តារាចម្រៀង CL សមាជិករបស់ក្រុមចម្រៀង 2NE1 បានចេញផ្សាយវីដេអូចម្រៀងថ្មីបទ “Lifted” កាលពីថ្ងៃព្រហ្បតិ៍ ហើយវាជាបទចម្រៀងទោលដែលអ្នកគាំទ្រទន្ទឹងរង់ចាំយ៉ាងអន្ទះសាបំផុត។
រូបភាពវីដេអូនេះបង្ហាញថា CL ស្លៀកឈុតចម្រុះពណ៌លម្អដោយគ្រឿងអលង្ការដែលមានតម្លៃថ្លៃ ហើយបង្ហាញមុខក្នុងចំណោមក្រុមមនុស្ស។ នាងដើរត្រាច់ចរនៅតាមដងវិថីនានានៅ The Bronx in New York រាំច្រៀង ជប់លៀងនិងផឹកស្រាមួយដបចំណុះ១,២លីត្រដាក់ក្នុងស្បោងពណ៌ត្នោត។
គេឃើញតារាចម្រៀងហ៊ីបហប់ជើងចាស់ Wu Tang Clan រាំជាមួយនាងផងដែរក្នុងវីដេអូចម្រៀងនេះ។
វីដេអូចម្រៀងនេះបានបណ្តាលឲ្យមានប្រតិកម្មចម្រុះ ដោយអ្នកគាំទ្រខ្លះរិះគន់ថា នាងចម្លងស្ទីលរបស់ជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក ប៉ុន្តែអ្នកខ្លះទៀតអួតសរសើរអំពីទេពកោសល្យរបស់នាង។
អ្នកគាំទ្រជាច្រើននិងក្រុមហ៊ុន YG បានសម្តែងការខកចិត្តចំពោះ CL ដោយសារតែនាងច្រៀងនិងធ្វើរែបអំពីការផឹកស៊ី ជប់លៀង ជក់កញ្ឆានិងសិច។ អ្នកគាំទ្រទាំងនេះ ចង់ឃើញរូបភាពនិងស្ទីលដែលនាងសម្តែងក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន YG Entertainment កន្លងមក។
បទ “Lifted” ក៏បានក្លាយជាប្រធានបទក្តៅនៃការពិភាក្សាផងដែរ ដោយសារតែកាលបរិច្ឆេទចេញផ្សាយរបស់បទនេះជាន់គ្នានឹងខួប១០ឆ្នាំរបស់ក្រុមចម្រៀង Big Bang ។ ទោះបីជាយ៉ាងណា វីដេអូចម្រៀងនេះ ត្រូវបានគេចូលបើកមើលជាងមួយលានដងហើយក្នុងរយៈពេលតែមួយថ្ងៃបន្ទាប់ពីការចេញផ្សាយ៕
