adverise with khmeread 1

បុរសជនជាតិបរទេសស្រវឹងស្រាបំផ្លាញទ្រព្យសម្បត្តិក្នុងសណ្ឋាគារលុច្ស

    ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​ស្រវឹងស្រា​ជោកជាំ វាយបំផ្លាញ​ទ្រព្យសម្បត្តិ​នៅក្នុង​សណ្ឋាគារ​លុ​ច្ស​ដេញ​វាយ​បុគ្គលិក និង​អ្នកដំណើរ​តាម​ដងផ្លូវ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​សណ្ឋាគារ​លុ​ច្ស តាម​បណ្តោយ​ផ្លូវ​លេខ​១៣៦ ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ ។​
    បើតាម​ប្រភពព័ត៌មាន​ពី​បុគ្គលិក​បម្រើការ​ក្នុង​សណ្ឋាគារ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គឺ​ជនជាតិ​បរទេស​ពុំទាន់​ស្គាល់ឈ្មោះ​ខាងលើ បាន​ជិះ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ បាន​ចូលទៅ​សួរ​តម្លៃ​បន្ទប់​ដើម្បី​សម្រាក ។​
    ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច​ជនជាតិ​បរទេស​រូបនោះ បាន​ស្រែក​ឡូឡា​ហើយ​វាយ​បោកប្រាស់​របស់របរ និង​ទ្រព្យសម្បត្តិ​ក្នុង​សណ្ឋាគារ ថែមទាំង​ដេញ​វាយ​បុគ្គលិក​ដទៃទៀត ហើយ​រត់​ចេញមកក្រៅ​ដេញ​វាយ​គេឯង បណ្តាលឱ្យ​រទេះ​លក់​សាច់គោ​អាំង និង​ប្រហិត​បែកខ្ចាយ​ពេញ​ផ្លូវ បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។​
    ប្រភព​បន្តថា ឃើញ​ដូច្នេះ​អ្នករត់ម៉ូតូឌុប និង​អ្នក​នៅ​ជិត​កន្លែងកើតហេតុ​បាននាំគ្នា​មកឃាត់​ជាច្រើន​នាក់ ហើយ​ធ្វើ​ការចរចា​ដើម្បី​សង​សំណង នូវ​រាល់​របស់របរ​ដែល​ខូចខាត ដោយបាន​សង​ថ្លៃ​ខូចខាត​ទៅខាង​រទេះ​លក់​សាច់គោ និង​ប្រហិត ចំនួន​៥០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​។​
     ចំណែក​ទ្រព្យសម្បត្តិ​នៅក្នុង​សណ្ឋាគារ​បុរស​ជនជាតិ​បរទេស​ក៏​ធានា​ចេញសង ប៉ុន្តែ​អ្នក​បម្រើការ​ក្នុង​សណ្ឋាគារ ឱ្យ​រង់ចាំ​ជួប​ម្ចាស់​សណ្ឋាគារ​ទើប​សម្រេច​ថា​ត្រូវ​សង​ក្នុងតម្លៃ​ប៉ុន្មាន ៕​

adverise with khmeread

មតិយោបល់