ប្រសិនបើលោកអ្នកទស្សនាការលោតទឹករបស់អត្តពលិកឆ្នើមៗនៅព្រឹត្តិការណ៍អូឡាំពិក នោះលោកអ្នកនឹងដឹងថាតើពួកគេធ្វើបានល្អប៉ុនណា ប៉ុន្តែលោកអ្នកក៏គួរគិតម្តងទៀតប្រសិនបើចង់លោតទឹកដូចអត្តពលិកអាជីពទាំងនោះ។
យុវជនម្នាក់មកពីទីក្រុង Yingtan ខេត្តជាំងស៊ី ប្រទេសចិន បានរងរបួសធ្ងន់ធ្ងរបន្ទាប់ពីព្យាយាមលោតទឹកដូចនៅអូឡាំពិកនៅកម្ពស់ ២៥ ម៉ែត្រពីលើស្ពាន។
វីដេអូឃ្លីបមួយបានល្បីពាសពេញបណ្តាញសង្គមចិន Weibo ដោយបង្ហាញបុរសវ័យ ១៧ ឆ្នាំម្នាក់ឈរនៅលើបង្កាន់ដៃស្ពានមុននឹងរូបគេលោតចូលទន្លេទាំងភ្នែន ដែលទង្វើនេះបានធ្វើឱ្យទឹកខ្ចាយយ៉ាងខ្លាំង។
ការធ្វើចលនាដោយមិនមានការប្រុងប្រយ័ត្ន បានធ្វើឱ្យរូបគេដេកពេទ្យដោយសារបាក់ឆ្អឹងខ្នងមួយចំនួន និងរបួសដល់សួតទៀតផង។
ទោះយ៉ាងណា ការលោតចូលទឹកហាក់ដូចជាងាយស្រួលខ្លាំងណាស់សម្រាប់អត្តពលិកអាជីព ប៉ុន្តែនេះក៏ដោយសារការខិតខំប្រឹងប្រែងហ្វឹតហាត់ជាច្រើនឆ្នាំដែរ។ ហើយអត្តពលិកទាំងនោះត្រូវបានអនុញ្ញាតឱ្យលោតមិនឱ្យលើស ១០ ម៉ែត្រនៅក្នុងការប្រកួតប្រជែងលំដាប់ថ្នាក់អន្តរជាតិនោះឡើយ៕
