ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតបានស្លាប់ភ្លាមៗ ដោយសារពួកគាត់ទាំង២នាក់ ជិះម៉ូតូទៅបុករថយន្តធុនធំមួយគ្រឿងនៅចំណុចស្កុបណតប្រ៊ីត ហើយអ្នកបើករថយន្តបានរត់បាត់មិននៅទទួលខុសត្រូវ។
គ្រោះថ្នាក់នេះ កើតឡើងកាលវេលាម៉ោង៣ និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំនុចស្តុបណតប្រ៊ីជស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នាមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FZ- 0581 ជិះលឿនដូចហោះតាមផ្លូវ2004ក្នុងទិសដៅពីលិចទៅកើត។
លុះមកដល់ចំនុចកើតហេតុស្រាប់តែមានរថយន្តដឹកទំនិញធន់ធំមួយគ្រឿងបើកបរតាមផ្លូវណតប្រ៊ីតក្នុងទិសដៅពីជើងទៅត្បូងដល់ចំណុចស្កុបក៌ត្រូវបានម៉ូតូរងគ្រោះបុកចំចំហៀងខាងឆ្វេងបណ្ដាលឱ្យជនរងគ្រោះម្នាក់ដែលជាអ្នកឌុបបោកផ្ទប់នឹងរថយន្តបែកក្បាយធ្លាយស្លាប់ភ្លាមៗ។
ចំណែកម្នាក់ទៀតរងដែលនៅពីក្រោយរបួសធ្ងន់រីឯម៉ូតូខូចខាតមួយកំណាត់មុខទាំងស្រុង។ក្រោយមកអ្នកបើករថយន្តខាងលើបានបើករត់គេចពីកន្លែងកើតហេតុបាត់នៅសល់តែជនរងគ្រោះទាំងពីរនាក់ម្នាក់ដេកស្លាប់ និងម្នាក់ទៀតត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សពដែលស្លាប់ខាងលើឈ្មោះ ចាន់ ថូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅផ្ទះជួលម្ដុំមន្ទីរពេទ្យរុស្សី មានស្រុកកំណើតភូមិថ្នល់ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំនិងម្នាក់ទៀតដែលរងរបួសធ្ងន់ជិះពីក្រោយមានឈ្មោះ សុទ្ធ ពុទ្ធា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលជាមួយគ្នា
ស្រុកកំណើតជាមួយគ្នា។
បើតាមប្រភពពីមិត្តភក្ដិជនរងគ្រោះដែលជិះម៉ូតផ្សេងទៀតបានឱ្យដឹងថា ជនរងគ្រោះទើបតែចេញពីលេងផ្ទះមិត្តភក្ដិនៅម្ដុំពោធិ៍ចិនតុងហើយក្រោយមកជិះម៉ូតូបំណងត្រឡប់ទៅផ្ទះជួលវិញ ក៏ត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍តែម្ដងទៅ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានជំនាញបានទៅដល់កន្លែងកើតហេតុពិនិត្យ និងធ្វើឯកសារប្រគល់សពឱ្យទៅសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
