ភ្នំពេញ៖ អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានកោះហៅមន្ត្រីខេត្ត-ក្រុងទាំង ២៥ និងសហព័ន្ធកីឡាជាតិនានាចំនួន ១៤ និងក្រសួងចំនួន ២ មកស្វែងយល់ពីរបៀបចុះឈ្មោះចូលរួមប្រកួតកីឡាជាតិលើកទី ១ តាមប្រព័ន្ធ Online នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាបានឱ្យដឹងថា ក្នុងសម័យកាលរីកចម្រើន ការចុះឈ្មោះ ចូលរួមប្រកួតគេលែងធ្វើតាមរបៀបជិះឡានពីខេត្តមកដាក់ពាក្យនៅគណៈកម្មការទទួលពាក្យនៅភ្នំពេញហើយ ព្រោះវាអស់សោហ៊ុយច្រើននិងខាតពេលវេលា គឺគេធ្វើតាមប្រព័ន្ធសារអេឡិចត្រូនិកតែម្ដងដើម្បីភាពងាយស្រួល និងចំណេញពេលវេលា។
គណៈកម្មការរៀបចំការប្រកួតកីឡាជាតិ គឺជាការសហការគ្នារវាងក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធជាតិទាំង ១៤ ដែលមានឈ្មោះក្នុងការប្រកួត។ សហព័ន្ធជាតិទាំង ១៤ ក៏ជាអ្នកទទួលខុសត្រូវរៀបចំបទបញ្ជារួម និងបទបញ្ជាបច្ចេកទេសដែរ។
ពេលនេះក្រុមដែលចុះឈ្មោះចូលរួមប្រកួតមានបាល់ទាត់បុរស ២៤ ក្រុម និងនារី ១០ ក្រុម។ ផ្នែកបាល់ទះបុរស ១៩ ក្រុម នារី ១១ ក្រុម បាល់ទះឆ្នេរខ្សាច់ ៧ ក្រុម។ ផ្នែកបាល់បោះបុរស ១៤ ក្រុម នារី ៨ ក្រុម។ អត្តពលកម្មបុរសមាន ២៤ ក្រុម នារី ២៣ ក្រុម ។ ប្រភេទកីឡាប៉េតងបុរសមាន ១០ ក្រុម នារីមាន ៩ ក្រុម។ ប្រភេទកីឡាវាយសីបុរសមាន ១២ ក្រុម នារីមាន ៨ ក្រុម។
ចំណែកប្រភេទកីឡាវាយកូនបាល់បុរសមាន ៧ ក្រុមនារីមាន ៥ ក្រុម។ កីឡាវាយកូនឃ្លីលើតុបុរសមាន ៧ ក្រុមនារីមាន ៤ ក្រុម។ កីឡាចំបាប់បុរសមាន ៥ ក្រុម នារីមាន ៤ ក្រុម។ តេក្វាន់ដូ W.T.F បុរសមាន ៧ ក្រុម នារីមាន ៧ ក្រុម ។ ហែលទឹកបុរសមាន ៤ ក្រុម នារីមាន ៤ ក្រុម។ ប្រភេទកីឡាល្បុក្កតោបុរសមាន ៤ ក្រុម នារីមាន ៤ ក្រុម កាយសម្ព័ន្ធបុរសមាន ៤ ក្រុម នារី ៤ ក្រុម។
រីឯប្រដាល់ក្បាច់គុនបូរាណខ្មែរបុរសមាន ១៧ ក្រុមនារីមាន ៧ ក្រុម និងប្រដាល់សាកលបុរសមាន ១៦ ក្រុម នារីមាន ៥ ក្រុម សរុបទាំងអស់មាន ២៩៥ ក្រុមដែលបានចុះឈ្មោះចូលរួមប្រកួតរួចហើយ៕
