adverise with khmeread 14045146 1221941457856139 1308457951 o

និស្សិត​ពេទ្យ​រៀន​នៅ​ចិន​ប្រាប់ តិច​និ​ច​សន្សំ​ពិន្ទុ​មួយ​ជាប់ៗ​សម្រាប់​សិស្ស​សង្ឃឹម​តិច​

    ​លោក ថន វុត្ថា​ ជានិស្សិតថ្នាក់អនុបណ្ឌិតវេជ្ជសាស្ត្រឯកទេស នៅសាធារណៈប្រជាមានិតចិន បានផ្ដល់​អនុសាសន៍​ដ​ល់​ប្អូនៗ​កំពុង​រៀន​ថ្នាក់​ទី​១២ ហើយ​ត្រូវ​ប្រលង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ហើយ​លោក​បាន​ប្រាប់​ពី​របៀប​តិច​និ​ច​សន្សំ​ពិន្ទុ​សម្រាប់​សិស្ស​ដែល​សង្ឃឹម​តិច អាចជា​ល្បិច​មួយ​សម្រាប់​ប្រលង​យកជ័យ​ជម្នះ​។​

​   លោក ថន វុត្ថា (រូបកណ្តាល)

 ​ខាងក្រោម​នេះ​គឺជា​ខ្លឹមសារ​ទាំងស្រុង​របស់លោក ថន វុត្ថា​ដែល​ផ្ញើ​មកពី​ប្រទេស​ចិន​៖

​    ​- ជាដំបូង​ខ្ញុំ​សូម​អរគុណ​គេហទំព័រ​ខ្មែរ​រីដ ដែល​បាន​ផ្តល់់ឱកាស​ឲ្យ​ខ្ញុំ​បានផ្តល់​មតិយោបល់​ទៅកាន់​ប្អូនៗ ដែល​នឹងត្រូវ​ប្រលង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ថ្ងៃស្អែក​។ ខ្ញុំ​ជឿជាក់ថា​ឆ្លងកាត់​ការសិក្សា​ទាំង​ដប់​ពីរ​ឆ្នាំ​កន្លងមកនេះ ប្អូនៗ​ពិតជា​ធ្លាប់បាន​ឆ្លងកាត់​ការប្រលង​រាប់មិនអស់ ហើយ​ប្អូនៗ​ច្បាស់​ជាមាន​ការត្រៀមខ្លួន រួម​ជាមួយនឹង​បច្ចេកទេស​សម្រាប់​ការប្រលង​នេះ​គ្រប់គ្រាន់​ទៅហើយ​។ 

​    ​មួយថ្ងៃ​មុន​ប្រលង គឺជា​ពេល​ដ៏​តានតឹង លាយឡំ​ជាមួយនឹង​ក្តី​ព្រួយបារម្ភ​និង​ថប់​អារម្មណ៍​ជាទីបំផុត ជាពិសេស​សម្រាប់​ប្អួ​នៗ​ដែល​រៀន​ពុំ​សូវ​ពូកែ ឬក៏​មាន​អារម្មណ៍​ថា​ខ្លួនឯង​ត្រៀម​ពុំបាន​គ្រប់គ្រាន់​នៅឡើយ​។​

​    ​ខាងក្រោម​នេះ​គឺជា មតិយោបល់​បន្តិចបន្តួច ដែល​អាចជា​ជំនួយស្មារតី​សម្រាប់​ប្អូនៗ ជោគជ័យ​ក្នុង​ការប្រលង ទោះបីជា​ពុំបាន​ត្រៀម​គ្រប់គ្រាន់​ក៏ដោយ​។​

