14

ឈាមស្រែកស្បែកហៅ! អាវុធហត្ថខេត្តកណ្តាលបង្ហាញមុខឃាតករសម្លាប់អ្នកជំនួញជនជាតិកូរ៉េមុនពេលបញ្ជូនទៅតុលាការខេត្តកណ្តាល

    កណ្តាល​​ ៖ ឃាតករដែលបានបាញ់សម្លាប់បុរសជនជាតិកូរ៉េនៅស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាលកាលពីពេលថ្មីៗនេះ​ត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាបបានហើយ និងបានបង្ហាញមុខមុននឹងបញ្ជូនទៅតុលាការខេត្តកណ្តាលនាព្រឹកថ្ងៃទី ១៧ ខែសីហា​នេះ​។ មូលហេតុដែលឃាតករសម្លាប់ដោយសារជនរងគ្រោះទារលុយដែលខ្លួនជំពាក់ញឹកញាប់ពេកហើយខ្លួនគ្មានលុយសង​។

    មន្ត្រីអាវុធហត្ថបានឱ្យដឹងថា​ ក្រោមការបញ្ជាផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការនៃស្នងការដ្ឋានយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើស្រាវជ្រាវយ៉ាងសកម្មទាំងយប់ទាំងថ្ងៃជាមួយជំនាញអាវុធហត្ថខេត្តកណ្តាល, រាជធានីភ្នំពេញ និងខេត្តតាកែវរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផុំ រដ្ឋា ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរវេរលុយនិងលក់ទូរស័ព្ទ រស់នៅឃុំដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។

    មន្ត្រីជំនាញអាវុធហត្ថបន្តថា នៅវេលាម៉ោង ៥ និង ៣០ នាទីល្ងាច ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៦ នៅចំណុចក្នុងប៉ុស្តិ៍យាមប្រជាការពារ ស្ថិតក្នុងភូមិកោះខ្នុរ ឃុំព្រៃរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានអំពើឃាតកម្មមួយកើតឡើងដោយមិនមានឯកសារបញ្ជាក់អំពីអត្តសញ្ញាណជនរងគ្រោះនោះទេ។

    ក្រោយកើតហេតុភ្លាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងស្រុកកណ្តាលស្ទឹងបានចុះទៅត្រួតពិនិត្យទីកន្លែងកើតហេតុ ហើយធ្វើការផ្សព្វផ្សាយព័ត៌មានដល់សមត្ថកិច្ចពាក់ព័ន្ធឲ្យជួយសហការអន្តរាគមន៍ពួនស្ទាក់តាមភូមិសាស្ត្ររៀងៗខ្លួន។

    បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងអាវុធហត្ថស្នាក់ការ ២០១ នៃមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី កងរាជអាវុធហត្ថខេត្តតាកែវចេញអន្តរាគមន៏ហើយក៏ប្រទះឃើញរថយន្ត ១ គ្រឿងម៉ាក Kia Morning ពណ៌លឿងទុំពាក់ផ្លាកលេខភ្នំពេញ 2AK-7925 ប្លុងទុកចោលនៅលើផ្លូវជាតិលេខ ២ នៅម៉ោង ១៨ និង ១៥ នាទី ស្ថិតនៅភូមិហនុមានជើង ឃុំក្រាំងធ្នុង ស្រុកបាទី ខេត្តតាកែវ។

    មន្ត្រីដដែលបន្តថា កម្លាំងអាវុធហត្ថបានធ្វើការត្រួតពិនិត្យក្នុងរថយន្តនោះ និងរកឃើញវត្ថុតាងមួយចំនួនដូចជា វិក្កយបត្រអាហារដ្ឋាន ១ សន្លឹក និងវ៉ែនតាពណ៌ខ្មៅចំនួន ១។ វត្ថុតាងទាំងនេះបានធ្វើឱ្យកម្លាំងជំនាញ​ស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាជនសង្ស័យ។

