តាមវេបសាយ Daily Mail កាលពីថ្ងៃព្រហស្បតិ៍ លោក គីម ជុងអ៊ុន បានព្រមានថា លោកនឹងបំផ្លាញមូលដ្ឋានទ័ពអាមេរិកទាំងអស់នៅទូទាំងទ្វីបអាស៊ី ប្រសិនបើអាមេរិកចាប់វិធានការឆ្កួតៗនោះ។
គីម ជុង អ៊ុនព្រមានបែបនេះ ស្របពេលដែលកងទ័ពអាមេរិកនៅតំបន់នេះត្រៀមខ្លួនធ្វើសមយុទ្ធយោធាប្រចាំឆ្នាំជាមួយកូរ៉េខាងត្បូង។
ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-1 ទៅកាន់មូលដ្ឋានកងទ័ពអាមេរិកនៅកោះ Guam នៅសមុទ្រប៉ាស៊ីហ្វិច។ ចំណាត់ការនេះបានធ្វើឱ្យមេដឹកនាំកូរ៉េខាងជើង គីម ជុង អ៊ុន ក្តៅក្រហាយជាខ្លាំង។
កូរ៉េខាងជើងបានព្រមានថា “ក្នុងករណី សហរដ្ឋអាមេរិកហ៊ានចាត់វិធានការឆ្កួតៗណាមួយនោះ មូលដ្ឋានកងទ័ពអាមេរិកទាំងអស់នៅតំបន់សមុទ្រប៉ាស៊ីហ្វិច រួមទាំងកោះ Guam នឹងមិនរួចផុតពីការបំផ្លាញដោយការវាយប្រហារដ៏ខ្លាំងក្លារបស់កងទ័ពរបស់យើងឡើយ”។
កូរ៉េខាងជើងបានចោទអាមេរិកថាបានរៀបចំផែនការវាយប្រហារដោយអាវុធនុយក្លេអ៊ែរជាមុន បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសថាខ្លួននឹងបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-1 ទៅតំបន់ប៉ាស៊ីហ្វិចជាលើកទីមួយក្នុងរយៈពេល ១០ ឆ្នាំមកនេះ៕
