Antoine Griezmann បានទទួលស្គាល់កាលពីថ្ងៃអាទិត្យថា គាត់នឹងប៉ុនប៉ងផ្ទេរចូលក្របខ័ណ្ឌលីកកំពូលអង់គ្លេស Premier League ប្រសិនបើគាត់ចាកចេញពី Atletico Madrid។
ខ្សែប្រយុទ្ធស្លាបរូបនេះបានខកចិត្តទ្វេដងក្នុងអំឡុងរដូវក្តៅនេះ ដោយបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ Champions League ក្រោមដៃ Real Madrid ក្នុងវគ្គប៉េណាល់ទីកាត់សេចក្តី មុនពេលដែលត្រូវបំបាក់ដោយព័ទុយហ្គាល់ក្នុងម៉ោងបន្ថែមវគ្គផ្តាច់ព្រ័ត្រនៃបាល់ទាត់កំពូលទ្វីបអឺរ៉ុប Euro 2016 ជាមួយប្រទេសបារាំង។
Griezmann បានក្លាយទៅជាផ្នែកមួយនៃកីឡាករដែលមានទេពកោសល្យកំពូលរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ។ មានសេចក្តីរាយការណ៍ជាច្រើនអំពីក្រុមបាល់ទាត់នៅ Premier League បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការចុះហត្ថលេខាទិញយកគាត់។ Idol មួយរូបរបស់តារាបាល់ទាត់វ័យ ២៥ឆ្នាំរូបនេះ អាចជាការបើកផ្លូវមួយដល់រូបគេចូលរួមក្លឹបមួយរបស់អង់គ្លេសនាពេលខាងមុខ។
ដោយបញ្ជាក់ទៅកាន់កាសែត The Guardian គាត់បានបង្ហើបឱ្យដឹងថា David Beckham គឺជាមនុស្សមានឥទ្ធិពលបំផុតសម្រាប់គាត់ ដោយបញ្ជាក់ថា "ខ្ញុំចូលចិត្តគាត់ខ្លាំងណាស់។ គាត់គឺជានិមិត្តរូបរបស់ខ្ញុំ។ នោះហើយដែលជាហេតុផលដែលខ្ញុំពាក់ឯកសណ្ឋានដៃវែង និងពាក់លេខ ៧"។
ខណៈដែលគេចោទសួរពីគំនិតនៃការផ្ទេរមកក្លឹបកំពូលអង់គ្លេស Griezmann មិនបានបដិសេធឡើយ ដោយគាត់បានបកស្រាយថា "ត្រឹមត្រូវហើយ ហេតុអ្វីមិនអាច? ប្រសិនបើខ្ញុំផុតកំណត់កុងត្រាជាមួយ Atletico ខ្ញុំនឹងសួរខ្លួនឯងជាមួយនឹងសំណួរមួយនោះ"៕