    តាមការស្រាវជ្រាវជាបន្តបន្ទាប់ដោយកម្លាំងជំនាញមកពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថខេត្តកណ្តាល អាវុធហត្ថខេត្តតាកែវ និងអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមផ្តល់ព័ត៌មានពីមន្ត្រីស្ថានទូកសាធារណរដ្ឋកូរ៉េព្រមទាំងមានការចូលរួមផ្តល់ព័ត៌មានពីប្រជាពលរដ្ឋផងដែរ ជាពិសេសមានការសម្របសម្រួលណែនាំពីសំណាក់អយ្យការអមសាលាដំបូងកម្លាំងជំនាញបានកំណត់មុខសញ្ញាដែលជាឃាតករបាន ហើយក៏ធ្វើការពួនស្ទាក់ រុករកតាមភូមិសាស្ត្រមួយចំនួនក្នុងខេត្តកណ្តាលនិងរាជធានីភ្នំពេញ។

    លុះដល់វេលាម៉ោង ១៧ និង ៥ នាទី ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថក៏បានឃើញជនសង្ស័យឈ្មោះ ផុំ រដ្ឋានៅចំណុចខាងជើងផ្សារធំថ្មី រាជធានីភ្នំពេញ រួចក៏ហៅជនសង្ស័យមកសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

    តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា រូបគេពិតជាបានបាញ់រហូតដល់អស់គ្រាប់ទៅលើលោក Jo ChunSeong ដោយអាវុធខ្លីម៉ាករ៉ូឡូនៅពេលដែលជនរងគ្រោះនោះបែរខ្នងមករករូបគេ។

    ជនសង្ស័យបានឆ្លើយថា មូលហេតុបណ្តាលឱ្យរូបគេ (រដ្ឋា) សម្លាប់លោក Jo ChunSeong គឺមកពីខ្លួន(ជនសង្ស័យ) បានជំពាក់លុយលោក Jo ChunSeong និងអ្នកផ្សេងទៀតច្រើនពេកគ្មានលទ្ធភាពសងនិងមានវិបត្តិក្នុងគ្រួសារ។ ហើយលោក Jo ChunSeong តែងតែទារលុយរូបគេញឹកញាប់ពេក។

    ក្រោយពេលធ្វើសកម្មភាពរួច រូបគេបានបើករថយន្តសំដៅឡើងផ្លូវជាតិលេខ ២ ឆ្ពោះទៅខេត្តតាកែវ ហើយទុករថយន្តចោលរួចហៅម៉ូតូឌុបជិះមកភ្នំពេញ តាមផ្លូវជាតិលេខ ៣ វិញ ដោយបោះកាំភ្លើងខ្លីចោលតាមផ្លូវ ហើយបន្តដំណើរទៅដល់ស្ពាន ៧ មករា (កំពង់ទួល
ស្រុកកណ្តាលស្ទឹង) ក៏បានបោះកាបូបនិងឯកសារមួយចំនួនរបស់ជនរងគ្រោះចោលទៅក្នុងទឹកស្ទឹងតែម្តង។

    តាមរយៈចម្លើយសារភាពរបស់ជនសង្ស័យនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៦ កម្លាំងជំនាញបាននាំជនសង្ស័យទៅចង្អុលបង្ហាញនិងរុករកអាវុធនៅចំណុចប្រឡាយទឹកនៅភូមិដើមក្រាយ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ តែរកពុំឃើញ។

    បន្ទាប់មកទៀតកម្លាំងអាវុធហត្ថបានរកឃើញ ប័ណ្ណបើកបរ ១ សន្លឹក នាមប័ណ្ណ ១ សន្លឹករបស់ជនរងគ្រោះឈ្មោះ Jo ChunSeongនៅក្នុងទឹកស្ទឹងស្ពាន ៧ មករា និងកាបូបស្ពាយសម្រាប់ដាក់លាក់អាវុធក្នុងផ្ទះរបស់ជនសង្ស័យនៅសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។

    ផ្អែកលើវត្ថុតាង និងការបំភ្លឺរបស់សាក្សី ព្រមទាំងចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមក្រមព្រហ្មទណ្ឌកម្លាំងអាវុធហត្ថអាចសន្និដ្ឋានបានថា "ជនសង្ស័យ ឈ្មោះ ផុំ រដ្ឋា ពិតជាបានប្រព្រឹត្តបទឃាតកម្មគិតទុកជាមុន ដែលមានចែងក្នុងមាត្រា ២០០ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត"។

    ប៉ុន្តែយោងតាមច្បាប់អ្នកដែលមានសិទ្ធិអំណាចធ្វើការចោទប្រកាន់មានតែតំណាងអយ្យការប៉ុណ្ណោះរីឯការជំនុំជម្រះវិញមានតែចៅក្រមដែលមានសិទ្ធិអំណាចលើរឿងនេះ៕

មតិយោបល់