ហេតុអ្វីបានជាចុងបញ្ចប់ ប្រិយមិត្តកាំភ្លើងធំ Arsenal ចេះតែត្រូវស្រក់ទឹកភ្នែកទាំងសោកស្តាយដូច្នេះអ៊ីចឹង?
ក្នុងខែកក្កដា អ្នកគាំទ្រកាំភ្លើងធំដែលមានទឹកចិត្តដ៏មុះមត់ម្នាក់បានបង្ហាញទំនុកចិត្តដ៏ខ្ពស់ថា Arsenal នឹងចុះហត្ថលេខាទិញយកតារាឆ្នើមប្រចាំកញ្ជ្រោង Leicester City កីឡាករ Riyad Mahrez ក្នុងឯកសណ្ឋានលេខ ២៦របស់កាំភ្លើងធំមួយជាមួយនឹងឈ្មោះតារាបាល់ទាត់អន្តរជាតិអាល់ហ្សេរីរូបនេះនៅពីក្រោយអាវដ៏ហំហួន។
ខ្សែបម្រើប្រយុទ្ធស្លាបវ័យ ២៥ឆ្នាំរូបនេះគឺជាតួឯកដ៏លេចធ្លោបំផុតដែលជួយឱ្យ Leicester លើកពានកាលពីរដូវកាលមុន ប៉ុន្តែគាត់ទទួលស្គាល់កាលពីដើមសប្តាហ៍នេះថា គាត់ងត្រូវក្លឹបពីរឬបីល្បួងឱ្យចាកចេញពីកញ្ជ្រោង។
Asad Balal ជាប្រិយមិត្តម្នាក់ដែលព្យាយាមខាំមាត់សង្កត់ចិត្តជាមួយកាំភ្លើងធំក្នុងចំណោមប្រិយមិត្តដទៃទៀត បានបង្ហាញទំនុកចិត្តដ៏អង់អាចថា Arsene Wenger នឹងមានសមត្ថភាពនាំតារាបាល់ទាត់រូបនេះមកកាន់ទឹកដី Emirates បាន និងថែមទាំងបានអះអាងថាមានព័ត៌មានផ្ទៃក្នុងអំពីការផ្ទេររបស់កីឡាករអាល់ហ្សេរីរូបនេះមកកាន់ភាគខាងជើងក្រុងឡុងដ៍ទៀតផង។
ទោះជាយ៉ាងណាក្តី Balal បានរងនូវការអាម៉ាស់យ៉ាងខ្លាំងកាលពីថ្ងៃពុធ បន្ទាប់ពី Mahrez បានចុះកិច្ចព្រមព្រៀងរយៈពេលបួនឆ្នាំថ្មីជាមួយកញ្ជ្រោង ហើយគាត់បានប្រញាប់ប្រញាល់ប្រើប្រាស់បណ្តាញសង្គម Twitter ដើម្បីដាក់អាវ Arsenal លេខ ២៦របស់គាត់លក់ មុនពេលដែលគាត់បានលុបវាចោល ដោយនិយាយថាគាត់បានផ្ញើទៅឱ្យហាងលក់អាវសប្បុរសធម៌ហើយ។
មានប្រិយមិត្តកាំភ្លើងធំរូបណាចង់បានវាដែរទេ?៕
