នេះគឺជាព្រឹត្តិការណ៍មិនធ្លាប់ឃើញពីមុនមកនោះឡើយនៅលើទីលានរត់ប្រណាំងកីឡាអូឡាំពិក ដែលក្រុមអត្តពលិកនារីតំណាងឱ្យអាមេរិកសម្រាប់វិញ្ញាសារត់បណ្តាក់ ១០០ ម៉ែត្របួនជុំ ត្រូវបានផ្តល់ឱកាសឱ្យរត់លើកទីពីរនៅវគ្គជម្រុះក្នុងទីក្រុងរីយ៉ូ បន្ទាប់ពីពួកគេបានជ្រុះវគ្គដំបូងរបស់ពួកគេនៅដើមការប្រកួតជម្រុះកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ក្រុមអាមេរិកដាក់ញ្ញត្តិសុំរត់ម្តងទៀត បន្ទាប់ពីសមាជិកម្នាក់ឈ្មោះ Allyson Felix បានអះអាងថាអត្តពលិកតំណាងឱ្យប្រេស៊ីលម្នាក់បានជល់កែងដៃមកលើនាង ខណៈដែលនាងបម្រុងបញ្ជូនដំបងទៅមិត្តរួមក្រុមខ្លួន English Gardner នៅជុំទីបី។
សមាគមសហព័ន្ធកីឡាអត្តពលកម្មអន្តរជាតិ ហៅកាត់ IAAF បានឈរនៅខាងអត្តពលិកអាមេរិក ហើយបន្ទាប់មកនៅម៉ោងជាង ៧ល្ងាចម្សិលមិញនៅប្រេស៊ីល អត្តពលិកបួននាក់នេះបានដើរទៅកាន់ទីលានរត់ប្រណាំងឡើងវិញដើម្បីចាប់ផ្តើមស្វែងរកចំណាត់ថ្នាក់របស់ខ្លួនម្តងទៀត។
ទោះជាយ៉ាងណាក្តី នៅទីបំផុតក្រុមអត្តពលិកនារីមួយក្រុមនេះបានឈ្នះការប្រកួតដោយងាយស្រួលជាមួយនឹងការសម្រេចថេរវេលា ៤១,៧៧វិនាទី៕
១. អាមេរិក - ៤១,៧៧ វិនាទី (បន្ទាប់ពីរត់ប្រណាំងឡើងវិញ)
២. ចាម៉ៃកា - ៤១,៧៩ វិនាទី
៣. ចក្រភពអង់គ្លេស - ៤១,៩៣ វិនាទី
៤. អាល្លឺម៉ង់ - ៤២,១៨ វិនាទី
៥. អ៊ុយក្រែន - ៤២,៤៩ វិនាទី
៦. នីហ្សេរីយ៉ា - ៤២,៥៥ វិនាទី
៧. ទ្រីនីដាដ និងតូបេកូ - ៤២,៦២ វិនាទី
៨. កាណាដា - ៤២,៧០ វិនាទី
៩. ចិន - ៤២,៧០ វិនាទី៕
ប្រភព៖ ដេលីមែល
