adverise with khmeread 2

ស្រវឹងស្រាបើករថយន្តបត់លឿនបុកអ្នកលក់សណ្តែកដីរបួស៣នាក់

     ភ្នំពេញ ៖ បុរស​និង​ក្មេង​តូច​ម្នាក់​បាន​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ និង​ស្ត្រី​ម្នាក់ទៀត​ជា​អ្នកលក់​សណ្តែកដី​រងរ​បួស​ស្រាល ខណ​:​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ហើយ​ត្រូវ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​ហាយ​ប្រ៊ី​ដ​ក្នុង​ល្បឿន​លឿន​បត់​ក៏​បុក​ពេញទំហឹង​។​
    គ្រោះថ្នាក់​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​អាគារ​បូ​ដិញ តាម​បណ្តោយ​ផ្លូវ​សុធារស កែង​ផ្លុ​វ​លេខ​២៩៤ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​
    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​និង​ស្ត្រី​រួមជាមួយ​កូនតូច​ម្នាក់ បាន​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ឌុប​គ្នា​មកពី​លក់​សណ្តែកដី តាម​បណ្តោយ​ផ្លូវ​សុធារស ទិសដៅ​ពី​ជើង​ទៅ​ត្បូង ។​
     ខណ​:​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ហាយ​ប្រ៊ី​ដ ពណ៌​ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-0069 បើកបរ​ដោយ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ទៀត​រួម​ដំណើរ​ជាមួយ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា​ជោកជាំ​បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន ។​
     លុះដល់​ចំណុច​ខាងលើ​ក៏​បត់​ឆ្វេង​បំណង​ទៅ​ផ្លូវ​លេខ​២៩៤ ក៏បាន​បុក​ម៉ូតូ​ពេញទំហឹង បណ្តាលឱ្យ​បុរស​និង​កូនតូច​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ស្ត្រី​ម្នាក់ទៀត​របួសស្រាល ។​
    ប្រភព​បន្តថា ក្រោយមក​បុរស​អ្នកបើករថយន្ត​បង្ក​បាន​ទំនាក់ទំនង​ទៅ​មិត្ត​ភក្ត្រ​ឱ្យមក​ជួយ​អន្តរាគមន៍ និង​បាន​យក​រថយន្ត​សេរី​ទំនើប ម៉ាក​ឡិច​ស៊ី​ស ៥៧​ពណ៌​សស ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-6699 ហើយ​បាន​ឡើង​រថយន្ត​បំណង​គេចខ្លួន តែ​ត្រូវបាន​សមត្ថកិច្ច​ដេញ​ឃាត់​មកវិញ​នៅ​ចំណុច​ស្តុ​ប​ចំការមន ដើម្បីឱ្យ​ពិនិត្យ​ជាតិ​ស្រវឹង និង​ដោះស្រាយ​តាម​នីតិវិធី ។​
    ក្រោយមក​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក និង​ម៉ូតូ​ដែល​រង​ការខូចខាត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ៕​

adverise with khmeread

មតិយោបល់