ប្រេស៊ីល ៖ កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី បន្ទាប់ពីប្រកួតចាញ់កីឡាការិនីហូឡង់ បានបង្ហូរទឹកភ្នែកសម្តែងការសោកស្តាយ និងបានសុំទោសដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ចំពោះការបរាជ័យរបស់នាង។
អត្តពលិកវ័យទើប២០ឆ្នាំ កម្ពស់ ១,៨៣ម៉ែត្រ សៀវម៉ី ក៏សូមថ្លែងអំណរអរគុណដល់ប្រជាជនខ្មែរទាំងអស់ដែលលើកទឹកចិត្តនាងរហូតមក។ នេះបើយោងតាម Facebook Page ផ្លូវការរបស់គណៈកម្មាធិការជាតិកម្ពុជា (NOCC)។
កីឡាការិនី ស៊ន សៀវម៉ី ជាអត្តពលិក ដែលកម្ពុជារំពឹងឈ្នះមេដាយកីឡាអូឡាំពិក ឆ្នាំ ២០១៦នេះ ព្រោះកញ្ញាបានឈ្នះមេដាយមាស១គ្រឿងក្នុងវគ្គជម្រុះនៅទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន កាលពីខែមេសា ឆ្នាំ២០១៦ តែមកចាញ់គូប្រជែងរបស់ហូឡង់ Reshimie Oogink វ័យ ២៧ឆ្នាំកម្ពស់ ១,៧៩ម៉ែត្រ ដោយលទ្ធផលបច្ចេកទេស ១-៧ ក្នុងវគ្គ១៦នាក់ កីឡាតេក្វាន់ដូ ផ្នែកនារីទម្ងន់លើស ៦៧គីឡូក្រាម។
ការប្រកួតនៅទឹកទី១ លទ្ធផល ០-១ ទឹកទី២ លទ្ធផល ០-២ និងទឹកទី៣ លទ្ធផល ១-៧ សរុបលទ្ធផលទាំង៣ គឺ ស៊ន សៀវម៉ី ១និងកីឡាការិនីហូឡង់ Reshimie Oogink ៧។ នេះជា១ប្រកួតដំបូងរបស់ម្ចាស់មេដាយមាស ប្រចាំទ្វីបអាស៊ី សៀវម៉ី ក្នុងវគ្គជម្រុះ១៦នាក់ ប្រភេទទម្ងន់លើស ៦៧គីឡូក្រាម (+67kg)។
លោក វ៉ាត់ ចំរើន នាយកបេសកកម្ម Rio Olympic Games 2016 បានថ្លែងពីប្រទេសប្រេស៊ីលមកថា ប្រសិនបើហូឡង់នេះឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ នោះសៀវម៉ី ត្រូវប្រកួតដណ្តើមមេដាយសំរឹទ្ធ តែបើហូឡង់ ចាញ់នរណាម្នាក់ក្នុងវគ្គណាមួយនោះ កីឡាការិនិកម្ពុជាស៊ន សៀវម៉ី នឹងចប់ហើយ។
គួររំលឹថា សម្រាប់កម្ពុជា ដែលលេងលើ៦ប្រភេទវិញ្ញាសានោះ គឺបានប្រកួតអស់៤វិញ្ញាសាហើយៗនៅសល់តែ២វិញ្ញាសាទៀត ប៉ុណ្ណោះ គឺតេក្វាន់ដូ ប្រកួតដោយកីឡាការិនី ស៊ន សៀវម៉ី និងរត់ម៉ារ៉ាតុងបុរស ប្រកួតដោយកីឡាករ នី កូ នាថ្ងៃទី២០ និង២១សីហា។
លោកបន្តថា ចំពោះ ស៊ន សៀវម៉ី បានបន្តការហ្វឹកហាត់នៅរីយ៉ូ ចាប់តាំងទៅដល់ភ្លាម កាលពី ចុងខែមុខដើម្បីរក្សានូវថាមពលកម្លាំងឲ្យនៅរឹងមាំដដែល ក៏ដូចជាផ្សាំទៅនឹងអាកាសធាតុនៅទីនោះផងដែរ។
ស៊ន សៀវម៉ី បានត្រៀខ្លួនរួចរាល់ សម្រាប់ការប្រកួតនៅវគ្គជម្រុះដំបូងជាមួយកីឡាការិនី Reshimie Oogink។ វគ្គជម្រុះបឋមនេះមានកីឡាការិនីសរុបចំនួន១៦រូប ហើយកីឡាការិនី ដែលឈ្នះៗនឹងបន្តការប្រកួតជាមួយនឹង កីឡាការិនីដែលឈ្នះៗដូចគ្នា នៅជុំទី២រហូត ដល់ជុំផ្តាច់ព្រ័ត្រ ពោលគឺកីឡាការិនីណាដែលឈ្នះ៤ប្រកួត នឹង ត្រូវឈានដល់វគ្គផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាស។
គូប្រកួតរបស់ ស៊ន សៀវម៉ី គឺកីឡាការិនី Reshimie Oogink មានអាយុ២៦ឆ្នាំ កម្ពស់ ១,៧៩ ម៉ែត្រ ជាជើងខ្លាំងមកពីហុល្លង់ ហើយជាម្ចាស់ជើងឯកតេក្វាន់ដូអឺរ៉ុបឆ្នាំ២០០៥ ហើយមានបទពិសោធន៍ជាច្រើន ក្នុង ព្រឹត្តិការណ៍អន្តរជាតិ ដូចជាធ្លាប់ឈ្នះមេដាយមាស៦ដង រួមមាន Dutch Open 2006, German Open 2006 , French Open 2008 , British Open 2009 , German Open 2012 និង Dutch Open 2012 ដោយធ្លាប់ប្រកួតបាន១២០ប្រកួត ឈ្នះបាន៧៧ប្រកួត។
ចំពោះចំណាត់ថ្នាក់ក្នុងអូឡាំពិកហ្គេម, Reshmie Oogink មានចំណាត់ថ្នាក់លេខ៥ រីឯ ស៊ន សៀវម៉ី ចំណាត់ថ្នាក់លេខ៣៣ក្នុងចំណាត់ថ្នាក់អូឡាំពិក។ ស៊ន សៀវម៉ី ក្នុងតំបន់អាស៊ី ជាង ៤០ប្រទេសនោះ មានតែគូប្រកួតពី៣ទៅ៤នាក់ប៉ុណ្ណោះជាឧបសគ្គរបស់នាង។
ស៊ន សៀវម៉ី ជាកីឡាការិនី តែមួយរូបគត់របស់កម្ពុជា ដែលបានឆ្លងកាត់ការប្រកួតជម្រុះទ្វីបអាស៊ី នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ២០១៦នេះ ហើយ សៀវម៉ី ក៏ជាម្ចាស់មេដាយមាសទ្វីបអាស៊ី កាលពីពេលកន្លងទៅដែរ៕
រូបភាពទាំងស្រុង៖ National Olympic Committee Of Cambodia
