adverise with khmeread 1

អ្នកជំនាញ​កីឡា​កាយសម្ព័ន្ធ​ជប៉ុន​មកជួយ​បណ្តុះបណ្តាល​គ្រូបង្វឹក​កម្ពុជា​

​    ​ភ្នំពេញ​៖ អ្នកជំនាញការ​ខាង​កីឡា​កាយសម្ព័ន្ធ​សញ្ជាតិ​ជប៉ុន​មកពី​អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ OS និង​ជា​ជំនួយការ​គ្រូបង្វឹក​កីឡា​កាយសម្ព័ន្ធ​ប្រចាំ​សាកលវិទ្យាល័យ Teiyo របស់​ប្រទេស​ជប៉ុន​បាន​មកជួយ​បណ្តុះបណ្តាល​គ្រូបង្វឹក​កាយសម្ព័ន្ធ​រប​ស់​កម្ពុជា ក្នុងទិសដៅ​ចម្បងៗ​សម្រាប់​អភិវឌ្ឍ​វិស័យ​កីឡា​ជំនាញ​មួយ​នេះ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ជាពិសេស​គឺជា​ការរៀប​ចំ​ខ្លួន​ដ៏​ល្អ​មួយ​ផងដែរ​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍​កីឡា ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍​ស៊ី​ហ្គេម លើក​ទី ៣២ នា​ឆ្នាំ ២០២៣ ខាងមុខ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​    ​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​មានប្រសាសន៍ថា នេះ​វា​ជា​វគ្គ​សិក្សា​មួយ​មាន​សារៈសំខាន់​ណាស់​ដើម្បី​ជួយ​អភិវឌ្ឍ​បន្ថែម និងពង្រឹង សមត្ថភាព​របស់​កីឡា​កាយសម្ព័ន្ធ​សម្រាប់​ការឈានទៅរក​ការធ្វើការ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី ៣២ នា​ឆ្នាំ ២០២៣​។

​    ​លោក​ជឿជាក់​យ៉ាង​មុតមាំ​ថា គ្រូបង្វឹក​ទាំងអស់​នឹង​នាំយក​បទពិសោធន៍​ទាំង​អស់ពី​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ដោយផ្ទាល់​ទៅ​ជួយ​បង្ហាត់​បន្ត​ដល់​កីឡាករ កីឡាការិនី​នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន​ដើម្បី​ពង្រឹង​បច្ចេកទេស និង​កម្រិត​សមត្ថភាព​ឲ្យ​កាន់​ខ្ពស់ៗ​បន្ថែមទៀត​ដើម្បី​សម្រេច​ទិសដៅ​ចម្បងៗ​នា​ថ្ងៃ​អនាគត​។​

​    ​លោក​អគ្គលេខាធិការ​រូបនេះ​អះអាងថា បន្ទាប់ពី​វគ្គ​បណ្តុះបណ្តាល​នេះ​ទៅ ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នឹង​រៀប​វគ្គ​បណ្តុះបណ្តាល​ជាច្រើន​ទៀត ដើម្បី​ពង្រឹង សមត្ថភាព​កីឡាករ កីឡាការិនី ក៏ដូចជា​គ្រូបង្វឹក​ឱ្យ​កាន់តែ​រីកចម្រើន ដើម្បី​ឲ្យ​ស្របតាម​ផែនការមេ​ស៊ី​ហ្គេម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​

​    ​នេះ​ជា​លើក​ទី ៣ ហើយ​ដែល​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​បើក​វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​នេះ​។ ជាមួយនឹង​ការបង្ហាញ​បទពិសោធន៍​ក្នុងឋានៈ​ជា​គ្រូឧទ្ទេស លោក Munehiro Kugimiya ប្តេជ្ញាចិត្ត​ថា លោក​នឹង​ចែករំលែក​បទពិសោធន៍​ល្អៗ ដែល​ខ្លួន​ធ្លាប់​ឆ្លងកាត់​ការ​បង្វឹក និង​ចូលរួម​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ជាពិសេស​បទពិសោធន៍​នៃ​ការចូលរួម​កីឡា​អូឡាំពិក ជូន​ដល់​សិក្ខាកាម​ទាំងអស់​ដើម្បី​រួមចំណែក​លើកកម្ពស់ វិស័យ​កីឡា​កាយសម្ព័ន្ធ នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​នេះ​ឲ្យ​ឈានទៅរក​កម្រិត​បច្ចេកទេស​កាន់តែ​ប្រសើរឡើង ។

​    ​សូមបញ្ជាក់ថា វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក ស្តីពី​គ្រូបង្វឹក​កាយសម្ព័ន្ធ​នេះ​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡា កាយសម្ព័ន្ធ​កម្ពុជា សហការ​ជាមួយ​គណៈ​ក​ម្មា ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ចាប់ពី​ថ្ងៃទី ១៨ ដល់ ២៥ ខែសីហា ដោយមាន​សិក្ខាកាម​ជា​គ្រូបង្វឹក​កាយ សម្ព័ន្ធ​ចំនួន ២៥ រូប មកពី​បណ្តា​ខេត្ត​នានា និង​រាជធានី​ភ្នំពេញ​៕​

adverise with khmeread

មតិយោបល់