កាលពីថ្ងៃពុធ ប៉ូលិសបង្ក្រាបកុបកម្មត្រូវបានហៅឱ្យមកកាន់ការប្រកួតលើកទម្ងន់វគ្គផ្តាច់ព្រ័ត្រ នៅពេលកីឡាករអ៊ីរ៉ង់ដែលរំពឹងឈ្នះខ្ពស់នោះបានចាញ់ការប្រកួត ហើយភាពតានតឹងក៏បានផ្ទុះឡើងយ៉ាងខ្លាំង។
ម្ចាស់ការពារតំណែងជើងឯកអ៊ីរ៉ង់ Behdad Salimikordasiabi ដែលគេស្គាល់ថា "Salimi" និង "Iranian Hercules" បានប្រឆាំងតវ៉ាក្រុមមន្ត្រីដាក់ពិន្ទុ បន្ទាប់ពីពួកគេសម្រេចថាដៃឆ្វេងរបស់គាត់មិនត្រង់ ដូច្នេះមិនអាចយកជាការបានទេ។
គ្រូបង្វឹកលោក Sajjad Anoushiravani បាននិយាយថា "មានការសមគំនិតគ្នា។ សត្រូវរបស់យើងមកធ្វើជាចៅក្រមដាក់ពិន្ទុទៅវិញ"។ គាត់និយាយនេះគឺសំដៅលើជនជាតិអ៊ីរ៉ាក់ដែលគេជ្រើសមកធ្វើជាចៅក្រមដាក់ពិន្ទុ។
លោកបន្ថែមថា "នេះច្បាស់ណាស់គឺពួកគេបានយកមេដាយ (មាស) ពី Salimi។ ចៅក្រមដាក់ពិន្ទុត្រូវគេជ្រើសរើសរួចជាស្រេចដើម្បីឱ្យរឿងនេះកើតឡើង"។
គួរបញ្ជាក់ថា Salimi ជាម្ចាស់មេដាយមាសអូឡាំពិកក្រុងឡុងដ៍ និងបានបំបែកកំណត់ត្រាពិភពលោកដ៏អស្ចារ្យផងដែរ។
Salimi គិតថារូបគេលើកទម្ងន់ ២៤៥ គីឡូក្រាមផុតក្បាលជោគជ័យទៅហើយ ប៉ុន្តែអាជ្ញាកណ្តាលបានប្រកាសពិន្ទុតាមចៅក្រមថា ដៃឆ្វេងរបស់ខ្លួនមិនត្រង់ ដូច្នេះក៏សម្រេចឱ្យកីឡាករហ្សកហ្ស៊ីឈ្មោះ Lasha Talakhadze ឈ្នះមេដាយមាសជំនួសវិញ។
អ្នកគាំទ្រអ៊ីរ៉ង់នាំគ្នាស្រែកចំអកឱ្យ Lasha Talakhadze លាន់ទ្រហឹងពេញទីលានប្រកួត ហើយបរិយាកាសមើលទៅគឺតានតឹងបំផុត រហូតដល់ថ្នាក់មន្ត្រីត្រូវសម្រេចចិត្តហៅប៉ូលិសបង្ក្រាបកុបកម្មចូលមកថែរក្សាសន្តិសុខ៕