​    ​១. កត្តា​ផ្លូវចិត្ត​៖ ការរក្សាបាន​នូវ​អារម្មណ៍​នឹងនរ គឺជា​រឿង​សំខាន់បំផុត​។ យើង​តែងតែមាន​អារម្មណ៍មិនល្អ ខ្លាច​ធ្លាក់ ខ្លាច​ការប្រលង ហាក់បីដូចជា​មានការ​គំរាមកំហែង​ផ្លូវចិត្ត​មួយ​យ៉ាង​ធំ​។ អ្នកខ្លះ​ប្រដូច​ការប្រលង​ទៅនឹង​ការប្រយុទ្ធ​ដ៏​ស្វិតស្វាញ​មួយ តែ​ធាតុពិត​មិន​ដូច្នោះ​ទេ​។ ប្អូនៗ​តែងតែមាន​អារម្មណ៍​ខ្លាច​ធ្លាក់ តែ​ប្អូនៗ​ពុំដែល​បានគិត​ថា​អ្នក​ដែល​ដាក់​វិញ្ញាសារ​ប្រលង  រឹតតែ​ខ្លាច​ប្អូនៗ​ធ្លាក់​ជាង​ខ្លួន​ប្អូន​ផ្ទាល់​ទៅទៀត​។ ទាំង​រដ្ឋមន្ត្រីក្រសួង​អប់រំ ទាំង​អ្នក​ដាក់​វិញ្ញាសា និង​អនុរក្ស​នៅក្នុង​បន្ទប់​ប្រលង​បន់​ឲ្យ​តែ​ប្អូនៗ​ប្រលង​ជាប់​ឲ្យ​បាន​ច្រើន ហើយ​ការប្រលង​នោះ គឺ​គ្រាន់តែ​ដើម្បី​រក្សា​នូវ​គុណភាព​អប្បបរមា​មួយ​ប៉ុណ្ណោះ​។ ដូច្នេះ ខ្ញុំ​ចង់​ដាស់សតិ​អារម្មណ៍​ថា ប្អូនៗ​មិន​មានអី​ត្រូវ​បារម្ភ​ជ្រុល​ពេក​នោះទេ គ្រាន់តែ​ត្រៀមខ្លួន ត្រៀម​អារម្មណ៍​សម្រាប់​ការប្រលង​តាម​ធម្មតា មាន​ទំនុកចិត្ត និង​ចៀសវាង​ការ​ភ្លេចភ្លាំង​នានា​។ 

​    ​២. ការត្រៀមខ្លួន​មុនពេល​ប្រលង ៖
​អ្នកខ្លះ​និយាយថា មុនពេល​ប្រលង​បេក្ខជន​គប្បី​សម្រាក​និង​មិនត្រូវ​មើល​មេរៀន​អ្វី​ទៀតឡើយ​។ ប៉ុន្តែ​ការអនុវត្ត មិន​ដូច្នោះ​ពេក​ឡើយ​។  មួយថ្ងៃ​មុនពេល​ប្រលង​ត្រូវ​រៀបចំ​រួចជាស្រេច​នូវ​សម្ភារៈ​នានា រួមទាំង​ប៊ិច បន្ទាត់ ខ្មៅ​ដៃ ក្រដាស់​រូបមន្ត សម្លៀកបំពាក់ យានជំនិះ កាត​សិស្ស ជាដើម ដែល​នឹង​ជួយ​ឲ្យ​ប្អូន​កាត់បន្ថយ​ភាព​ស្លន់ស្លោ​ជាយថាហេតុ​។ ប្អូនៗ​គួរ​សម្រាក​ខ្លះ ព្រមទាំង​បន្ធូរ​បរិយាកាស​តានតឹង​ខ្លះ និង​គិតគូរ​ពី​សុខភាព​មុនពេល​ប្រលង​។ ប៉ុន្តែ​មិនមែន​បញ្ឈប់​ការ​រំលឹក​មេរៀន​ទាំងស្រុង​ឡើយ ពោលគឺ​ត្រូវ​ចេះ​កាត់បន្ថយ​ដោយ​ស្រង់​យកតែ​ចំណុច​សំខាន់ៗ​យកមក​មើល​។ 

