adverise with khmeread Team manager

អនុវត្តវិធី ៥ យ៉ាងដើម្បីក្លាយជាអ្នកគ្រប់គ្រងក្រុមការងារដ៏ល្អនៅកន្លែងធ្វើការ

តើកំពុងស្វែងរកវិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីក្លាយជាអ្នកគ្រប់គ្រងក្រុមការងារដ៏ល្អម្នាក់មែនទេ? ខ្ញុំអាចជួយអ្នកបាន។ វាមិនងាយស្រួលទេក្នុងការក្លាយជាអ្នកគ្រប់គ្រងក្រុមការងារដ៏ល្អមួយរូប ដោយសារអ្នកមានទំនួលខុសត្រូវច្រើន អ៊ីចឹងហើយអ្នកគួរតែបំផុស និងជម្រុញទឹកចិត្តក្រុមការងាររបស់អ្នកឲ្យធ្វើការកាន់តែល្អប្រសើរជានិច្ច។ ការប្រតិបត្តិរបស់ក្រុមការងាររបស់អ្នកគឺអាស្រ័យភាគច្រើនលើរូបលោកអ្នកតែម្តង។ ទោះយ៉ាងណា​ ការដឹកនាំក្រុមការងារមួយមិនពិបាកដូចដែលអ្នកគិតនោះទេ។ អ្នកត្រូវតែធ្វើខ្លួនជាអ្នកអាជីពដ៏អស្ចារ្យមួយរូប និង ធ្វើជាគំរូរបស់កូនចៅក្រោមឱវាទ។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដើម្បីក្លាយជាអ្នកគ្រប់គ្រងក្រុមការងារដ៏ល្អមួយរូបនៅកន្លែងធ្វើការ។ 

១- ធ្វើជាគំរូល្អដល់កូនចៅ
មិនមែនពេលដែលឡើងតំណែងជាអ្នកគ្រប់គ្រងហើយមានន័យថាអ្នកមានអំណាចច្រើន ហើយអាចសម្រាកបានស្រួលនោះទេ។ អ្នកគួរតែធ្វើការដូចកូនក្រុមរបស់អ្នកដែរ។ ពាក្យគន្លឹះនៅទីនេះគឺក្រុមការងារ ដែលមានន័យថាអ្នកគួរតែធ្វើការជាមួយគ្នា។ ប្រសិនបើអ្នកមានគម្រោងការងារដ៏ពិបាកធ្វើមួយ កុំគ្រាន់តែអង្គុយរង់ចាំឲ្យកូនចៅរបស់អ្នកធ្វើវាឲ្យទាល់តែចេញឲ្យសោះ។ ត្រូវផ្តល់ជាគំនិត ស្តាប់នូវគំនិតផ្សេងៗពីកូនចៅក្រោមឱវាទ និងប្រឹងឲ្យអស់ពីសមត្ថភាពរបស់អ្នកដើម្បីជួយក្រុមការងាររបស់អ្នកឲ្យសម្រេចគម្រោងការឲ្យបានជោគជ័យទាន់ពេលវេលា។ បើនិយាយដល់ពេលវេលា ត្រូវធ្វើឲ្យប្រាកដថាមកធ្វើការទាន់ពេលជារៀងរាល់ថ្ងៃ។ ជម្រុញទឹកចិត្តកូនក្រុមរបស់អ្នកឲ្យធ្វើដូចគ្នាអ៊ីចឹងដែរ។ ប្រសិនបើអ្នកមកធ្វើការថ្ងៃត្រង់ រិះគន់ការងាររបស់កូនក្រុម ហើយចាកចេញពីការងារនៅម៉ោង ៤ ឬ ៥ ល្ងាច អ្នកនឹងមិនក្លាយជាអ្នកគ្រប់គ្រងក្រុមការងារដ៏ជោគជ័យម្នាក់បានឡើយ។ ត្រូវធ្វើតាមវិន័យ ដែលអ្នកអនុវត្តចំពោះកូនក្រុមរបស់អ្នក ហើយពេលនោះពួកគេនឹងច្បាស់ជាគោរពអ្នក និងចង់ធ្វើការជាមួយអ្នករហូតដល់កោះត្រើយ។ 

