ភ្នំពេញ ៖ តារាចម្រៀងដ៏ល្បីពេញនិយមរបស់កម្ពុជាមួយរូប គឺកញ្ញាឱក សុគន្ធកញ្ញា នឹងចូលរួមក្នុងមហោស្រពតន្រ្តី ចម្រៀងមិត្តភាពរវាង ចិន និង អាស៊ាន ដែលប្រព្រឹត្តធ្វើនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅប្រទេសចិននាពេលខាងមុខនេះ។
លោក គឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា (ទទក) បានជូនដំណឹងនៅថ្ងៃទី១៩ សីហានេះថា "តារាចម្រៀងដ៏ល្បីពេញនិយមរបស់កម្ពុជាមួយរូប គឺកញ្ញាឱក សុគន្ធកញ្ញា នឹងចូលរួមក្នុងមហោស្រពតន្រ្តី ចម្រៀង មិត្តភាពរវាង ចិន និង អាស៊ានដែលប្រព្រឹត្តធ្វើនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅក្រុង Hai Kou ខេត្តហៃ ណាន សាធារណរដ្ឋប្រជាមានិតចិន រៀបចំដោយវិទ្យុអន្តរជាតិចិន CRI"។
លោកអគ្គនាយកបន្តថា "នេះជាឆ្នាំទី ២ ហើយ ដែលតារាចម្រៀងល្បីរបស់កម្ពុជា ចូលរួមក្នុងមហោស្រពនេះនៅឆ្នាំ២០១៥ គឺយុវអ្នកចម្រៀង ម៉ា សុបញ្ញា បានចូលរួម។ អ្នកចម្រៀងល្បីៗពី អាស៊ានទាំង ១០ ប្រទេស និង អ្នកចម្រៀងល្បីៗរបស់ ចិន នឹងចូលរួមក្នុងព្រឹត្តិការណ៏នេះ"។
កញ្ញា ឱក សុគន្ធកញ្ញា បានឱ្យដឹងថា " រូបកញ្ញា នឹងសម្រាំងបទចម្រៀងថ្មី ដើម្បីយកទៅបង្ហាញក្នុងមហោស្រពដ៏សំខាន់មួយនេះ"។ ទ.ទ.ក នឹងធ្វើការចាក់ផ្សាយកម្មវិធីនេះនៅពេលបញ្ចប់មហោស្រព៕
