adverise with khmeread 1

​ផ្អែក​តាម​ស្ថានភាព​បច្ចុប្បន្ន Man Utd យប់​នេះ​ដូចជា​មិន​ពិបាក​ស៊ី Southampton ទេ​

​    ​បន្ទាប់ពី​ខកខាន​ការប្រកួត​បើកឆាក​ដោយសារ​ជាប់​បម្រាម​ពី​សមាគម​បាល់​អង់គ្លេស ឥឡូវ​កីឡាករ Chris Smalling និង Paul Pogba អាច​លេង​ធម្មតា​វិញ​បាន​ហើយ​។ យ៉ាងណាមិញ អ្នក​ទាំងពីរ​ប្រហែលជា​មិនអាច​ចាប់ផ្តើម​ដើមតង់​នៅក្នុង​ប្រកួត​ជាមួយ Southampton ទេ តែ​អាច​លេង​នៅ​ចុង​ម៉ោង​។ រីឯ Juan Mata បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​បន្ទាប់ពី​ស៊ុត​បើកឆាក​ឱ្យ Man Utd កាលពី​ប៉ះ Bournemouth​។ យ៉ាងណាក្តី Mata មិន​ត្រូវបាន​រំពឹងទុក​ថា នឹង​ចាប់ផ្តើម​រាល់​ការប្រកួត​នោះទេ​ក្រោម​ការបញ្ជា​របស់លោក Jose Mourinho​។

​    ​ចំណែកឯ​កីឡាករ​ចំណូល​ថ្មី Henrikh Mkhitaryan វិញ គួរតែ​អាច​ចាប់ផ្តើម​ជា​លើកដំបូង​ក្នុងនាម​ជា​កីឡាករ​បិសាច​ក្រហម ស្របពេល​កីឡាករ Ander Herrera និង Marouane Fellaini អាច​បន្ត​តំណែង​របស់ខ្លួន​ទៀត​ក្រោយ​លេង​បាន​យ៉ាង​ល្អ​កាលពី​សប្តាហ៍​បើកឆាក​។ ងាក​មក​មើល​ផ្នែក​អវិជ្ជមាន​វិញ កីឡាករ Jesse Lingard និង Cameron Borthwick-Jackson នឹង​មិនមាន​វត្តមាន​ឡើយ​ក្នុង​រាត្រី​នេះ​ខណៈ Bastian Schweinsteiger នៅតែ​បន្ត​ហ្វឹកហាត់​ជាមួយ​ក្រុមយុវជន​។​

​    ​ក្រុម​ភ្ញៀវ Southampton យប់​នេះ​ពួកគេ​នឹង​បាត់បង់​ខ្សែការពារ Ryan Bertrand ដោយសារ​បញ្ហា​របួស​ជ​ង្គ​ង់​កាលពី​ថ្ងៃ​បើកឆាក​។ ទោះយ៉ាងណា គ្រូបង្វឹក​លោក Claude Puel បាន​បញ្ជាក់ថា ខ្សែការពារ​ស្នូល​របស់គាត់​គឺ​កីឡាករ Jose Fonte អាច​នឹង​ចូលខ្លួន​ជំនួស Ryan Bertrand បើទោះជា​មាន​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​ការផ្ទេរ​ទៅ Man Utd ក៏ដោយ​។​

​    ​* ការពិត​ក្នុងការ​ប្រកួត​នេះ​
​    ​- Man Utd បានឈ្នះ​ការប្រកួត​ក្នុងផ្ទះ​ចំនួន ៧ លើក​ក្នុងចំណោម ៨ លើក​នៅ Premier League​។​
​    ​- ការប្រកួត ៣ លើកចុងក្រោយ​នៅ Premier League របស់ Man Utd គេ​ឃើញថា មានការ​ស៊ុត​ចូលគ្នា​លើស ២ ១/២​។​
​    ​- ការប្រកួត ៣ លើកចុងក្រោយ​រវាង​ក្រុម​ទាំងពីរ​នៅ​ទឹកដី Old Trafford គេ​គត់​សម្គាល់ថា មាន​គ្រាប់​ស៊ុត​ចូលគ្នា​ក្រោម ២ ១/២​។​
​    ​- Southampton មិនទាន់​ត្រូវបាន​បំបាក់​នៅ Premier League ក្នុងការ​ប្រកួត ៧ លើកចុងក្រោយ​របស់​ពួកគេ​។​
​    ​- យ៉ាងតិចណាស់ Man Utd ស៊ុត​បាន ២ គ្រាប់​នៅក្នុង​ការប្រកួត ៣ លើកចុងក្រោយ​នៅ Premier League​។​

