អត្តពលិកតំណាងឱ្យប្រទេសបារាំងម្នាក់បានតស៊ូនឹងស្ថានភាពដ៏វេទនាបំផុតមួយ បន្ទាប់ពីគាត់ទប់លាមកមិនជាប់ពេលសល់ ១៥គីឡូម៉ែត្រទៀតទម្រាំទៅដល់ទីផ្តាច់ព្រ័ត្រក្នុងវិញ្ញាប្រណាំងដើរចម្ងាយ ៥០គីឡូម៉ែត្រផ្នែកបុរស។
ស្ថានភាពរបស់ Yohann Diniz ត្រូវបានចាប់ជាប់ដោយកាមេរ៉ាជាមួយនឹងស្នាមប្រឡាក់ប្រតាកហៀរចេញតាមជើងខោរបស់គាត់ បន្ទាប់ពីធ្លាយលាមកតាមផ្លូវខណៈកំពុងប្រកួត។
Diniz គឺជាអត្តពលិកម្នាក់ដែលគេរំពឹងខ្ពស់ថានឹងឈ្នះមេដាយមាសក្នុងទីក្រុងរីយ៉ូ ហើយគាត់ក៏ជាអ្នកគ្រងកំណត់ត្រាពិភពលោកម្នាក់ផងដែរ ប៉ុន្តែនៅពេលឈឺបត់ជើងធំមកដល់ហើយនោះ គាត់ពិបាកនឹងរក្សាតំណែងនេះណាស់។
នៅទីបំផុត ម្ចាស់ជើងឯកពិភពលោក Matej Toth តំណាងឱ្យប្រទេសស្លូវ៉ាគី បានឈ្នះការប្រជែងមួយនេះ ដែលធ្វើដំណើរមកដល់មុនម្ចាស់មេដាយមាសកីឡាអូឡាំពិកទីក្រុងឡុងដ៍ ឆ្នាំ២០១២ Jared Tallent មកពីប្រទេសអូស្ត្រាលី និងអត្តពលិកជប៉ុន Hirooki Arai ទទួលបានមេដាយសំរឹទ្ធិ៕
