អ្នកប្រដាល់ដំណាងឱ្យប្រទេសអៀរឡង់ Michael Conlan បានរិះគន់ចៅក្រមដាក់ពិន្ទុយ៉ាងចាស់ដៃ ខណៈដែលគាត់បានបន្ទោសបរាជ័យការប្រកួតជាលើកទីពីររបស់គាត់ក្នុងវិញ្ញាសាប្រដាល់ក្នុងប្រភេទទម្ងន់ Bantamweight (៥១-៥៤ គីឡូក្រាម) ដែលគាត់មើលទៅជាអ្នកឈ្នះដាច់គូប្រកួតទៅហើយនោះ។
Michael Conlan បាននិយាយថា "ពួកនេះបន្លំលទ្ធផល ចុ****** ហើយ" ជាពាក្យសម្តីដែលគាត់ជះកំហឹងភ្លាមៗខណៈកំពុងមានការផ្សាយបន្តផ្ទាល់ពេញពិភពលោក។ គាត់បន្តថា "អ្នកប្រដាល់ស្ទើរភ្លើងនេះ (រុស្ស៊ី) ស្អុយរលួយតាំងពីក្បាលដល់ចុងជើង"។
នេះគឺជាការប្រកួតបរាជ័យមួយសម្រាប់អ្នកប្រដាល់អៀរឡង់ ដែលសូម្បីតែអ្នកប្រដាល់នារីឆ្នើមរបស់ពួកគេ Katie Taylor ក៏បានបរាជ័យក្នុងការការពារជើងឯកអូឡាំពិកដែរ ខណៈដែលនាងធ្លាប់ឈ្នះវានៅកីឡាអូឡាំពិកទីក្រុងឡុងដ៍នោះ។
Conlan ដែលត្រូវបានគេកាត់សេចក្តីឱ្យចាញ់ពីរទឹកលើក្រដាសដាក់ពិន្ទុសរុបចំនួន ៣ បាននិយាយថា "ក្តីស្រមៃរបស់ខ្ញុំត្រូវរលាយ។ ខ្ញុំនឹងមិនប្រដាល់ម្តងទៀតសម្រាប់ AIBA (សមាគមកីឡាប្រដាល់អន្តរជាតិ) ឡើយ"។
គាត់ក៏បានចោទប្រកាន់ថាមន្ត្រីកាន់កាប់ការប្រកួតថាបានកេងបន្លំលទ្ធផលរបស់ Taylor និង Joe Ward ផងដែរ ខណៈដែលពួកគេគឺជាមិត្តរួមសញ្ជាតិដែលរំពឹងថាធ្វើបានល្អនៅក្នុងរីយ៉ូដែរនោះ។
លើសពីនេះ Conlan បានផ្ញើសារនៅលើបណ្តាញសង្គម Twitter ក្នុងក្តីសង្ឃឹមថាប្រធានាធិបតីរុស្ស៊ី Vladimir Putin នឹងបានឃើញ ដោយគាត់សរសេរថា "ហ្អេ Vlad តើពួកគេទារលុយលោកឯងប៉ុន្មាន ឆ្លើយមកលោកបង??"៕
