adverise with khmeread 1

ប្រសិនបើ​អ្នក​កើត​នៅលើ​មេឃ តើ​នឹងមាន​សញ្ជាតិ​អ្វី​?

    ​ក្នុង​សប្តាហ៍​នេះ​មាន​ទារក​ម្នាក់​បានកើត​លើ​ជើងហោះហើរ​រវាង​ក្រុង​ឌុយ​បៃ​-​ម៉ានីល ហើយ​វា​ក៏​មិនមែនជា​លើកទីមួយ​ដែរ ដែល​រឿង​បែបនេះ​បានកើត​ឡើង​នៅលើ​មេឃ​ដ៏​ខៀវស្រងាត់​។​

​    ​កាលពី​ខែមិថុនា ឆ្នាំ​២០១៦ យន្តហោះ Boeing 777 បាន​បង្ខំចិត្ត​ចុះចត​បន្ទាន់ បន្ទាប់ពី​ស្ត្រី​ម្នាក់​បាន​ប្រសូត្រ​កូន​តាមផ្លូវ​ពី​ទីក្រុង Jeddah ក្នុងប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ទៅ អាកាសយានដ្ឋាន JFK នៃ​ក្រុង​ញូវយ៉ក នៅពេល​យន្តហោះ​នោះ​បង្ខំចិត្ត​បង្វែរ​ទិសដៅ​ឆ្ពោះទៅ​ទីក្រុង​ឡុង​ដ៍​ចក្រភព​អង់គ្លេស​។ 

​      ស្ត្រី​ម្នាក់​ដែល​កើតកូន​លើ​ជើងហោះហើរ​ក្រុមហ៊ុន Jetstar កាលពី​ខែមេសា​ឆ្នាំនេះ​បានដាក់​ឈ្មោះ​កូនប្រុស​របស់គាត់​តាម​ឈ្មោះ​ក្រុមហ៊ុន​។ វេ​ប​សាយ​ព័ត៌មាន Fairfax Media របស់​អូស្ត្រាលី​និយាយថា ស្ត្រី​ឈ្មោះ Saw Ler Htu បានផ្តល់​កំណើត​អំឡុង​ជើងហោះហើរ​ពី​សិង្ហ​បុរី​ទៅ​មី​យ៉ាន់​ម៉ា ជាមួយ​ការជួយ​ពី​អាកាសយានិក និង​វេជ្ជបណ្ឌិត ៣ នាក់​ជិះ​លើ​នោះ ហើយ​ម្តាយ​នោះបាន​អរគុណ​ពួកគេ​ដោយ​ដាក់ឈ្មោះ​កូន​ថា Saw Jet Star​។​

​    ​ដូច្នេះហើយ​ទើប​មាន​សំណួរ​មួយចំនួន​លើកឡើងថា តើ​ក្មេង​នោះ​មាន​សញ្ជាតិ​អ្វី​ប្រសិនបើ​កើត​លើ​ជើងហោះហើរ​របស់​ក្រុមហ៊ុន​មួយ​? ហើយ​តើ​មាន​អ្វី​កើតឡើង នៅពេល​អ្នកផ្តល់​កំណើត​នៅ​ពាក់កណ្តាល​មេឃ​?

​    ​យោងតាម​អង្គការសហប្រជាជាតិ កូន​ដែល​កើត​លើ​មេឃ​ត្រូវ​ចាត់ទុកថា​កើត​នៅ​ប្រទេស ដែល​ក្រុមហ៊ុន​អាកាសចរណ៍​នោះ​ត្រូវបាន​ចុះបញ្ជី (​ហោះ​ពី​កម្ពុជា​ទៅ​ថៃ ជិះ​យន្តហោះ​ចុះបញ្ជី​នៅ​សិង្ហ​បុរី ដូច្នេះ​កូន​នោះ​មាន​សញ្ជាតិ​សិង្ហ​បុរី​) ប៉ុន្តែ​នោះ​មិន​បានន័យថា បញ្ហា​សិទ្ធិ​ពលរដ្ឋ (​សញ្ជាតិ​) នឹងមិន​កើតឡើង​នោះទេ​។ 

​     ប៉ុន្តែ​អ្វីដែល​សំខាន់​ជាង​សញ្ជាតិ គឺ តើ​កូន​របស់​អ្នកនឹង​ធ្វើដំណើរ​ឥតគិតថ្លៃ​អស់​មួយជីវិត​? នោះ​ជា​រឿង​ដែល​គេ​និយាយ​ជាទូទៅ ហើយ​បើទោះជា​ទារក​មួយចំនួន​បានទទួល​រង្វាន់​បែបនេះ​មែន ប៉ុន្តែ​ទារក​ទាំងអស់​មិនមែន​ចេះតែ​ទទួលបាន​រង្វាន់​ជិះ​យន្តហោះ​ឥតគិតថ្លៃ​មួយជីវិត​នោះទេ គឺ​វា​អាស្រ័យ​លើ​ក្រុមហ៊ុន​នោះ​ចង់​ផ្តល់ឱ្យ​ឬក៏​អត់​ប៉ុណ្ណោះ​។ និយាយ​មួយបែប​ទៀត សូមកុំ​ជិះ​យន្តហោះ​ដោយ​សង្ឃឹមថា​អ្នកនឹង​បានឱ្យ​កូន​របស់​អ្នកមាន​សិទ្ធិ​ជិះ​យន្តហោះ​ឥតគិតថ្លៃ​អស់​មួយជីវិត​។ 

