adverise with khmeread 1

សាច់​រឿងនេះ​អាចធ្វើឱ្យ​អ្នក​ផ្លាស់​ប្តូរជីវិត​ដោយ​មិនដឹង​ខ្លួន​

    ​ក្នុង​ឆ្នាំ ១៩៧២ លោក Jim Cathcart បានធ្វើការ​នៅ​ទីក្រុង Little Rock នៅ​អាជ្ញាធរ​លំនៅដ្ឋាន​រដ្ឋ​អាកា​ន់​សាស ដោយ​រកចំណូលបាន ៥២៥ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយខែ ជាមួយនឹង​បន្ទុក​ភរិយា​ថ្មីថ្មោង​មួយរូប និង​កូនតូច​ម្នាក់​នៅផ្ទះ ហើយ​ថែមទាំង​គ្មាន​សញ្ញាប័ត្រ​សាកលវិទ្យាល័យ គ្មាន​ភាពជោគជ័យ​ពី​អតីត និង​គ្មាន​សង្ឃឹម​សម្រាប់​អនាគត​ខាងមុខ​ថែមទៀត​។

​    ​នៅ​ព្រឹក​មួយ លោក​បាន​អង្គុយ​នៅ​ការិយាល័យ​របស់គាត់​ស្តាប់​កម្មវិធី​វិទ្យុ​មួយ​ហៅថា "​ផ្លាស់ប្តូរ​ពិភពលោក​របស់​យើង​" រៀបចំ​ដោយ​ពិធីករ​លោក Earl Nightingale ដែល​ល្បី​ថា​ជា "​ព្រឹទ្ធបុរស​នៃ​ការលើកទឹកចិត្ត​បុគ្គល​"​។ នៅថ្ងៃនោះ លោក Nightingale ក្នុង​សំឡេង​ធំៗ​របស់លោក បាន​និយាយ​រឿង​មួយ​ដែល​អាច​ផ្លាស់​ប្តូរជីវិត​របស់ Jim ជា​រៀងរហូត ដោយ​បើក​ក្បាល​ដំបូង​លោក Nightingale បាន​ពោលថា "​ប្រសិនបើ​អ្នកនឹង​ចំណាយ​ម៉ោង​បន្ថែម​រៀងរាល់ថ្ងៃ​សិក្សា​ជំនាញ​ដែល​អ្នក​ជ្រើសរើស អ្នកនឹង​ក្លាយជា​អ្នកឯកទេស​របស់​ជាតិ​ក្នុង​ជំនាញ​នោះ​ក្នុង​រយៈពេល​មិន​ដល់ ៥ ឆ្នាំ​ឡើយ​"​។

