កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះកើតឡើងនៅវេលាម៉ោង៤ និង៣០នាទីទាបភ្លឺថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិសេដា ឃុំវិហារសួគិ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ប៉ូលិសនិយាយថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក SUZUKI ស្មាស់ ធុនសេ១១០ ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង 1F-2173 បើកបរដោយឈ្មោះ សុខា សាក់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង បានបើកបរម៉ូតូក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវលេខ៨ ចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧។
លុះមកដល់ចំណុចកើតហេតុបានធ្លាក់ផ្លូវចូលស្រះត្រពាំងមួយហើយម៉ូតូសង្កត់ពីលើខ្លួនបណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ចំណែកសាកសពជនរងគ្រោះបានប្រគល់ឱ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
