ភ្នំពេញ ៖ មនុស្សប្រុសស្រី៤នាក់បានចូលផឹកស៊ីនៅក្នុងហាងដែលមានយីហោអូឌឹមចាស់I ខណៈកំពុងផឹកស្រាប់តែមានបុរសម្នាក់ទៀតដែលអង្គុយផឹកតុផ្សេងបានមកជុលកែវជាមួយថែមទាំងចាប់ដៃចាប់ជើងធ្វើឱ្យបុរសម្នាក់ ដែលអង្គុយជាមួយនារីនៅអង្គុយជាមួយខឹងទាញកែវវាយទៅវិញទៅមក បណ្តាលឱ្យនារីម្នាក់រងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចហាងផឹកស៊ីមួយកន្លែងដែលមានយីហោ អូឌឹមចាស់I តាមបណ្តោយផ្លូវវេងស្រេង ភូមិត្រូវពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញមនុស្សប្រុសស្រីចំនួន៤នាក់ (ស្រី២នាក់)បានចូលមកផឹកស៊ីនៅខាងក្នុងខាងលើ។ ខណៈកំពុងអង្គុយតុ មួយសន្ទុះក្រោយមកស្រាប់តែមានបុរសមួយក្រុមមានគ្នា៦នាក់ បានចូលមកផឹកស៊ីក្នុងនោះដែរដោយអង្គុយតុជិតគ្នា។
សាក្សីដដែលបានបន្តថា បន្ទាប់មកស្រាប់តែភាគីខាងបុរសដែលមានគ្នា៦នាក់ក្នុងនោះមានបុរសម្នាក់បានលើកកែវមកជុលជាមួយនារីដែលអង្គុយមានគ្នា៤នាក់ ហើយបានចាប់ដៃចាប់ជើងដោយដូចជាស្គាល់គ្នា។ តែនារីនោះបានប្រកែកថាមិនដែលស្គាល់ទេធ្វើឱ្យបុរសដែលអង្គុយជានោះមានចិត្តប្រច័ណ្ឌ ហើយបានប្រាប់ទៅបុរស២នាក់ដែលមកជុលកែវជាមួយនោះឱ្យទៅអង្គុយតុកវិញ។
ក្រោយមកបុរសទាំង២នាក់នោះក៏បានទៅអង្គុយនៅតុវិញហើយបានប្រើពាក្យឌឺដងធ្វើឱ្យភាគីខាងបុរសស្រី៤នាក់នោះខឹងក៏តបតបង្កជាហិង្សាដាក់គ្នាបោកដបនិងកែវបណ្តាលឱ្យនារីម្នាក់រងរបួសត្រូវដៃម្ខាង។
សាក្សីដដែលបានបន្តទៀតថា ខណៈភាគីទាំងសងខាងកំពុងប្រយុទ្ធគ្នានៅគេបានឮសំឡេងដូចជាផ្ទុះអាវុធមួយគ្រាប់ ធ្វើឱ្យភាគីទាំងសងខាងបែកចេញពីគ្នា។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការឃាត់បុរស២នាក់ (ភាគីខាងមានគ្នា៦នាក់) យកទៅទីស្នាក់ការប៉ុស្តិ៍ចោមចៅធ្វើការសាងសួនិងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយតាមច្បាប់។
យ៉ាងណាក៏ដោយប៉ូលិសមិនបានបញ្ជាក់ពីអត្តសញ្ញាណពួកគេនៅឡើយ៕
