Unnamed

សមត្ថកិច្ចខណ្ឌឫស្សីកែវចាប់ពួកជល់មាន់៦នាក់, មាន់៣ក្បាល និងម៉ូតូ១៤គ្រឿង

    ភ្នំពេញ​ ៖​ ទោះបីទីតាំងជល់មាន់នៅលើទឹកដីខណ្ឌឫស្សីកែវលេងចល័តជាញឹកញាប់ ក៏ដោយ​សមត្ថកិច្ចចម្រុះខណ្ឌ បានសហការបង្ក្រាបទីតាំងល្បែងជល់មាន់ចល័តកាលពីវេលាម៉ោង១០ កន្លះ​ ថ្ងៃទី២១ សីហានេះ​ ដោយចាប់ខ្លួនអ្នកញៀនល្បែង៦នាក់,​​ មាន់ជល់​៣ក្បាល និងម៉ូតូ ១៤ គ្រឿង​ ហើយពួកគេប្រឈមមុខចំពោះតុលាការ​។

    ប៉ូលិសនិយាយថា​ ក្រោយពីបានស្រាវជ្រាវ ចំពោះសមាសសភាពក្រុមលេងល្បែងជល់មាន់ ដែលតែងតែចល័តទីតាំងតាមបណ្តាសង្កាត់ទាំង៦ ក្នុងភូមិសាស្រ្ត ខណ្ឌឬស្សីកែវកន្លងមក ឈានដល់កំណត់បាននូវម៉ោងពេល និងទីតាំងផ្លាស់ប្តូរចល័តធ្វើសកម្មភាពលេងល្បែងជល់មាន់ សមត្ថកិច្ចចម្រុះ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបជាក់ស្តែងតែម្តងស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុមទី១​ ភូមិទួលគោក សង្កាត់ទួលសង្កែ​ ខណ្ឌឫស្សីកែវ​។

    ប៉ូលិសបន្តថា​ ប្រតិបត្តិការបង្ក្រាបនេះដឹកនាំបញ្ជាផ្ទាល់ ដោយលោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ ដោយមានការចូលរួមសម្របសម្រួលពីសំណាក់លោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ  សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ, កម្លាំងប្រជាការពារសង្កាត់ទួលសង្កែ, សង្កាត់ឫស្សីកែវ និងកម្លាំងប៉ូលិសប៉ុស្តិ៍គីឡូម៉ែត្រលេខ៦​។

    ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សពាក់ព័ន្ធចំនួន ៦នាក់ (ប្រុស) មាន់ជល់ចំនួន៣ក្បាល និងម៉ូតូចំនួន១៤គ្រឿង។

    ក្រោយពីកិច្ចប្រតិបត្តិការត្រូវបានបញ្ចប់ ជនសង្ស័យខាងលើត្រូវបានបញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី​។

    លោកអធិការប៉ូលិសបានប្តេជ្ញាថា​ នឹងបន្តបើកការស្រាវជ្រាវបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ និងបង្ក្រាបជាប់ជាប្រចាំ​៕


 

មតិយោបល់