adverise with khmeread 3

ចូ​វ សុធា​រ៉ា នឹង​ចូលនិវត្តន៍ ក្រោយ​ចាញ់​កីឡាការិនី​កូ​ឡុំ​ប៊ី

​    ​ប្រេ​ស៊ី​ល​៖ កីឡាការិនី​ចំបាប់​របស់​កម្ពុជា ចូ​វ សុធា​រ៉ា បាន​ប្រកួត​ចាញ់​កីឡាការិនី​កូ​ឡុំ​ប៊ី Castillo Hidalgo Carolina ដោយ​លទ្ធផល​ពិន្ទុ ០ ទល់ ១០ នៅ​វគ្គ​ជម្រុះ​ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម​នៅ​សង្វៀន Carioca Arena 2 ក្រុង Rio de Janeiro ប្រទេស​ប្រេ​ស៊ី​ល កាលពី​វេលា​ម៉ោង ១១ យប់មិញ​ម៉ោង​នៅ​កម្ពុជា​។​

​    ​នៅក្នុង​ការប្រកួត​វគ្គ​ជម្រុះ​លើ​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម​នេះ មាន​កីឡាការិនី​មកពី​បណ្តា​ប្រទេស​នានា​ចំនួន ១៨ រូប ខណៈ​កីឡាការិនី ២ រូប​ត្រូវបាន​គណៈកម្មការ​បច្ចេក​ទេស​មិន​អនុញ្ញាត​ឲ្យ​ប្រកួត​ដោយសារ​វៀតណាម​លើស​ទម្ងន់ និង​ហុង​ដូ​រ៉ា​ស់មាន​របួស​ពេល​ហ្វឹកហាត់​។​

​    ​ការបង្ហាញ​វត្តមាន​របស់​កីឡាការិនី​ចំបាប់​កម្ពុជា​រូបនេះ ជា​អនុស្សាវរីយ៍​លើកចុងក្រោយ​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នេះ មុនពេល​ដែល​នាង​នឹងត្រូវ​ចូលនិវត្តន៍​ពី​អាជីព​ជា​កីឡាការិនី ហើយនឹង​ត្រូវ​បន្តការងារ​ជា​គ្រូ​ចំបាប់ និង​ជាម​ន្ត្រី​កីឡា​ជំនួស​វិញ​។​

​    ​ស្ថិតក្នុង​វ័យ ៣២​ឆ្នាំ សុធា​រ៉ា ទើបនឹង​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​នេះ​ជា​លើក​ទី ១ ប៉ុណ្ណោះ​។ ប៉ុន្តែ​នាង​ធ្លាប់​ឈ្នះ​មេដាយមាស ត្រឹម​ព្រឹត្តិការណ៍​ថ្នាក់​តំបន់​ស៊ី​ហ្គេម​ប៉ុណ្ណោះ​។ 

​    ​ចំណែកឯ​កីឡាការិនី​កូ​ឡុំ​ប៊ី Castillo Hidalgo Carolina ដែលជា​គូប្រកួត​របស់ ចូ​វ សុធា​រ៉ា ធ្លាប់​ជាប់​ចំណាត់ថ្នាក់​លេខ ៥ ពិភពលោក​ក្នុង​ទម្ងន់ ៤៨ គីឡូក្រាម​កាលពី​ឆ្នាំ ២០១១ ហើយ​ធ្លា​ក់នៅ​លេខ ១០ កាលពី​ឆ្នាំ ២០១៥​។​

​    ​កាលពី​ឆ្នាំ ២០១៥ កីឡាការិនី​កូ​ឡុំ​ប៊ី​រូបនេះ​ធ្លាប់​ឈ្នះ​មេដាយ​អន្តរជាតិ​ចំនួន ៥ ក្នុងនោះ​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍ German Grand Prix និង​ឈ្នះ​មេដាយ​សំរឹទ្ធ​ក្នុង​ព្រឹត្តិការណ៍ Pan American Games​។​

​    ​កាលពី​ព្រឹត្តិការណ៍​អូឡាំពិក​ក្រុង​ឡុង​ដ៍​ឆ្នាំ ២០១២ Castillo Hidalgo Carolina បាន​ប្រកួត​ចាញ់​កីឡាការិនី​ម៉ុង​ហ្គោ​លី Davaasükhiin Otgontsetseg នៅ​វគ្គ​ជម្រុះ​៕​

adverise with khmeread

មតិយោបល់