adverise with khmeread 14111912 1039507992830782 1998488684 n

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ពីបទប្រើប្រាស់គ្រឿងញៀន

    សៀមរាប ៖ កម្លាំងប៉ូលិសប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន០៣នាក់ទៅសាលាដំបូងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ 

    គួរំលឹកផងដែរថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះ លោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំគ្រឿងញៀន បានដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅបន្ទប់ជួល ក្រុមទី០៦ ស្ថិតនៅក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប ដោយមានការចូលរួមសហការពីកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយដង្គុំ ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងប៉ូលិស បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៣នាក់ និងឆែកឆេររកឃើញវត្ថុតាងគ្រឿងញៀន និងរបស់របរមួយចំនួនទៀត។ 

    លោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យបានឱ្យដឹងថា ជនសង្ស័យដែលប៉ូលិសឃាត់ខ្លួនបានមាន ទី១-ឈ្មោះ ឯម វណ្ណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិខ្វៀន សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប (ជួញដូរ), ទី២-ឈ្មោះ ស្រី ណារី ភេទស្រី អាយុ២១ឆ្នាំ មុខរបរ នារីខារ៉ាអូខេ ស្នាក់នៅភូមិវាល សង្កាត់សំបួរ ក្រុង-ខេត្តសៀមរាប (ប្រើប្រាស់), និងទី៣-ឈ្មោះ ឌិន សម្ភស្ស ភេទស្រី អាយុ២១ឆ្នាំ មុខរបរនារីខារ៉ាអូខេ ស្នាក់នៅភូមិចំរេះ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួយខាងលើ (ប្រើប្រាស់)។ 

    លោកនាយការិយាល័យបានបន្តថា វត្ថុតាងដែលប៉ូលិស ដកហូតបានក្នុងកិច្ចប្រតិបត្តិនេះមាន ថ្នាំញៀនជាប្រភេទម៉្សៅមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន១៤កញ្ចប់តូច, ទូរស័ព្ទដៃចំនួន០៥គ្រឿង, ដាវធ្វើពីដែកចំនួន០៣ដើម, ស្លាកលេខម៉ូតូ០២សន្លឹក និងឧបករណ៍ប្រើប្រាស់ វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។ លោកនាយការិយាល័យបានបញ្ជាក់បន្ថែមថា ជនសង្ស័យនៅចំពោះមុខប៉ូលិស បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រើប្រាស់ និងរក្សាទុកជួញដូរគ្រឿងញៀនពិតប្រាកដមែន។

    បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងប៉ូលិស បានសម្រេចបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរ៉ា ស្នងការរង ជាប្រធានការិយាល័យកណ្ដាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕

adverise with khmeread

មតិយោបល់