ក្រុមរុករកកំពុងតាមស្វែងរកមើលក្នុងរូងភ្នំដ៏ជ្រៅក្នុងព្រៃមួយនៅស្រុកមែសៃ (Mae Sai) បន្ទាប់ពីអ្នកទេសចរម្នាក់ ដែលគេជឿថាអាចជាជនជាតិចិនឬជប៉ុន បានចូលទៅក្នុងនោះអស់មួយសប្តាហ៍មកហើយដើម្បីតាំងសមាធិ ប៉ុន្តែមិនបានវិលត្រឡប់មករកកង់របស់គាត់វិញទេ។ នេះបើតាមវេបសាយ Bangkok Post ចេញផ្សាយថ្ងៃទី ១៨ សីហា។
ប៉ូលិស មន្ត្រីឧទ្យាន និង ក្រុមអ្នកសង្គ្រោះស្ម័គ្រចិត្តមកពីទីភ្នាក់ងារផ្សេងៗបានរួមគ្នាស្វែងរកបុរសបាត់ខ្លួន ដែលគេជឿថាមានអាយុចន្លោះ ៥០ ទៅ ៦០ ឆ្នាំ។ ពួកគេបានរុករកមើលជ្រៅនៅក្នុងរូងភ្នំសៃថោង (Saithong) ជារូងភ្នំមួយក្នុងចំណោមរូងភ្នំជាច្រើននៅក្នុងព្រៃ Tham Luang-Khun Nam Nang Non ក្នុងតំបន់ប៉ុងប៉ា (Pongpa)។
មេប៉ូលិសស្រុងមេសៃ លោកវរសេនីយឯក Songkrit Ontrakrai បាននិយាយថា លោកបានបញ្ជាឱ្យធ្វើការស្វែងរក បន្ទាប់ពីអ្នកស្រុក និងអ្នកលក់វត្ថុអនុវស្សាវរីយ៍បានជូនដំណឹងទៅមន្ត្រីឧទ្យានថា បុរសម្នាក់បានចូលក្នុងរូងភ្នំកាលពីថ្ងៃទី ១២ ខែសីហា និងពុំបានវិលត្រឡប់មកវិញទេ។
បុរស ដែលនិយាយភាសាថៃប៉ៃឡាំរូបនេះ បានចតកង់របស់គាត់នៅក្រោមដើមឈើក្បែរតូបលក់អីវ៉ាន់មួយ និងសុំឱ្យអ្នកលក់ជួយមើលកង់នោះផងព្រោះគាត់ចូលទៅរូងភ្នំដើម្បីតាំងសមាធិបីបួនថ្ងៃ។
អ្នកទេសចរ ដែលស្ពាយកាបូបក្រោយខ្នងរូបនោះ មិនបានបង្ហាញខ្លួនវិញទេ ដូច្នេះហើយទើបមន្ត្រីឧទ្យានជូនដំណឹងទៅប៉ូលិសឱ្យជួយស្វែងរកគាត់។
ពួកអ្នករុករកបានចូលរូងភ្នំនោះជម្រៅប្រមាណ ៨០០ ម៉ែត្រកាលពីថ្ងៃព្រហស្បតិ៍ប៉ុន្តែនៅតែមិនអាចរកគាត់ឃើញ៕
ប្រភព៖ bangkokpost