២- ជម្រុញលើកទឹកចិត្តកូនក្រុម
គ្មាននរណាម្នាក់ចង់នៅក្នុងតំណែងមួយទ្រឹងនោះទេ។ ត្រូវជម្រុញទឹកចិត្តកូនក្រុមរបស់អ្នកឲ្យធ្វើការឲ្យបានល្អដើម្បីបានឡើងតំណែង។ បំផុសគំនិតពួកគេឲ្យត្រួសត្រាយវិថីនៃអាជីពរបស់ខ្លួនឲ្យល្អប្រសើរ និងជួយពួកគេឲ្យទៅដល់គោលដៅរបស់ពួកគេ។ វិធីល្អបំផុតមួយដើម្បីជម្រុញលើកទឹកចិត្តកូនក្រុមឲ្យធ្វើការបានល្អគឺត្រូវមានការជួបគ្នាជាលក្ខណៈបុគ្គល ដែលអ្នកអាចនិយាយអំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់កូនក្រុមនីមួយៗ និងរកវិធីដ៏មានប្រសិទ្ធភាពដើម្បីជម្រុញផលិតភាពការងាររបស់ពួកគេ។ ព្យាយាមជម្រុញលើកទឹកចិត្តសមាជិកក្រុមការងាររបស់អ្នកឲ្យរៀនសូត្រអ្វីដែលថ្មីរៀងរាល់ថ្ងៃ។ គួរឲ្យសោកស្តាយ អ្នកគ្រប់គ្រងភាគច្រើនមិនបានផ្តល់ឲ្យសមាជិកក្រុមការងាររបស់ខ្លួននូវវិថីការងារដ៏ល្អប្រសើរនោះទេ។ វាជាកំហុសដ៏អាក្រក់មួយ ដែលអ្នកគួរតែចៀសវាងឲ្យបាន។ 

៣- ទទួល​ស្គាល់​ស្នាដៃ
ខ្ញុំមិនយល់ទាល់តែសោះថាហេតុអ្វីបានជាវាពិបាកអ្វីម៉្លេះសម្រាប់ចៅហ្វាយនាយ ឬអ្នកគ្រប់គ្រងក្នុងការទទួលស្គាល់ស្នាដៃរបស់បុគ្គលិក និងគ្រាន់តែនិយាយពាក្យមួយម៉ាត់ថា "ធ្វើបានល្អ" យ៉ាងហោចណាស់ក៏ម្តងដែរ។ តាមបទពិសោធន៍ផ្ទាល់ខ្លួន ខ្ញុំអាចនិយាយបានថា ចៅហ្វាយភាគច្រើនគេចវេសមិនផ្តល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិករបស់ខ្លួនទេ ព្រោះពួកគេពុំបានព្យាយាមមើលឲ្យឃើញការងារល្អរបស់កូនចៅសូម្បីបន្តិចផង។ ពួកគេមានពាក្យច្រើនណាស់និយាយឲ្យអ្នក ពួកគេប្រាប់អ្នកថាកុំប្រឹងខ្លាំងពេក និងថាប្រឹងយ៉ាងណាក៏មិនឡើងតំណែងដែរ។ វាជារឿងអយុត្តិធម៌ណាស់ ហើយក៏ជារឿងគួរឲ្យខកចិត្តផងដែរ ជាពិសេសនៅពេលដែលអ្នកធ្វើការដូចសេះពេញមួយថ្ងៃ និងសូម្បីឈានដល់ល្ងាចបាក់រសៀលថែមទៀតនោះ។ ប្រសិនបើអ្នកគឺជាអ្នកគ្រប់គ្រងក្រុមការងារ ត្រូវប្រាប់ពួកគេថាពួកគេធ្វើបានល្អ។ ក្រុមការងាររបស់អ្នកនឹងគោរពអ្នក ហើយពួកគេនឹងមិនប្រាប់គេឯងថា អ្នកជាអ្នកគ្រប់គ្រងអាក្រក់នោះដែរ។ 

