង ដាំ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិគោកខ្វាវ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និង២.ឈ្មោះ យ៉ុន វីណូ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិគោកខ្វាវ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

    លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពីអាវុធហត្ថសាកសួរចម្លើយរួចមកជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថាពួកគេបានទិញគ្រឿងញៀននេះ ដើម្បីយកមកលក់ចែកចាយឱ្យមិត្តភក្ដិនៅតាមភូមិជក់បន្តពិតប្រាកដមែន។

    ជនសង្ស័យទាំង២នាក់ត្រូវបានអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread

មតិយោបល់