កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងម៉ូតូ និងរថយន្តកើតឡើងនៅថ្ងៃទី១៧ សីហា ឆ្នាំ២០១៦ វេលាម៉ោង៧ និង៥០នាទីយប់នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ៣៨-៣៩ ត្រង់ចំណុចភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាលបណ្តាលឱ្យរបួសធ្ងន់ម្នាក់។
ប៉ូលិសនិយាយថា គ្រោះថ្នាក់នេះបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាក Sirus ពណ៌ខ្មៅសគ្មានស្លាកលេខ បើកបរដោយឈ្មោះ យ៉ុង វឿន
ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិតាំងក្រង ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម ដែលធ្វើដំណើរពីត្បូងទៅជើង (បើកបញ្ចាសទិស)។
លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តមួយគ្រឿងម៉ាកលុចស៊ីស GS300 សេរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2R-2141 បើកបរដោយឈ្មោះ (រត់បាត់)ធ្វើដំណើរ ពីជើងទៅត្បូង បណ្ដាលឱ្យរបួសធ្ងន់ដល់អ្នកបើកបរម៉ូតូ ហើយបានបញ្ជូនទៅព្យាបាលនៅពេទ្យបង្អែករកាកោង១ ចំពោះម៉ូតូ និងរថយន្តបានយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកមុខកំពូល៕