៤- មានម៉ោងសប្បាយៗ
មិនថាក្រុមហ៊ុនរបស់អ្នកផ្តល់នូវថវិកាសម្រាប់ម៉ោងសប្បាយៗ ឬក៏អត់នោះទេ វាជាគំនិតល្អមួយដែលត្រូវមានម៉ោងសប្បាយៗយ៉ាងតិចក៏ម្តងដែរក្នុងមួយសប្តាហ៍។ ការក្លាយជាអ្នកគ្រប់គ្រងក្រុមការងារដ៏ល្អម្នាក់មិនមែនសំដៅតែការងារមួយមុខគត់នោះទេ។ អ្នកក៏គួរតែដឹងអំពីការរស់នៅរបស់សមាជិកក្រុម ចំណាប់អារម្មណ៍ ចំណង់ចំណូលចិត្ត និងបុគ្គលិកលក្ខណៈពិសេសរបស់ពួកគេផងដែរ។ ម៉ោងសប្បាយៗគឺជាឱកាសដ៏អស្ចារ្យដើម្បីស្គាល់ក្រុមការងាររបស់អ្នកឲ្យបានល្អ ចំណាយពេលអស្ចារ្យជាមួយគ្នា និងកសាងមិត្តភាពក្នុងក្រុមការងារ។

៥- ទទួលស្គាល់កំហុសរបស់អ្នក
មនុស្សជាច្រើនមានបញ្ហាក្នុងការទទួលស្គាល់កំហុសរបស់ខ្លួន ជាពិសេសចៅហ្វាយនាយ និងអ្នកគ្រប់គ្រងតែម្តង។ ពួកគេនឹងស្វែងរកវិធីរាប់ពាន់ដើម្បីសបញ្ជាក់ថា រូបអ្នកគឺជាអ្នកខុស ហើយអ្នកពុំបានធ្វើការងារបានល្អទេ។ ទោះយ៉ាងណា​ គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះឡើយ ហើយគ្រប់គ្នាក្នុងពិភពលោកនេះសុទ្ធតែធ្លាប់មានកំហុស។ យើងគួររៀនទទួលស្គាល់វា។ យកអំនួតដ៏ខ្ពស់របស់អ្នកទុកនៅឯផ្ទះសិនទៅ ហើយកុំខ្លាចប្រាប់ក្រុមការងាររបស់អ្នកថា​ រូបអ្នកគឺជាអ្នកខុស។ អ្នកអាចនឹងមិនល្អជាងកូនក្រុមរបស់អ្នកប៉ុន្មានទេ ចុះហេតុអ្វីក៏មិនគោរពគ្នាទៅវិញទៅមក និងរៀនសូត្រពីកំហុសជាមួយគ្នាទៅ? ក្រុមការងាររបស់អ្នកនឹងកាន់តែមានបទពិសោធន៍ និងទទួលបានជោគជ័យ ប្រសិនបើពួកគេមានអ្នកគ្រប់គ្រង់ល្អ និងឈ្លាសវៃ។ 

ទោះបីជាខ្លួនអ្នកក្នុងនាមជាអ្នកគ្រប់គ្រងក្រុមការងារអាចមានជំនាញពិសេសៗជាច្រើន មានចំណេះដឹងអស្ចារ្យលើការងារខ្លួនឯង និងមានអំណាចច្រើនក៏ដោយ ក៏ប៉ុន្តែវាមិនមានន័យថាកូនក្រុមរបស់អ្នកអន់ជាងអ្នកនោះដែរ។ ពួកគេអាចនឹងមិនឆ្លាតដូចអ្នក ប៉ុន្តែអ្នកអាចជួយពួកគេឲ្យក្លាយជាសមាជិកក្រុមដ៏ល្អប្រសើរជានិច្ច។ បន្ទាប់មក នៅពេលក្រុមការងារទទួលបានជោគជ័យ អ្នកគ្រប់គ្រងរបស់ពួកគេក៏ទទួលបានជោគជ័យដែរ។ ត្រូវចាំ អ្នកគឺជាមេដឹកនាំ និងជាអ្នកធ្វើជាគំរូសម្រាប់ក្រុមការងាររបស់អ្នក។ អ្នកត្រូវតែស្វែងរកវិធីឆ្លាតវៃមួយដើម្បីជម្រុញទឹកចិត្តពួកគេឲ្យធ្វើការបានល្អ និងសម្រេចបានគោលដៅអាជីពរបស់ពួកគេ៕  

adverise with khmeread

មតិយោបល់