​    ​ប្អូន​គប្បី​ផ្តោតចិត្ត​ទុកដាក់​លើ កំណត់ត្រា​ក្នុង​ថ្នាក់ ឬក៏​មេរៀន​ដែល​ធ្លាប់បាន​មើល ជាជាង​ទៅ​មើល​អ្វីដែល​ថ្មី ដែល​មិន​ធ្លាប់​មើល​ពីមុន ព្រោះថា​រយៈពេល​មួយថ្ងៃ​មុន​ប្រលង យើង​មិនអាច​នឹង​ចាប់យក​អ្វីដែល​ថ្មី​ទៀតឡើយ ផ្ទុយទៅវិញ​វា​កាន់តែ​ធ្វើ​ឲ្យ​បាត់បង់​ទំនុកចិត្ត​លើ​ខ្លួនឯង​ទៅវិញ​ថែមទៀត​។ សៀវភៅពុម្ព​និង​ឯកសារ​សង្ខេប​របស់​ក្រសួង​អប់រំ ជា​ឯកសារ​ដែល​សំខាន់​ជាងគេ​។ ចំពោះ​មេរៀន​ដែល​មិនទាន់បាន​មើល​និង​មិនមាន​ពេល​គ្រប់គ្រាន់ ប្អូនៗ​គួរ​អាន​និយមន័យ​នៃ​មេរៀន​នីមួយៗ  គឺជា​ប្រភេទ​សំណួរ​ដែល​គេ​ចូលចិត្ត​សួរ​។ អ្វីដែល​មិនគួរ​មើលរំលង​នោះ គឺ​វិញ្ញាសារ​ឆ្នាំ​ចាស់ៗ ព្រោះ​វា​ក៏​ជា​ទម្រង់​មួយ​ដែល​អាច​ឲ្យ​ប្អូនៗ​ទស្សន៍ទាយ​បាន​នូវ​ប្រភេទ​សំណួរ​ដែល​គេ​ចូលចិត្ត​សួរ​។ 

​    ​៣. នៅពេល​ប្រលង ៖
​ទីមួយ គប្បី​យកចិត្តទុកដាក់​បំពេញ​ក្បាល​ស​ន្លឺ​ក​ការងារ (​ឈ្មោះ លេខ​តុ លេខ​បន្ទប់​) ឲ្យ​បាន​ច្បាស់​, ទី​ពីរ សម្រាប់​ប្អូនៗ​ដែល​មិនសូវ​ពូកែ គួរ​យកចិត្តទុកដាក់​លើ​វិញ្ញាសារ​មេរៀន ដូចជា​ប្រវត្តិវិទ្យា ភាសា​ខ្មែរ ភូមិវិទ្យា និង​ផែនដីវិទ្យា​ជាដើម​។ មុខវិជ្ជា​ទាំងនោះ មាន​សំណួរ​បើក​ជាច្រើន ដែល​អនុញ្ញាត​ឲ្យ​ប្អូនៗ​អាច​បញ្ចេញ​ចំណេះដឹង​ផ្ទាល់ខ្លួន​បាន ហើយក៏​ជា​មុខវិជ្ជា​ដែលមាន​ពិន្ទុ​ច្រើន​គួរសម​ផងដែរ​។ ចំពោះមុខ​វិជ្ជា​ភាសា​ខ្មែរ ប្អូនៗ​គួរ​សរសេរ​ភ្ជាប់​ទៅនឹង​សាច់រឿង​ស្នាដៃ​និពន្ធ​នានា​ឲ្យ​បាន​ច្រើន ទោះបីជា​ប្អូនៗ​គ្រាន់តែ​ដឹង​សាច់រឿង​នោះ​ទាំង​ស្រពិចស្រពិល​ក៏ដោយ ពេលខ្លះ​សឹងតែ​អាច​សរសេរ​ស្មានៗ​ក៏បាន ដោយ​គ្រាន់តែ​ស្គាល់ឈ្មោះ​តួអង្គ និង​ចំណងជើង​រឿង​ទាំងនោះ​។ 

