Robert Lewandowski អាចរកគ្រាប់បាល់ Hat-trick បានសម្រេចម្តងទៀតកាលពីយប់ម្សិលមិញ ខណៈដែល Bayern Munich បានចាប់ផ្តើមយុទ្ធនាការការពារពាន German Cup របស់ពួកគេជាមួយលទ្ធផលជ័យជម្នះ ៥-០ ទៅលើក្រុមមកពីលីកលំដាប់ទីបួនអាល្លឺម៉ង់ Carl Zeiss Jena ។
ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញរូបនេះ ធ្វើបានសម្រេចគ្រាប់បាល់នាំមុខទៅដល់ Bayern ត្រឹមរយៈពេល ៣នាទីប៉ុណ្ណោះពីការចាប់ផ្តើមប្រកួត បន្ទាប់ពី Thomas Muller បញ្ជូនបាល់ចេញទើបតែបានមួយជើង។
គន្លាតរវាងក្រុមទាំងពីរត្រូវបានបញ្ជាក់យ៉ាងច្បាស់តាមរយៈប្រកួតមួយនេះហើយវាហាក់ដូចជាគ្រាន់តែជាបញ្ហានៃពេលវេលាមួយប៉ុណ្ណោះ មុនពេលដែលភ្ញៀវបានស៊ុតបញ្ចូលទីម្តងទៀត។ Lewandowski បានសម្រេចគ្រាប់បាល់ទីពីររបស់ខ្លួននៅនាទីទី ៣៤ ដែលកើតឡើងបន្ទាប់ពីខ្សែការពាររបស់ម្ចាស់ផ្ទះ Justin Gerlach បរាជ័យក្នុងការរារាំងបាល់កាត់របស់ Franck Ribery។
Lewandowski ដែលនឹងប្រារព្ធថ្ងៃខួបកំណើតទី ២៨របស់ខ្លួននៅថ្ងៃអាទិត្យស្អែកនេះ បានសម្រេចគ្រាប់បាល់ Hat-trick នៅក្នុងរយៈពេលប្រាំបួននាទីបន្ទាប់ ជាមួយនឹងការបញ្ចូនបាល់លើកទីពីរដោយ Ribery ។
Arturo Vidal បានស្វែងរកគ្រាប់បាល់ទីបួនបាននៅនាទី៧២ មុនពេលដែលគ្រាប់បាល់បិទឆាកកើតឡើងនៅរយៈពេល៥នាទីបន្ទាប់ធ្វើបានដោយកីឡាទើបនឹងដូរចូល Mats Hummels ដែលជាគ្រាប់បាល់ដំបូងរបស់គាត់ក្នុងនាមជាខ្សែការពារចំណូលថ្មីរបស់ Bayern ផងដែរ។
បញ្ចប់ការប្រកួត កីឡាចំណូលថ្មី Hummels ដែលបានផ្ទេរចេញពី Borussia Dortmund កាលដើមទីផ្សាររដូវក្តៅនេះបានបញ្ជាក់ពីអារម្មណ៍របស់ខ្លួនថា "វាពិតជាមានអារម្មណ៍ល្អ។ ស៊ុតបញ្ចូលទីបានមួយគ្រាប់គឺជាលទ្ធផលដ៏ពិសេសមួយសម្រាប់ខ្សែការពារ"៕
