កណ្តាល ៖ បុរសម្នាក់ត្រូវប៉ូលិសឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពលួចបេះផ្លែស្វាយនៅថ្ងៃទី១៧ សីហា ឆ្នាំ២០១៦ វេលាម៉ោង១០ និង៣០នាទីយប់ចំណុចភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយត្រូវបានអ្នកស្រុកចាប់បាននៅព្រឹកថ្ងៃទី១៨ សីហា។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ អ៊ី វិចិត្រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
ចំណែកជនរងគ្រោះឈ្មោះ សំ វណ្ណឌី ភេទប្រុស អាយុ៤៨ឆ្នាំជនជាតិខ្មែរ ទីលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាលមុខរបរ កសិករ។ វត្ថុតាងចាប់យកផ្លែស្វាយខ្ចី០១បាវ និងកង់០១គ្រឿង។
ប៉ូលិសបន្តថា កន្លងមកជនរងគ្រោះនិងប្រជាពលរដ្ឋក្នុងភូមិជាអ្នកមានចម្ការស្វាយបានបាត់ផ្លែស្វាយជាបន្តបន្ទាប់។ លុះដល់ថ្ងៃកើតហេតុ បាននាំគ្នាយាម និងតាមដានឃើញជនសង្ស័យធ្វើសកម្មភាពបេះផ្លែស្វាយ ក៏នាំគ្នាពទ្ធ័ចាប់តែជនសង្ស័យដឹងខ្លួន ក៏បានរត់គេចខ្លួនបាត់។
លុះដល់ថ្ងៃទី១៨ សីហា ២០១៦ វេលាម៉ោង១០ និង១០នាទីជនរងគ្រោះឃើញជនសង្ស័យនៅផ្ទះក៏ប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកំពង់ស្វាយឃាត់ខ្លួនមកប៉ុស្តិ៍ដើម្បីធ្វើការ សាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនបានធ្វើសកម្មភាពលួច បេះផ្លែស្វាយរបស់ជនរងគ្រោះ និងអ្នកភូមិយកទៅលក់ប្រាកដមែន។ ករណីនេះផ្នែកជំនាញកំពុង បន្ដចាត់ការ តាមនីតិវិធី៕