​    ​ថ្វីត្បិតតែ​វា​មិនមែនជា​មធ្យោបាយ​ល្អ តែ​វា​ពិត​ជាមាន​ប្រសិទ្ធភាព​អាចជួយ​ស​ង្រោះ​ប្អួ​ន​នៅពេល​ប្រលង​បាន​។ អ្វីដែល​សំខាន់ គឺ​មិនត្រូវ​ទុក​ក្រដាស់​ស​ឡើយ​សម្រាប់​សំណួរ និង​វិញ្ញាសា​ដែល​អាច​បញ្ចេញមតិ​បាន ព្រោះ​នៅក្នុង​ការផ្តល់​ពិន្ទុ​លើ​វិញ្ញាសា​បែប​នោះ ប្រសិន​ការបញ្ចេញមតិ​ផ្ទាល់ខ្លួន​មាន​ហេតុផល​ទទួលយកបាន ប្អូនៗ​នឹង​ទទួលបាន​ពិន្ទុ​ចាប់ពី ៥០​ទៅ​៧០​ភាគរយ ទោះបីជា​មិនត្រូវ​ដូច​អត្រាកំណែ​ទាំងស្រុង​ក៏ដោយ​។ 

​    ​ចំណុច​សំខាន់​ទី​បី គឺ អក្សរ​មាន​របៀប​។ មិន​ថា​ប្អូនៗ​សិស្ស​ខ្សោយ​កម្រិតណា​នោះទេ តែ​ពេល​ប្រលង​ប្អូន​ធ្វើការ​ងារ​ឲ្យ​ដូចជា​អ្នករៀន គឺ​ត្រូវ​សរសេរ​ប្រិតប្រៀង ចេះ​គូសបន្ទាត់ ចូល​បន្ទាត់ សរសេរ​ដកឃ្លា ងាយស្រួល​មើល​។ អក្សរ​ស្អាត ងាយស្រួល​មើល អាចធ្វើ​ឲ្យ​អ្នក​កែ​វិញ្ញាសារ​យល់ថា​ប្អូន គឺជា​សិស្ស​ដែល​ប្រឹងប្រែង​រៀនសូត្រ​ម្នាក់ ហើយ​ទោះជា​ប្អូន​ធ្វើ​មិនបាន​ល្អ​គឺ​ដោយសារ​មើល​មេរៀន​មិនសូវ​ចំ​តែប៉ុណ្ណោះ ផ្ទុយទៅវិញ​សំណេរ​ខ្ជីខ្ជារ មិនមាន​របៀប ពិបាក​មើល នឹងធ្វើ​ឲ្យ​បេក្ខជន​ងាយ​បាត់បង់​ពិន្ទុ​ជាច្រើន​។ 

​    ​ចំពោះ​វិញ្ញាសា​វិទ្យាសាស្ត្រ​វិញ ទាំង​អ្នក​ពូកែ​និង​មិនសូវ​ពូកែ គប្បី​ស្វែងយល់ថា​ការផ្តល់​ពិន្ទុ​ក្នុង​លំ​ហាត់​មួយ​ធ្វើ​ឡើងជា​ដំណាក់ៗ គឺ​ពុំមែន​ស្ថិតនៅលើ​ច​មើ្ល​យ​ចុងក្រោយ​តែមួយ​នោះឡើយ​។ ដូច្នេះ​ប្រសិន​ប្អូនៗ​ចេះ​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​ការសរសេរ​កាត់​ពេក​នឹងធ្វើ​ឲ្យ​ខាត​ពិន្ទុ​ផងដែរ​។ ផ្ទុយទៅវិញ​ប្អូនៗ​មិនចាំបាច់​ទាល់តែ​ចេះ​ទាំងស្រុង​ទើប​អាចធ្វើ​លំ​ហាត់​នោះបាន​ឡើយ ប្អូនៗ​អាច​សរសេរ​តែ​អ្វីដែល​យើង​ចេះ ឬក៏​ប្រហាក់ប្រហែល ដូចជា​រូបមន្ត ដែល​អាច​ឲ្យ​ប្អូន​ស្វែងរក​ពិន្ទុ​មួយចំនួន​បន្ថែម​។ ចំណុច​សំខាន់​មួយទៀត គឺ​ត្រូវ​ចេះ​លៃលក​ពេលវេលា​ឲ្យ​បាន​សមរម្យ ដោយ​ធ្វើ​លំ​ហាត់​ឬ​សំណួរ​ណា​ចេះ​ច្បាស់​មុន និង​មិនសូវ​ចេះ​ទុក​ធ្វើ​បន្ទាប់​។ ក្នុង​ចំណុច​នេះ សំណួរ​ដែល​យើង​គិតថា​មិនទាន់​ច្បាស់ គួ​រំ​រលង​ពីរ​បី​បន្ទាត់​ទុក រួច​ទៅធ្វើ​សំណួរ​បន្ត ពោលគឺ​មិនត្រូវ​ចំណាយពេល​យូរពេក ឬ​សរសេរ​ច្រើនពេក​លើ​សំណួរ​តែមួយ​ឡើយ ព្រោះថា​ជួនកាល​ពេល​ចុង​ម៉ោង​យើង​អាច​នឹង​នឹកឃើញ​ចម្លើយ​បន្ថែម​តាម​ក្រោយ​វិញ​។ 

