រឿងរ៉ាវមិនអាចពន្យល់បានជាច្រើនបានកើតឡើងនៅជុំវិញពិភពលោករៀងរាល់ថ្ងៃ។ ករណីស្លាប់ហើយរស់ឡើងវិញមានច្រើនណាស់នៅជុំវិញពិភពលោក។ ឥឡូវក្មេងជំទង់ Zach Clements ដែលស្លាប់ ២០ នាទី ហើយរស់ឡើងវិញ ចេញមកនិយាយពីបទពិសោធន៍របស់ខ្លួនឱ្យពិភពលោកបានដឹង។
Zach អាយុ ១៧ ឆ្នាំរស់នៅរដ្ឋតិចសាសជាបុរសវ័យក្មេងរហ័សរហួន និងមានសុខភាពមាំមួន ប៉ុន្តែថ្ងៃមួយគាត់បានដួលសន្លប់ពេលកំពុងហាត់ប្រាណនៅ Gym មួយកន្លែង។ Zach ត្រូវបាននាំទៅមន្ទីរពេទ្យយ៉ាងប្រញាប់ប្រញាល់ដោយសារគាំងបេះដូង។ វេជ្ជបណ្ឌិតបានប្រកាសថារូបគេបានស្លាប់ហើយ...ប៉ុន្តែ ២០ នាទីក្រោយមកក្រុមគ្រូពេទ្យមានការងឿងឆ្ងល់ជាខ្លាំង ដែលរឿងអព្ភូតហេតុបានកើតឡើង។
Zach លែងមានជីពចរ ២០ នាទី។ ក្មេងប្រុសជំទង់នេះស្រាប់តែភ្ញាក់ដឹងខ្លួនវិញ ក្នុងហេតុការណ៍ដែលគេមិនអាចពន្យល់បាននោះឡើយ។ រឿងរ៉ាវនេះកើតឡើងនៅថ្ងៃទី ១៥ ខែឧសភា ២០១៥។ ព្រឹត្តិការណ៍នេះពិតជាអស្ចារ្យហើយ ប៉ុន្តែអ្វីដែលគាត់ប្រាប់វេជ្ជបណ្ឌិត និងឪពុកម្តាយទើបជារឿងគួរភ្ញាក់ផ្អើល។
Zach បានប្រាប់ទូរទស្សន៍ CBS DFW ថា ពេលគាត់ស្លាប់ ២០ នាទី គាត់មានអារម្មណ៍ស្ងប់សុខ និងបានឃើញមុខមនុស្សដូចធ្លាប់ស្គាល់ម្នាក់។ រូបគេនិយាយថា "ខ្ញុំឃើញបុរសសក់វែង និងពុកមាត់ក្រាស់ ហើយគិតមួយភ្លែតទើបខ្ញុំដឹងថា នោះជាព្រះយ៉េស៊ូ"។
Zach អះអាងថា ព្រះយេស៊ូបានដាក់ដៃលើស្មាខ្លួន រួចប្រាប់ថាអ្វីៗនឹងមិនអីនោះទេ បន្ទាប់មកបេះដូងរបស់ខ្ញុំបានចាប់ផ្តើមលោតឡើងវិញ។
យោងតាមក្រុមគ្រូពេទ្យដែលព្យាបាល Zach បានឱ្យដឹងថា គ្មានអំណះអំណាងបែបវិទ្យាសាស្ត្រណាមួយអាចពន្យល់អំពីការរស់ឡើងវិញរបស់ Zach ទេ។ ហើយពួកគេក៏មិនដឹងថាអ្វីដែល Zach និយាយជារឿងពិតឬប្រឌិតនោះឡើយ។
ចម្ងល់មួយនេះបានធ្វើឱ្យឪពុកម្តាយរបស់គាត់ និងគ្រូពេទ្យនៅតែងឿងឆ្ងល់ខ្លាំង ហើយក៏មិនមានភស្តុតាងអ្វីមកបញ្ជាក់ច្បាស់អំពីអព្ភូតហេតុនេះដែរ៕
