ព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀនខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ព្រមទាំងដកហូតបានថ្នាំញៀន១១កញ្ចប់ និងវត្ថុតាងមួយចំនួនផ្សេងទៀតហើយនឹងបញ្ជូនទៅតុលាការនាថ្ងៃស្អែកនេះ។
ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ នៅចំណុចក្រុម១៤ ភូមិ០១ សង្កាត់០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហេងប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ។
លោកវរៈសេនីយ៍ត្រី ឆេង វុទ្ធី បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបាន ទី១-ឈ្មោះ រឹទ្ធ ង៉ែត អាយុ១៨ឆ្នាំ និងទី២-ឈ្មោះ ម៉េត សុភ័ណ្ឌ អាយុ២៣ឆ្នាំ។ ក្រោយពីឃាត់ខ្លួនកម្លាំងជំនាញ ដកហូតបានថ្នាំញៀនប្រភេទម្សៅសថ្លា១១កញ្ចប់ កញ្ឆាគ្រៀមមួយកញ្ចប់ ទូរស័ព្ទ៥គ្រឿងដាវសាំម៉ូរ៉ៃមួយដើម និងវត្ថុប្រើប្រាស់មួយទៀតផងដែរ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង២ត្រូវបានកម្លាំងការិយាល័យជំនាញបទល្មើសគ្រឿង ញៀនអាវុធហត្ថខេត្ត នាំខ្លួនយកទៅសួរនាំបន្ដ៕
