កែប៖ ក្រុមកីឡាករ កីឡាការិនីទ្រីយ៉ាត្លុងជម្រើសជាតិកម្ពុជាបានបន្តបេសកកម្មហ្វឹកហាត់របស់ខ្លួននៅខេត្តកែបបន្តទៀត បន្ទាប់ពីបានបញ្ចប់ការហ្វឹកហាត់ នៅរាជធានីភ្នំពេញអស់រយៈពេល ៣ ខែកន្លងទៅនោះ។
លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានឱ្យដឹងថា ក្រោយធ្វើការប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិនៅ រាជធានីភ្នំពេញអស់រយៈពេល ៣ ខែកន្លងមកនោះ សហព័ន្ធបានរៀបចំការប្រកួតធ្វើតេស្តសមត្ថភាពអត្តពលិករបស់ខ្លួនរយៈពេល ៣ ថ្ងៃនៅទីរួមខេត្តកែប។
លោកបន្តថា ការប្រកួតធ្វើតេស្តនេះ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានដាក់ឈ្មោះថា Triathlon Training Camp 2016 ក្នុងទិសដៅបន្តពង្រឹងសមត្ថភាពពួកគេបន្ថែមទៀតដោយយកក្រុមជម្រើសជាតិរបស់ខ្លួនទាំង ១៣ នាក់មកប្រជែងគ្នាដណ្ដើមយកចំណាត់ថ្នាក់លេខ ១ លេខ ២ និងលេខ ៣។ បន្ទាប់ពីបានឆ្លងកាត់ការហ្វឹកហាត់ និងប្រមូលផ្ដុំតាមគោលការណ៍របស់ក្រសួងអប់រំយុវជន និង កីឡា អស់ ៣ ខែរួចមក។
អគ្គលេខាធិការរូបនេះបានឱ្យដឹងបន្ថែមថា ការប្រមូលផ្តុំហ្វឹកហាត់ និងប្រកួតធ្វើតេស្តនេះ គឺធ្វើក្នុងទិសដៅធំៗចំនួន ២ គឺដើម្បីត្រៀមប្រកួតកីឡាជាតិ National Game លើកទី ១ ឆ្នាំ ២០១៦ និងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ Sea Games 2017 នៅម៉ាឡេស៊ីផងដែរ។
សូមបញ្ជាក់ថា ការប្រកួតធ្វើតេស្តនេះ គឺធ្វើលើវិញ្ញាសាសម្រាប់បុរស ហែលទឹក ១៥០០ ម៉ែត្រ បូកជិះកង់ ៤០ គីឡូម៉ែត្រ និងបន្តរត់ចម្ងាយ ១០ គីឡូម៉ែត្រ។ ចំណែកផ្នែកនារី កីឡាការិនីត្រូវ ហែលទឹក ៧៥០ ម៉ែត្រ បូកជិះកង់ ២០ គីឡូម៉ែត្រ និងបន្តរត់ចម្ងាយ ៥ គីឡូម៉ែត្រ។ ក្នុងចំណោមអត្តពលិកជម្រើសជាតិទាំង ១៣ នាក់នោះមានស្រី ៦ នាក់៕
