លោក Hashmot Ali មកពីភាគខាងត្បូងប្រទេសបង់ក្លាដែស បានគេងលក់លើទូកចតនៅប្រឡាយក្នុងព្រៃឈើមួយ នៅពេលសត្វខ្លាមួយលួចឆ្មក់វាយប្រហារពីក្រោយគាត់។
សត្វខ្លានោះបានខ្វាចដោយក្រញ៉ាំជើងរបស់វាលើមុខ រហែកទៅជាបំណែកៗនិងដាច់សរសៃឈាមទៀត។ បុរសនោះបានស្រែកយ៉ាងឈឺចាប់បំផុត ពេលសត្វខ្លាបានព្យាយាមទាញគាត់ពីទូករបស់មិត្តរួមការងាររបស់គាត់។
សត្វខ្លាទីបំផុតបានភ័យរត់បាត់ បន្ទាប់ពីការស្រែករបស់បុរសនោះ។ គេត្រូវចំណាយពេលប្រាំមួយម៉ោងទម្រាំឡើងគោក ដើម្បីបញ្ជូនគាត់ទៅមន្ទីរពេទ្យ។ វេជ្ជបណ្ឌិតបានប្រញាប់ជួយព្យាបាលបុរសវ័យ ២០ ឆ្នាំរូបនោះ ដោយក្របមុខរបួសជាមួយនឹងបន្ទះប្លាស្ទ័រ។
ឥឡូវមានអាយុ ៤០ ឆ្នាំ លោក Hashmot បានក្របមុខដ៏គួរឱ្យខ្លាចរបស់គាត់ជាមួយកន្សែង ដើម្បីបិទបាំងមុខពីអ្នកភូមិ Satkhira ជាកន្លែងគាត់រស់នៅ។
គាត់មិនអាចបង្ហាញមុខក្នុងទីសារធារណៈ និងចំពោះក្មេងៗក្នុងភូមិទេ ព្រោះខ្លាចបំភ័យដល់ពួកគេ។
ឪពុកកូនបីនាក់រូបនេះព្រួយបារម្ភ ដែលមុខដ៏គួរឱ្យខ្លាចរបស់គាត់នឹងបញ្ឈប់បុរសពីការទាក់ទងកូនស្រីគាត់ធ្វើជាប្រពន្ធ។ លោកសង្ឃឹមថានឹងទទួលបានការព្យាបាលវះកាត់ដាក់ប្លាស្ទិចថ្ងៃណាមួយ ប៉ុន្ដែវាមិនថោកទេដែលវះកាត់បែបនេះ៕
