ភ្នំពេញ ៖ យុវជន២នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ ខណៈពួកជិះឌុបគ្នា ហើយត្រូវបានរថយន្តកូរ៉េដឹកខ្សាច់បើកបុក ហើយអូសជាង៣០ម៉ែត្រ បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារកង់ឡើងលើ។
ហេតុការណ៍នេះបានកើតហេតុកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចជាប់របងសាលាអន្តរជាតិណតប្រីតតាមបណ្តោយផ្លូវណតប្រីត ស្តិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថាដំបូងគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DH-0768 ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រីតក្នុងទិសដៅពីកើតជើងទៅត្បូង។
ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកូរ៉េចំណុះមួយតោនកន្លះ ពណ៌ស ពាក់ស្លាកលេខតាកែវ 3A-1758 ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនលឿន ហើយបានបុកម៉ូតូទាំងកម្រោលថែមទាំងអូសជាង៣០ម៉ែត្រធ្វើឱ្យអ្នកជិះម៉ូតូស្លាប់ភ្លាមនៅកន្លែងកើតហេតុ
ចំណែករថយន្តក្រឡាប់ផ្ងារកង់ច្រង៉ាង។
សាក្សីដដែលបានបន្តថា បន្ទាប់ពីរថយន្តបង្កគ្រោះថ្នាក់រួចតៃកុងបានចុះពីលើរថយន្តហើយគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកដល់ចំណុចកើតហេតុទាក់ទៅប៉ូលិសជំនាញធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ។ ចំណែកសព ត្រូវបានយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំស្វែងរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
