adverise with khmeread 14089423 1037680729680175 1663609891 n

នាំខ្លួន​ចោរលួច​ម៉ូតូ​ទៅ​ចង្អុលបង្ហាញ​ទីតាំង​ទទួល​បញ្ចាំផល​ចោរកម្ម យីហោ “​ហ៊ី ទូច​” នឹងប្រគល់ឱ្យម្ចាស់ដើមវិញ

    កណ្តាល ៖ នាំខ្លួន​ចោរលួច​ម៉ូតូ​ទៅ​ចង្អុលបង្ហាញ​ទីតាំង​ទទួល​បញ្ចាំ ​នៅរាជ​ធានី​ភ្នំពេញ រឹបអូស​ម៉ូតូ​ម៉ាក​ហុងដា ​MSX ​មួយគ្រឿង​ក្រោយពី​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​នៅ​ស្រុក​ស្អាង សមត្ថកិច្ច​នគរ​បាល​ស្រុក​ស្អាង​, នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តកណ្តាល ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ និង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សម្របសម្រួល​ដោយ​លោក ព្រះរាជអាជ្ញា អម​​សាលាដំបូង​ខេត្ត បាន​នាំខ្លួន​ជនសង្ស័យ​ខាង​លើ​នេះ​ទៅ​ចង្អុលបង្ហាញ​ទីតាំង​ទទួល​បញ្ចាំ ផល​ចោរកម្ម យីហោ “​ហ៊ី ទូច​” ដែលមាន​ទី​តាំង​តាម​បណ្តោយ​ផ្លូវ​លេខ​២៤៧ ផ្ទះ​លេខ​២A សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៦។​

    កិច្ចសហប្រតិបត្តិការ​ខាងលើនេះ សមត្ថកិច្ច​នគរបាល​បានធ្វើការ​រឹបអូស​ម៉ូតូ​០១​គ្រឿង ពី​ទីតាំង​ទទួល​បញ្ចាំ​ខាងលើនេះ។ ដោយឡែក​ម្ចាស់​ទីតាំង សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល បានប្រគល់​ទៅឱ្យ សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ និង​នគរបាល​នាយកដ្ឋាន ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ជា​អ្នក​បន្ត​ចាត់ការ​តាម​នីតិវិធី។ ម៉ូតូ​ដែល​រឹបអូស​បាន​នោះ ម៉ាក​ហុងដា ​MSX (​ផលិត​នៅ​ប្រទេស​ចិន​) ពណ៌​ក្រហម គ្មាន​ស្លាកលេខ នៅ​ក្រដាស​ពន្ធ។​

    ម៉ូតូ​​ MSX​ ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប្រគល់​ទៅឱ្យឈ្មោះ កោ ចិន្តា ភេទ​​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចក ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែលជា​ម្ចាស់​ម៉ូតូ​នេះ​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​នគ​របាល​ស្រុក​ស្អាង​ចាប់បាន​ចោរលួច​ម៉ូតូ​ម្នាក់ កាលពី​វេលា​ម៉ោង​១៧ និង៣០នាទី នៅត្រង់ចំណុច​ស្ពាន​កំពង់ស្វាយ ស្ថិតក្នុង​ភូមិ​ពាម​សាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង។ ដោយឡែក​ចំពោះ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ី​គីនិ​ច​ ពណ៌​ស លាយ​លឿង ពាក់​ស្លាកលេខ​ភ្នំពេញ 1AJ-8980 ក៏​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ម្ចាស់ ឈ្មោះ ថោង ដន​រិ​ទ្ធិ​ពង្ស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មាន​ទីលំនៅ​ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។​

​    ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​ឈ្មោះ អន អូន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ទៀន​-​ធូប​នៅមុខ​វាំង ស្នាក់នៅ​ម្តុំ​ស្ថានីយ៍ទូរទស្សន៍​ស៊ី​ធី​អិន ស្ថិតក្នុង​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ។ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​រឹប​អូស​វត្ថុតាង​ម៉ូតូ​០១គ្រឿង​ ម៉ាក​ស៊ុយ​ហ្ស៊ី​គី​និ​ច ពណ៌​សលាយ​លឿង ពាក់ស្លាកលេខ​ភ្នំពេញ ​1AJ-8980 និង​កិច្ច​​សន្យា​បញ្ចាំ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​MSX ក្នុងតម្លៃ​៥២៥​ដុល្លារ​។​

    អធិការនគរបាល​ស្រុក​ស្អាង​លោក​ សេង សុជាតិ បាន​បញ្ជាក់ថា៖ បន្ទាប់ពី​ពិនិត្យឃើញ​មាន​កិច្ចសន្យា​បញ្ចាំ​០១​សន្លឹក​នេះ លោក​បាន​រាយការណ៍​ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ត និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រឿន ណា​រ៉ា ស្នងការរង​និង​ជា​ប្រធាន​ផែន​នគរបាល​ព្រហ្មទណ្ឌ សុំ​គោលការណ៍​ដឹក​នាំ​កម្លាំង សហការ​ជាមួយ​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​, នគរបាល​រាជធានី​ភ្នំពេញ និង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សម្របសម្រួល​ដោយ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត នាំខ្លួន​ជន​សង្ស័យ​ទៅ​ចង្អុលបង្ហាញ​ទីតាំង​ទទួល​បញ្ចាំ​ផល​ចោរកម្ម​យីហោ “​ហ៊ី ទូច​” ដែលមាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​លេខ​២៤៧ ផ្ទះ​លេខ​២A សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ 

    ជា​លទ្ធផល​សមត្ថកិច្ច​បាន​រឹបអូស​ម៉ូតូ​ហុងដា ​MSX ​ដូចដែល​មាននៅ​ក្នុង​កិច្ចសន្យា​បញ្ចាំ ពី​ឈ្មោះ ចាន់ សម្បត្តិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ ដែល​ត្រូវជា​ម្ចាស់​ទីតាំង​ខាងលើនេះ ប្រគល់ជូន​ម្ចាស់​ដើម​វិញ​ដែល​បាន​បាត់បង់​កន្លងមក យកទៅ​ប្រើប្រាស់​ថែ​​រក្សា​និង​គ្រប់គ្រង​វិញ៕​

adverise with khmeread

មតិយោបល់