ពោធិ៍សាត់ ៖ មេក្លោងបងធំ ដែលដាក់រហស្សនាម ខ្លួនឯងថា "KNK" ឬឈ្មោះ "កូនអ្នកក្រ" អុកឡុកក្នុងក្រុងពោធិ៍សាត់ល្បីឈ្មោះកន្លងមក ត្រូវបានប៉ូលិសចាប់ខ្លួនហើយបានបញ្ជូនទៅតុលាការាថ្ងៃទី១៩ សីហានេះ។
ប៉ូលិសនិយាយថា ប៉ូលិសព្រហ្មទណ្ឌ ដឹកនាំដោយលោកវរៈសេនីយ៍ទោ ម៉ូ លីដា ប្រធានការិយាល័យប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាល បានចុះធ្វើការបង្ក្រាបចាប់បានមេក្លោង ក្រុមបង្កភាពអាណាធិបតេយ្យ អុកឡុកក្នុងពិធីផ្សេងៗ បញ្ជូនមកកាន់ការិយាល័យកណ្តាលប៉ូលិសព្រហ្មទណ្ឌដើម្បីចាត់ការតាមច្បាប់។
លោកវរៈសេនីយ៍ត្រី គុយ ញឿន នាយរងការិយាល័យប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឱ្យដឹងថា ជនសង្ស័យឈ្មោះ លី ស៊ូម៉េង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន នៅវេលាម៉ោង២ និង៤០នាទី រសៀលថ្ងៃទី១៧ពីបទបង្កហិង្សាដោយចេតនា នៅចំណុចហាងចាក់ខ្ចៅស្ថិតក្នុង ភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់ បណ្តាលជនរងគ្រោះឈ្មោះ ហនភេទប្រុស អាយុ២៤ឆ្នាំ រងរបួសបែកក្បាលដេរ៥ថ្នេរចាក់នឹងកូនសោត្រូវរបួសខ្នងជាច្រើនកន្លែង, ដើមទ្រូងមួយកន្លែង។ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។
លោក គុយ ញឿន បានបន្តថា ជនសង្ស័យឈ្មោះ លី ស៊ូម៉េង មុខរបរបិតតែមម៉ូតូនៅចំណុចច្រមុះផ្សារចាស់ ជាមេក្រុមបងធំដែលមានរហស្សនាមថា "KNK" ឬឈ្មោះ "កូនអ្នកក្រ" ដែលពួកគេបង្កើតដោយខ្លួនឯង ដោយមានសមាជិកចាប់ពី២០ ទៅ៥០នាក់ និងម៉ូតូចាប់ពី២០ ទៅ៣០គ្រឿង។
លោកបន្តថា ក្រុមនេះ ធ្លាប់ធ្វើសកម្មភាពវាយទៅលើយុវជនដែលមកពីស្រុកភ្នំក្រវ៉ាញបណ្តាលឱ្យរងរបួសម្តងរួចមកហើយ។មិនមែនតែយុវជន ដែលមកពីស្រុកភ្នំក្រវ៉ាញទេ ក្រុមនេះក៏ធ្លាប់ធ្វើសកម្មភាពវាយទៅលើ យុវជនមកពីស្រុកផ្សេងៗទៀតក្នុងខេត្តពោធិ៍សាត់ដែលពួកគេមិនចូលក្រុមជាមួយខ្លួន។ ក្រុមនេះធ្វើសកម្មភាពបង្ហោះម៉ូតូ ស្ទាក់វាយសិស្សសាលា ដែលធ្វើដំណើរតាមផ្លូវធ្វើប្រជាពលរដ្ឋមានភាពភ័យខ្លាច។
លោកវរៈសេនីយ៍ត្រី បានបន្តឱ្យដឹងទៀតថា កន្លងមកសមត្ថកិច្ចតាមប្រម៉ាញ់ក្រុមនេះច្រើនលើកច្រើនសាតែគ្មានភស្តុតាងដាក់បន្ទុក។ សមត្ថកិច្ចនៅបន្តតាមប្រម៉ាញ់រហូតដល់ថ្ងៃចាប់ខ្លួនជនសង្ស័យឈ្មោះ លី ស៊ូម៉េង និងរឹបអូសបានវត្ថុតាង ដំបងដែកខ្មៅមួយ ម៉ូតូហុងដា dream ពណ៌ខ្មៅមួយគ្រឿង និងតាមចាប់បក្ខពួកក្រុមនេះ ដែលរត់គេចខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់នាថ្ងៃនេះ៕
