លោក Jose Mourinho បានទទួលស្គាល់ថាគាត់ក្រៀមក្រំ បន្ទាប់ពីជ័យជម្នះរបស់បិសាចក្រហម Manchester United ទៅលើ Southampton កាលពីយប់ថ្ងៃសុក្រក្នុងលទ្ធផល ២-០។
អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់រូបនេះបានបញ្ជាក់ថា វាមិនមែនអ្វីដែលត្រូវញញឹមទាំងស្រុងនោះឡើយនៅទឹកដី Old Trafford ខណៈកីឡាករមួយចំនួនមិនអាចដាក់បញ្ចូលក្នុងឈុតជម្រើសបាន។ នេះបើយោងតាមវេបសាយ Manchester Evening News ។
កីឡាករ Matteo Darmian, Timothy Fosu-Mensah, Phil Jones, Michael Carrick, Memphis Depay និង Marcos Rojo ទាំងអស់នេះសុទ្ធតែមិនមានឈ្មោះក្នុងឈុតជម្រើសទាំង ១៨នាក់។
Mourinho ចង់ឱ្យខែកញ្ញាមកឆាប់ ដូច្នេះទើបគាត់អាចចាប់ផ្តើមដាក់កីឡាករទាំងនោះឱ្យចូលលេងក្នុងការប្រកួតនៅក្នុង Europa League និងខាប់ក្នុងស្រុក League Cup ជាដើម។
អ្នកចាត់ការរូបនេះបានបញ្ជាក់ថា "ខ្ញុំមានកីឡាករល្អៗជាច្រើន។ ខ្ញុំធ្វើដំណើរចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ បន្ទាប់ពីការប្រកួត ហើយខ្ញុំរីករាយ ប៉ុន្តែបន្ទាប់មកខ្ញុំប្រែទៅជាក្រៀមក្រំ ដោយសារតែខ្ញុំទៅដល់ទីនោះ ឃើញកីឡាករផ្សេងទៀតនៅទីនោះដែរ ពួកគេមានឯកសណ្ឋានម៉ាក Paul Smith ប៉ុន្តែមិនមែនជាសម្លៀកបំពាក់សម្រាប់កីឡាឡើយ មិនអាចសូម្បីតែលេង មិនអាចសូម្បីតែស្ថិតនៅលើកៅអីបម្រុង"។
គាត់បានបន្តទៀតថា "ដូច្នេះពេលដែលខ្ញុំសម្លឹងមើលទៅ Memphis, Carrick, Jones គឺសុទ្ធតែកីឡាករដែលខ្ញុំមិនបានជ្រើសរើស។ ខ្ញុំចង់ឱ្យខែកញ្ញាមកដល់ឆាប់ៗណាស់។ ព្រោះខែកញ្ញាយើងនឹងមានការប្រកួត Capital One Cup យើងមាន Europa League យើងមានប្រាំពីរប្រកួតក្នុងខែកញ្ញា ហើយពួកគេទាំងអស់អាចលេងបាន ហើយបន្ទាប់មកខ្ញុំរីករាយ"៕
