ប្រេស៊ីល៖ កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី នឹងត្រូវប្រកួតជាមួយកីឡាការិនីមកពីប្រទេសហូល្លង់ Reshimie Oogink សម្រាប់ការប្រកួតវគ្គជម្រុះបឋម លើប្រភេទទម្ងន់ ៦៧ គីឡូក្រាមនៃព្រឹតិ្តការណ៍កីឡាកម្រិតពិភពលោកអូឡាំពិកហ្គេមនៅវេលាម៉ោង ១៣ រសៀលនៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ត្រូវនឹងម៉ោង ១១ យប់ ថ្ងៃស្អែកម៉ោងនៅប្រទេសកម្ពុជា នៅថ្ងៃទី ២០ ខែសីហា ដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសអាចទស្សនាបានតាមរយៈទូរទស្សន៍ក្នុងស្រុករស្មីហង្សមាស។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលបន្ទុកនាយបេសកកម្មរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប្រេស៊ីលនេះ បានឱ្យដឹងថា សម្រាប់កម្ពុជាដែលលេងលើ ៦ ប្រភេទវិញ្ញាសានោះ គឺយើងបានប្រកួតអស់ ៤ វិញ្ញាសាហើយៗនៅសល់តែ២វិញ្ញាសាទៀតប៉ុណ្ណោះ គឺតេក្វាន់ដូ ប្រកួតដោយកីឡាការិនី ស៊ន សៀវម៉ី និងរត់ម៉ារ៉ាតុងបុរសប្រកួតដោយកីឡាករ នី កូ នាថ្ងៃទី ២០ និង ២១ ខែសីហា។
លោកបន្តថា ចំពោះ ស៊ន សៀវម៉ី បានបន្តការហ្វឹកហាត់នៅរីយ៉ូចាប់តាំងទៅដល់ភ្លាមកាលពីចុងខែមុខដើម្បីរក្សានូវថាមពលកម្លាំងឲ្យនៅរឹងមាំដដែល ក៏ដូចជាផ្សាំទៅនឹងអាកាសធាតុនៅទីនោះផងដែរ។
ស៊ន សៀវម៉ី បានត្រៀខ្លួនរួចរាល់សម្រាប់ការប្រកួតនៅវគ្គជម្រុះដំបូងជាមួយកីឡាការិនី Reshimie Oogink។ វគ្គជម្រុះបឋមនេះ មានកីឡាការិនីសរុបចំនួន ១៦ រូប ហើយកីឡាការិនីដែលឈ្នះៗនឹងបន្តការប្រកួតជាមួយនឹងកីឡាការិនីដែលឈ្នះៗដូចគ្នានៅជុំទី ២ រហូតដល់ជុំផ្តាច់ព្រ័ត្រ ពោលគឺកីឡាការិនីណាដែលឈ្នះ ៤ ប្រកួត នឹង ត្រូវឈានដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស។
គូប្រកួតរបស់ ស៊ន សៀវម៉ី គឺកីឡាការិនី Reshimie Oogink មានអាយុ ២ ៦ឆ្នាំ កម្ពស់ ១,៧៩ ម៉ែត្រ ជាជើងខ្លាំងមកពីហុល្លង់ ហើយជាម្ចាស់ជើងឯកតេក្វាន់ដូអឺរ៉ុបឆ្នាំ២០០៥ ហើយមានបទពិសោធន៍ជាច្រើនក្នុងព្រឹត្តិការណ៍អន្តរជាតិដូចជាធ្លាប់ឈ្នះមេដាយមាស ៦ ដង រួមមាន Dutch Open 2006, German Open 2006 , French Open 2008 , British Open 2009, German Open 2012 និង Dutch Open 2012 ដោយធ្លាប់ប្រកួតបាន ១២០ ប្រកួត ឈ្នះបាន ៧៧ ប្រកួត។
ចំពោះចំណាត់ថ្នាក់ក្នុងអូឡាំពិកហ្គេម កីឡាការិនី Reshmie Oogink មានចំណាត់ថ្នាក់លេខ ៥ រីឯ ស៊ន សៀវម៉ី ចំណាត់ថ្នាក់លេខ ៣៣ ក្នុងចំណាត់ថ្នាក់អូឡាំពិក។ ស៊ន សៀវម៉ី ក្នុងតំបន់អាស៊ី ជាង៤០ប្រទេសនោះ មានតែគូប្រកួតពី ៣ ទៅ ៤ នាក់ប៉ុណ្ណោះជាឧបសគ្គរបស់នាង។
ស៊ន សៀវម៉ី ជាកីឡាការិនីតែមួយរូបគត់របស់កម្ពុជា ដែលបានឆ្លងកាត់ការប្រកួតជម្រុះទ្វីបអាស៊ីនៃព្រឹត្តិការណ៍កីឡាអូឡាំពិក ២០១៦ នេះ ហើយសៀវម៉ី ក៏ជាម្ចាស់មេដាយមាសទ្វីបអាស៊ី កាលពីពេលកន្លងទៅដែរ៕
