ព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនាវាយទៅលើម្តាយបង្កើតរបស់ខ្លួន ស្ថិតនៅចំណុចក្រុម៥ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ នៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី១៨ ខែសីហា
ឆ្នាំ២០១៦កន្លងទៅនេះ។
មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួន នោះមានឈ្មោះ កៅ សុខជ័យ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្រុម៥ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
ការឃាត់ខ្លួននេះ គឺធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឆេង ហ៊ា ភេទស្រី អាយុ៧៣ឆ្នាំ មានទីលំនៅក្រុម៥ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ដែលត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យ។
ស្ត្រីដែលជាជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យដែលត្រូវជាកូនរបស់គាត់ បានមកសុំលុយគាត់ ទៅទិញស្រាមកផឹក។ ប៉ុន្តែត្រូវបានគាត់ស្តីបន្ទោស ធ្វើឱ្យជនសង្ស័យដែលជាកូននោះខឹង ក៏បានប្រើប្រាស់ហិង្សាមកលើគាត់តែម្តង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីសាកសួរពត៌មានបន្ថែម អំពីករណីហិង្សានេះ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕
