adverise with khmeread Unnamed %281%29

សុខៗវាយគេឱ្យមានរបួសជាប់ខ្នោះប៉េអឹមម្នាក់ក្នុងចំណោម៨នាក់

    បន្ទាយមានជ័យ​ ៖ ក្មេងទំនើងម្នាក់ក្នុងចំណោមក្រុមក្មេងទំនើង៨នាក់ ដែលបានវាយទៅលើជនរងគ្រោះម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនបានម្នាក់ នៅវេលាម៉ោង១រំលងអាធាត្រឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅចំណុចខាងជើងកាស៊ីណូផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    លោកវរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឈឿត ឈឿយ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិគោកចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានមកអង្គុយលេងនៅវាលស្មៅខាងជើងកាស៊ីណូផ្កាយប្រាំ
បានមួយសន្ទុះស្រាប់តែពេលនោះមានរថយន្តមួយគ្រឿងមានក្មេងទំនើងចំនួន៨នាក់ជិះមកដល់ចំណុចកើតហេតុនោះ។

    បន្ទាប់មកក្មេងទំនើងទាំង៨នាក់នោះចុះមកវាយទៅលើជនរងគ្រោះ ដោយមិនមានហេតុផលអ្វីសោះ បណ្ដាលឱ្យជនរងគ្រោះរបួសបែកក្បាលយ៉ាងដំណំ។

    ក្រោយពីធ្វើសកម្មភាពរួចប្រជាពលរដ្ឋនៅទីនោះបានរាយការណ៍មកអាវុធហត្ថក្រុងប៉ោយប៉ែត ឱ្យចុះមកជួយអន្តរាគមន៍។

    ទទួលព័ត៌មានហើយ លោកវរៈសេនីយ៍ត្រី ជា ដា បានដឹកនាំកម្លាំងអាវុធហត្ថមួយក្រុមចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ចំណែក៧នាក់ទៀតឡើងជិះរថយន្តគេចខ្លួនបាត់អស់។

    លោក ជា ដា បានបញ្ជាក់ទៀតថា ជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសួរនាំបន្ត។ ជនសង្ស័យមានឈ្មោះ វ៉េត វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នាំ រស់ភូមិសាមគ្គីមានជ័យ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​

    ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្សពួកទាំង៧នាក់នេះពិតជាបានវាយទៅលើជនរងគ្រោះពិតប្រាកដមែន។

    ដោយបានចម្លើយសារភាពរបស់ជនសង្ស័យហើយនោះអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់។ ចំណែកជនសង្ស័យ៧នាក់ទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនបន្តទៀត៕

adverise with khmeread

មតិយោបល់