​    ​លោក Jim មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ការលើកឡើង​នេះ ប៉ុន្តែ​នៅពេល​គាត់​រឹតតែ​គិតពី​រឿងនេះ​គាត់​យល់ថា​រឹតតែ​សម​ហេតុ​សម​ផល​ចំពោះ​គាត់​។ ទោះ Jim មិនដែល​ថ្លែង​បថ​កថា​សូម្បី​ម្តង​ក៏ដោយ ក៏​គាត់​តែងតែមាន​ក្តី​ស្រមៃ​ចង់​ជួយ​មនុស្ស​ឱ្យ​រីកចម្រើន​ក្នុង​ផ្នែក​អភិវឌ្ឍន៍​និង​លើកទឹកចិត្ត​ខ្លួនឯង​។ លោក​បានចាប់ផ្តើម​យក​ទ្រឹស្តី​របស់​ពិធីករ​វិទ្យុ​លោក Nightingale មក​ធ្វើតេស្ត​សាកមើល​តាមរយៈ​ការអាន​សៀវភៅ​ជាច្រើន​ក្បាល និង​ស្តាប់​ខ្សែអាត់​ផ្សេងៗ ដែល​លោក​អាច​រកបាន​។ Jim ក៏​ចាប់​ផ្តើមធ្វើ​លំ​ហាត់ប្រាណ ធ្វើខ្លួន​ឱ្យមាន​របៀបរៀបរយ និង​ចូលរួម​ជាមួយ​ក្រុម​សិក្សា​ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​ផងដែរ​។ លោក​បាន​តស៊ូ​ជម្នះ​អារម្មណ៍​ចង់​បោះបង់ចោល​ការព្យាយាម​ជាច្រើន​សប្តាហ៍ តាមរយៈ​ការខិតខំ​រឹតតែ​ខ្លាំង​រៀងរាល់ថ្ងៃ​ដើម្បីឱ្យ​ឆាប់​សម្រេច​គោលដៅ​របស់លោក​។ ក្នុង​រយៈពេល ៦ ខែ លោក​បាន​រៀនសូត្រ​ច្រើនជាង​ការ​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​រយៈពេល ៤ ឆ្នាំ​ទៅទៀត ហើយ​លោក​ក៏​ចាប់ផ្តើម​ជឿថា​លោក​អាច​ប្រែក្លាយ​គោលបំណង​ចង់​ក្លាយជា​វាគ្មិន​ជម្រុញ​លើកទឹកចិត្ត​មួយរូប​ឱ្យក្លាយ​ជាការ​ពិត​បាន​។ រាល់​ការខិតខំ​ប្រឹងប្រែង វិន័យ និង​ការសិក្សា​ចុងក្រោយ​ពិតជា​បាន​ហុច​ផល​ដល់​គាត់​ពិតមែន​។ Jim ឥឡូវ​បាន​ដើរ​ធ្វើ​បថ​កថា​ជាង ២.៥០០ លើក​ហើយ​នៅ​ជុំវិញ​ពិភពលោក និង​បានទទួល​ពានរង្វាន់​ធំៗ​ទាំងអស់​ក្នុង​វិស័យ​ថ្លែង​បថ​កថា​។

​    ​ដូច​ក្រុមហ៊ុន​អ​ញ្ជឹ​ង​ដែរ​គឺ​សុទ្ធតែ​មានតម្លៃ​ទីផ្សារ​របស់​វា រីឯ​មនុស្ស​ក៏មាន​តម្លៃ​ទីផ្សារ​របស់ខ្លួន​ផងដែរ​។ ក្នុងន័យ​សាមញ្ញ​ស្រួល​ស្តាប់ តម្លៃ​ទីផ្សារ​របស់​មនុស្ស​កើនឡើង​តាមរយៈ​ការចេះដឹង​ច្រើន និង​ការសម្រេច​សមិទ្ធផល​បាន​ច្រើន​។ ចំណេះដឹង​គឺជា​អំណាច មិនមែន​ត្រឹមតែ​សម្រាប់​អាជីព​ការងារ​របស់​អ្នក​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​សម្រាប់ធ្វើ​ឲ្យ​គ្រួសារ និង​ជីវិត​របស់​អ្នក​ល្អ​ប្រសើរឡើង​ផងដែរ​។ មាន​សម្រង់​ពាក្យ​មួយ​បាន​ពោលថា "​ចំណេះដឹង​គឺ​ប្រៀប​បីដូច​ជាការ​ឡើង​ភ្នំ​អ​ញ្ជឹ​ង ការដែល​អ្នក​កាន់តែ​ឡើង​ខ្ពស់​ទៅៗ អ្នកនឹង​កាន់តែ​មើលឃើញ និង​ឱ្យ​តម្លៃ​អ្វីៗ​ដែល​បាន​មើលឃើញ​នោះ​"៕

លោក Jim Cathcart សព្វថ្ងៃ​គឺជា​វាគ្មិន​ថ្លែង​បថ​កថា​ដ៏​ល្បីល្បាញ​មួយរូប​លើ​ពិភពលោក

adverise with khmeread

មតិយោបល់