ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានស្រែកខ្លាំងៗដាក់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអាទិត្យ បន្ទាប់ពីអង្គការនេះអំពាវនាវឱ្យបញ្ចប់រលកនៃការសម្លាប់ កើតចេញពីសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ដោយនិយាយថា លោកអាចនឹងចាកចេញពីអង្គការនេះ និងអញ្ជើញចិន និងប្រទេសផ្សេងទៀតបង្កើតអង្គការថ្មីមួយទៀត។
អ្នកជំនាញសិទ្ធិមនុស្សរបស់ UN ២នាក់កាលពីសប្តាហ៍មុនបានជំរុញឱ្យរដ្ឋាភិបាលក្រុងម៉ានីលបញ្ឈប់ការប្រហារជីវិតនិងសម្លាប់ក្រៅប្រព័ន្ធតុលាការ ដែលបានកើនឡើងតាំងពីលោក Duterte ឈ្នះឆ្នោតជាប្រធានាធិបតីតាមរយៈការសន្យាលុបបំបាត់គ្រឿងញៀនឱ្យអស់។ អ្នកជួញដូរគ្រឿងញៀនប្រហែល ៩០០ នាក់ត្រូវសម្លាប់តាំងពីលោកឡើងកាន់អំណាច បន្ទាប់ពីឈ្នះការបោះឆ្នោតថ្ងៃ ៩ ឧសភា។
លោក Duterte បានបដិសេធកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលលោកជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការស្លាប់នេះ ហើយនៅក្នុងសន្និសីទកាសែតពាក់កណ្តាលយប់ក្នុងទីក្រុងកំណើត Davao លោកបាននិយាយថា ការស្លាប់នេះមិនមែនដោយសារការងាររបស់ប៉ូលិសទេ ហើយបានអញ្ជើញអ្នកជំនាញ UN មកស៊ើបអង្កេតដោយខ្លួនឯង។ លោកនិយាយថា "ខ្ញុំនឹងសបញ្ជាក់ប្រាប់ពិភពលោកថា អ្នកឯងជាអ្នកជំនាញឆ្កួតសុទ្ធសាធ" ដោយលោកជំរុញឱ្យពួកអ្នកជំនាញនោះមករាប់មិនមែនត្រឹមចំនួនអ្នកស្លាប់ទាក់ទងគ្រឿងញៀនទេ តែត្រូវរាប់ទាំងចំនួនជីវិតមនុស្សស្លូតត្រង់ដែលស្លាប់ដោយសារគ្រឿងញៀនផង។
បន្ទាប់មកលោកបានបើកការវាយប្រហារលើ UN និងសមាជិករបស់ខ្លួន រួមទាំងសម្ព័ន្ធមិត្តជិតស្និទ្ធប្រចាំត្រកូលរបស់ហ្វីលីពីនគឺ អាមេរិក ផងដែរ ដោយនិយាយថា អង្គការនេះមិនអាចបំពេញការងារក្នុងអាណត្តិរបស់ខ្លួនបានផង បែរជាមក "បារម្ភឆ្អឹងខ្មោចឧក្រិដ្ឋជនគរលើគ្នាទៅវិញ"។ លោកបន្តថា "ខ្ញុំមិនចង់ប្រមាថអ្នកឯងទេ។ ប៉ុន្តែប្រហែលយើងត្រូវសម្រេចចិត្តផ្តាច់ចេញពីអង្គការសហប្រជាជាតិហើយ។ ហេតុអ្វីអ្នកត្រូវស្តាប់ពួកឆ្កួតៗបែបនេះ?"៕
ប្រភព៖ straitstimes
