adverise with khmeread 1

Nani លាតត្រដាងធាតុពិតដែលបានកើតឡើងនៅ Manchester United អំឡុងពេលខ្លួនលេងឱ្យក្លឹបយក្សនេះ

    ​អតីត​ខ្សែបម្រើ​ប្រយុទ្ធ​ស្លាប​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Luis Nani បាន​បង្ហើប​ពី​ការឡើង​កូដ និង​ចុះ​កូដ​របស់គាត់​ជាមួយនឹង​ជីវិត​នៅលើ​ទឹកដី Old Trafford កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​Nani វ័យ ២៩​ឆ្នាំ​ដែល​កាលពី​ថ្មីៗ​នេះ​បាន​ផ្ទេរ​ចេញពី​ក្រុម Fenerbahce ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ទៅកាន់​ក្លឹប​អេ​ស្ប៉ា​ញ Valencia រូបនេះ បាន​ចាក​ចេញពី​បិសាច​ក្រហម  Manchester United នៅលើ​កិច្ចព្រមព្រៀង​អចិន្ត្រៃយ៍​នៅ​អំឡុង​ការចាប់ផ្តើម​រដូវ​កាល ២០១៥/១៦ ដែល​ការ​ផ្ទេរចេញ​មួយ​នេះ​គឺមាន​តម្លៃ​ធ្លាក់​យ៉ាងខ្លាំង បើ​យោងទៅលើ​តម្លៃ ២២​លាន​ផោន ដែល Sir Alex Ferguson បាន​ចំណាយ​ទៅលើ​គាត់​សម្រាប់​រយៈពេល​ប្រាំបី​ឆ្នាំកន្លងមក​។​

​    ​ដោយ​ចងចាំ​ពី​អំឡុងពេល​អតីតកាល​ដែល​គាត់​បាន​ផ្ទេរ​ទៅកាន់​បិសាច​ក្រហម​ជា​លើកដំបូង Nani បាន​ពិពណ៌នា​ភាពលំបាក​នៃ​ការចូលរួម​ក្លឹប​មួយ​ក្នុងចំណោម​ក្លឹប​ធំ​បំផុត​ក្នុង​កីឡាបាល់ទាត់​ពិភពលោក​។​

​    ​Nani បានបញ្ជាក់​ទៅកាន់​កាសែត Guardian ថា "​វា​អាចជា​អំឡុងពេល​ដ៏​ពិសេស​មួយ​នៃ​ជីវិត​របស់ខ្ញុំ ប៉ុន្តែ​វា​បាន​ត្រឡប់​ទៅក្នុង​រឿង​ដ៏​អាក្រក់​មួយ​ទៅវិញ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​បន្ទាប់ពី​អ្នក​បាន​ចុះ​កុងត្រា​ដូច​នោះ អ្នក​គិតថា​មនុស្ស​ទាំងអស់​នឹង​នៅ​ពីក្រោយ​អ្នក ហើយនឹង​ជួយ​អ្នក​។ ហើយ​អ្នកនឹង​ឃើញ​ផ្ទុយ​ពីនេះ​។ បន្ទាប់មក​ភាព​តានតឹង​បានមក​ដល់​។ ខ្ញុំ​អន់ចិត្ត​ណាស់ ហើយ​នៅពេល​វា​បែបនេះ របួស​ក៏​មក​តាម​ញាំញី​ទៀត​។ វា​ពិតជា​អំឡុងពេល​ដ៏​អាក្រក់​មួយ​។ វា​ជា​រឿង​មួយ​ដែល​ធ្វើឱ្យ​ខ្ញុំ​អន់ចិត្ត និង​ខកចិត្ត​បំផុត​"​។​

​    ​ទោះយ៉ាងណា Nani បាន​និយាយថា ក្លឹប​បិសាច​ក្រហម​បានផ្តល់​ឱ្យ​អ្វីៗ​ទាំងអស់​ដែល​រូបគេ​មាន​ក្នុង​ជីវិត​នេះ​។

​    ​Nani និយាយថា Alex Ferguson ជា​មនុស្ស​ទីមួយ​ដែល​ចេញមក​អបអរ​រូបគេ​បន្ទាប់ពី​ប្រកួត​យូរ៉ូ ២០១៦ ចប់ ហើយ​គាត់​នេះហើយ​ជាម​នុស្ស​ដែល​ជួយ​ត្រួសត្រាយ​ឱ្យ​ខ្លួន​មាន​អនាគត​ក្នុង​បាល់ទាត់​។

​    ​Nani និយាយថា "​ខ្ញុំ​មើលឃើញ​គាត់ (Alex) ដូចជា​ឪពុក​របស់ខ្ញុំ​។ ពេលខ្លះ​គាត់​ខឹង និង​ស្រែក​ដាក់​ខ្ញុំ ប៉ុន្តែ​ក្រោយ​ម​គាត់​អង្អែល​ក្បាល​ខ្ញុំ ប្រាប់​ខ្ញុំ​ថា តស៊ូ​ឡើង​កូនប្រុស​"៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់