​    ​ទស្សនៈ​៖ Manchester United បាន​វិលត្រឡប់​ទៅរក​ទម្រង់​លេង​បុក​ខ្លាំងៗ​វិញ​ក្រោយ​លោក Jose Mourinho ចូលមក​កាន់កាប់​ក្លឹប​ខណៈ​បិសាច​ក្រហម​បាន​បំបាក់ Bournemouth ៣-១ កាលពី​សប្តាហ៍​មុន​។ នៅ​ប្រកួត​នោះ Zlatan Ibrahimovic និង Wayne Rooney សុទ្ធតែ​រក​គ្រាប់​បាល់​បាន​ម្នាក់​មួយ​គ្រាប់​ដូចគ្នា ប៉ុន្តែ​អ្នក​ទាំងពីរ​ត្រូវការ​ពេលវេលា​បន្ថែមទៀត​ដើម្បី​យល់ចិត្ត​គ្នា​នៅលើ​ទីលាន​។​

​    ​រជ្ជកាល​ថ្មី​របស់ Southampton ក្រោម​ការបញ្ជា​របស់​គ្រូ​ថ្មី​គឺ​លោក Claude Puel គេ​ឃើញថា ពួកគេ​ធ្វើបាន​ត្រឹម ១-១ ប៉ុណ្ណោះ​ជាមួយ Watford នៅ​សប្តាហ៍​ទី ១​។ អ្វី​ដែលជា​ក្តីបារម្ភ​សម្រាប់​អ្នកគាំទ្រ Southampton នោះ​គឺ​ក្នុង​យប់​នេះ ក្រុម​កីឡាករ​របស់​ក្រុម​ភ្ញៀវ​នេះ​ត្រូវការ​ពេលវេលា​ជាច្រើន​ដើម្បី​យល់ចិត្ត​គ្រូបង្វឹក​ថ្មី​។ យ៉ាងណាក្តី Southampton បាន​បំបាក់ Man Utd នៅ​ទឹកដី Old Trafford នៅ​ការប្រកួត ២ លើកចុងក្រោយ ដែល​នេះ​អាចជា​គ្រឿង​លើកទឹកចិត្ត​ខ្លះៗ​ដល់​ក្រុម​ភ្ញៀវ​នៅក្នុង​រាត្រី​ថ្ងៃ​សុក្រ​នេះ​។​

​    ​Southampton បាន​បំបាក់​បិសាច​ក្រហម​តែ ២ លើក​ប៉ុណ្ណោះ​ក្នុងជំនួប ១៤ លើកចុងក្រោយ ទោះយ៉ាងណា ពួកគេ​នឹង​ជួប​ផល​លំបាក​ក្នុង​គោលបំណង​ដណ្តើម​ជ័យជម្នះ​លើក​ទី ៣ នៅ Old Trafford ដោយសារ​នេះ​គឺជា​លោក Mourinho​។ ការពិត​មួយទៀត​គឺ លើកចុងក្រោយ​បង្អស់​ដែល Man Utd ចាញ់​នៅ​ទឹកដី​ខ្លួន​នោះ​ក្នុងការ​ប្រកួតប្រជែង​ធំៗ​គឺ​ក្រោម​ថ្វី​ជើង Southampton កាលពី​ខែមករា ដែល​នៅពេលនោះ​ពួកគេ​លេង​មិនដែល​ចាញ់ ១១ ប្រកួត​ជាប់​គ្នា​។ ដូច្នេះ​គេ​រំពឹងថា Man Utd អាច​ស៊ី Southampton ៣-១​។​

​    ​* ជម្រើស ១១ នាក់​ដំបូង​ដែល Man Utd អាចដាក់​លេង​
​    ​អ្នកចាំទី​៖ De Gea
​    ​ខ្សែការពារ​៖ Shaw, Blind, Bailly, Valencia
​    ​ខ្សែបម្រើ​៖ Fellaini, Herrera, Martial, Rooney, Mkhitaryan
​    ​ខ្សែប្រយុទ្ធ​៖ Ibrahimovic

​    ​* ជម្រើស ១១ នាក់​ដំបូង​ដែល Southampton អាចដាក់​លេង​
​    ​អ្នកចាំទី​៖ Forster
​    ​ខ្សែការពារ​៖ Soares, Dijk, Targett, José Fonte
​    ​ខ្សែបម្រើ​៖ Ward-Prwse, Romeu, Davis, Tadic
​    ​ខ្សែប្រយុទ្ធ​៖ Redmond, Long

​    ​*** កីឡាករ Man Utd ដែល​អវត្តមាន​យប់​នេះ​
​    ​- Bastian Schweinsteiger
​    ​- Jesse Lingard
​    ​- Cameron Borthwick-Jackson     ​

​    ​*** កីឡាករ Southampton ដែល​អវត្តមាន​យប់​នេះ​
​    ​- Florin Gardos
​    ​- Ryan Bertrand៕

adverise with khmeread

មតិយោបល់