​    ​មេឃ និង​សមុទ្រ​មិន​អាចជា​កម្មសិទ្ធិ​របស់​មនុស្ស​ណា​ម្នាក់​ទេ ដូច្នេះ បើ​កូន​នោះ​កើត​លើ​យន្តហោះ​បារាំង គឺ​បានន័យថា​កើត​នៅ​បារាំង បើ​យន្តហោះ​នោះ​ជា​របស់​អេ​ស្ប៉ា​ញ​កូន​នោះ​គឺ​កើត​នៅ​អេ​ស្ប៉ា​ញ​។ ប៉ុន្តែ​ចំពោះ​អាមេរិក​វិញ ទោះ​កើត​លើទឹក និង​លើ​មេឃ ក៏​នៅតែ​អាច​ទាមទារ​យក​សញ្ជាតិ​អាមេរិក​បានដែរ​។ អាមេរិក​ជា​ប្រទេស​ពិសេស​ជាងគេ​នៅពេល​និយាយ​ដល់​សញ្ជាតិ​កូន ពេល​កើត​នៅលើ​អាកាស ឬ​លើទឹក​សមុទ្រ​។ 

​    ​ប៉ុន្តែ​ប្រសិនបើ​យន្តហោះ​នោះ​ចុះចត នៅ​ប្រទេស​ទី​បី នោះ​គឺ​បានន័យថា កូន​នោះ​មាន​សញ្ជាតិ​នៅ​ប្រទេស​ទី​បី​នោះ​ហើយ​។ ឧ​. ជិះ​ពី​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ទៅ ហ្វីលីពីន លើ​យន្តហោះ​ចុះបញ្ជី​នៅ​ហ្វីលីពីន ប៉ុន្តែ​ចុះចត​នៅ​ឥណ្ឌា ដើម្បី​សម្រាលកូន ដូច្នេះ​កូន​នោះ​គឺមាន​សញ្ជាតិ ឥណ្ឌា​ហើយ​។ 

​    ​ប្រសិនបើ​ជិះ​នាវា​វិញ គេ​មិន​គិតថា​ដែនសមុទ្រ​នោះ​ជា​សមុទ្រ​ប្រទេស​ណា​ទេ ឱ្យតែ​កើត​លើ​នាវា​របស់​ប្រទេស​ណា គឺ​បានន័យថា​កើត​នៅ​ប្រទេស​នោះ​ហើយ​។ ឧ​. កូន​ខ្មែរ​កើត​លើ​នាវា​ចិន ដូច្នេះ​គឺមាន​សញ្ជាតិ​ចិន​ហើយ​។ 

​    ​ករណី​មួយទៀត​៖

​    ​ក្នុង​ឆ្នាំ ១៩៩០ លោកស្រី Debbie Owen ម្តាយ​ជនជាតិ​អង់គ្លេស​របស់​នាង Shona ដែល​ពរ​ពោះ​ជិត​កើត ដោយ​អមដំណើរ​ដោយ​កូនស្រី​អាយុ ៤ ឆ្នាំឈ្មោះ Claire បាន​កំពុង​ហោះ​ពី​ហ្គា​ណា ជា​កន្លែង​ដែល​ម្តាយ​នោះ​ធ្វើការ ទៅកាន់​ទីក្រុង​ឡុង​ដ៍​តាម​ជើងហោះហើរ British Airways​។ 

​     លោកស្រី​បានប្រសូត​បាន Shona ហើយ​ឥឡូវ Shona មាន​លិខិតឆ្លងដែន ដែល​សរសេរថា "​អ្នក​កាន់​លិខិតឆ្លងដែន​កើត​នៅលើ​យន្តហោះ​ចម្ងាយ​ប្រមាណ ១០ ម៉ា​យ ភាគខាងត្បូង​តំបន់ Mayfield, ក្រុង Sussex (​អង់គ្លេស​)​។ ដូច្នេះ​ករណី​សញ្ជាតិ​របស់​ទារក ក៏​អាស្រ័យ​លើ​ប្រទេស​មួយចំនួន​ដែរ ដូច​ករណី​អង់គ្លេស​ស្រាប់ ទោះ​ជិះ​លើ​យន្តហោះ​អង់គ្លេស ក៏​មិនបាន​សញ្ជាតិ​អង់គ្លេស​ឱ្យចំ​ដែរ​។ 

​    ​ស្ត្រី​ដែល​ពពោះ ៣២ សប្តាហ៍​ឡើងទៅ​តាមច្បាប់​មិនអាច​អនុញ្ញាតឱ្យ​ជិះ​យន្តហោះ​ទេ និង​ត្រូវមាន​សំបុត្រ​បញ្ជាក់​ថ្ងៃ​ត្រូវ​កើត​ពី​វេជ្ជបណ្ឌិត​ថែមទៀត​៕

adverise with khmeread
ប្រភព៖ CNN

អ្នកនឹងចូលចិត្ត

មតិយោបល់