ភ្នំពេញ ៖ យុវជន២នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ ខណៈពួកជិះឌុបគ្នាហើយត្រូវបានរថយន្តកូរ៉េដឹកខ្សាច់បើកបុក ហើយអូសជាង៣០ម៉ែត្របណ្តាលរថយន្តក្រឡាប់ផ្ងារកង់ឡើងលើនោះ នៅពេលនេះស្គាល់អត្តសញ្ញាណហើយ។
គ្រោះថ្នាក់នេះបានកើតហេតុកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចជាប់របងសាលាអន្តរជាតិណតប្រីតតាមបណ្តោយផ្លូវណតប្រីត ស្តិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប៉ូលិសនិយាយថា សពជនរងគ្រោះទី១-ឈ្មោះ កង ស៊ីណាត ភេទប្រុស អាយុ២៤ឆ្នាំមុខរបរជាងពិដាន ស្នាក់នៅភូមិដំណាក់ស្វាយ ឃុំល្វេស្រុកកោះសូទិន ខេត្តកំពង់ចាម និងទី២-ឈ្មោះ វ៉ាន់ នី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកំពង់ភ្នំ ឃុំកំពង់ពោធិ៍ ស្រុកលើកដែក ខេត្តកណ្តាល។
ប៉ូលិសបន្តថា ដំបូងគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DH-0768 ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រីតក្នុងទិសដៅពីជើងទៅត្បូង។
ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកូរ៉េចំណុះមួយតោនកន្លះ ពណ៌ស ពាក់ស្លាកលេខតាកែវ 3A-1758 ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនលឿន ហើយបានបុកម៉ូតូទាំងកម្រោលថែមទាំងអូសជាង៣០ម៉ែត្រ ធ្វើឱ្យអ្នកជិះម៉ូតូស្លាប់ភ្លាមនៅកន្លែងកើតហេតុចំណែករថយន្តក្រឡាប់ផ្ងារកង់ច្រង៉ាង។
បន្ទាប់ពីរថយន្តបង្កគ្រោះថ្នាក់រួចតៃកុងបានចុះពីលើរថយន្តហើយគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកដល់ចំណុចកើតហេតុទាក់ទៅប៉ូលិសជំនាញធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ។ ចំណែកសពត្រូវបានយកទៅតម្កល់ទុកនៅវត្តទឹកថ្លាឥឡូវបានស្វែងរកក្រុមគ្រួសារឃើញហើយបានមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកំណើត៕