​    ​ជាពិសេស គួរ​ព្យាយាម​ឆ្លើយ​សំណួរ​ឲ្យ​បាន​ច្រើន មួយ​មុខ​បន្តិចៗ ជាជាង​សរសេរ​តែមួយ​សំណួរ​វែង​អន្លាយ​ពេក​នាំឱ្យ​មិនមាន​ពេល​សរសេរ​សំណួរ​ផ្សេងៗ​ទៀត​។ អ្វីដែល​ខ្ញុំ​កត់សម្គាល់​ញឺ​ក​ញាប់​នោះ គឺថា​ក្នុង​វិញ្ញាសា​ភាសារ​អង់គ្លេស បេក្ខជន​ទុក​សំណេរ​អត្ថបទ​ចោល ដោយ​គិតថា​មើល​ប្រធានបទ​មិនសូវ​យល់ មិន​ហ៊ាន​សរសេរ​។ តាមពិតទៅ​សំណេរ​អត្ថបទ​ភាសា​អង់គ្លេស គឺជា​ពិន្ទុ​ជំនួយ​ទៅវិញ​ទេ ព្រោះថា​គេ​មិនអាច​រំពឹង​ឲ្យ​បេក្ខជន​ធ្វើបាន​ល្អ ដូច​សរសេរ​ភាសាជាតិ​ឡើយ​។ ដូច្នេះ​តាម​យោបល់​ខ្ញុំ ប្អូន​មិនគួរ​រំលង​វិញ្ញាសា​នោះឡើយ ប្អូនៗ​គប្បី​សរសេរ​អ្វីដែល​អាច​សរសេរ​បាន ទោះបី​សរសេរ​ចាក​អត្ថបទ ក៏​វា​អាច​បង្ហាញ​នូវ​ចំណេះ​មួយទៀត​របស់​ប្អូន​ក្នុងការ​ប្រើប្រាស់​ភាសា​អង់គ្លេស​ក្នុង​កម្រិត​មួយ​ផងដែរ ហើយ​ជាការ​លើកទឹកចិត្ត ប្អូនៗ​គួរ​គិតថា​តើ​នឹងមាន​គ្រូ​ភាសា​អង់គ្លេស​ប៉ុន្មាន​អ្នក​ដែល​នឹង​កែ​លើ​វិញ្ញាសា​។​

​    ​សរុបមក​អ្វីដែល​បាន​លើក​មក​រៀបរាប់​ខាងលើ គឺ​គ្រាន់តែ​ជា​មតិយោបល់​ផ្ទាល់ខ្លួន​របស់ខ្ញុំ ក្នុង​គោលបំណង លើកទឹកចិត្ត និង​ពង្រឹងស្មារតី​ដល់​ប្អូនៗ​ថ្នាក់​ទី​១២ ដែល​នឹងត្រូវ​ប្រលង​នៅ​ថ្ងៃស្អែក​នេះ​។ ចុងក្រោយ​សូម​ជូនពរ​ដល់​ប្អូនៗ​ថ្នាក់​ទី​១២ ឲ្យ​ប្រលង​ជាប់​បាក់​ឌុប​ទាំងអស់ និង​ទទួលបាន​លទ្ធផល​ជាទី​គាប់ចិត្ត​៕

រៀបរៀងដោយ៖ លោក ថន វុត្ថា

adverise with khmeread

មតិយោបល់