adverise with khmeread 1942300 620x413

ថៃ​នឹង​ប្រជែង​ជាមួយ​កម្ពុជា​និង​វៀតណាម​ក្នុងការ​ដេញថ្លៃ​សិទ្ធិ​លក់​អង្ករ​ទៅ​ហ្វីលីពីន​

​    ​យោងតាម​វេ​ប​សាយ​បាងកក​ប៉ុស្តិ៍​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​បានឱ្យដឹងថា ប្រទេស​ថៃ​នឹង​ប្រជែង​ជាមួយ​វៀតណាម និង​កម្ពុជា​ដើម្បី​លក់​អង្ករ​ទៅ​ហ្វីលីពីន ក្នុងការ​ដេញថ្លៃ​នាំ​អង្ករ​ទៅ​ប្រទេស​នេះ​ក្នុង​ចំនួន ២៥ ម៉ឺន​តោន​នៅ​ថ្ងៃទី ៣១ សីហា​ខាងមុខ​។ 

​    ​លោក Duangporn Rodphaya អគ្គនាយក​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​បាន​និយាយថា ការដេញថ្លៃ​អង្ករ​របស់​ហ្វីលីពីន​នាពេលខាងមុខ​នឹងធ្វើ​ឡើង​ផ្អែក​គោលការណ៍​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​។ 

​    ​ការទិញ​អង្ករ​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ទិញ​អង្ករ​របស់​ហ្វីលីពីន ដែលជា​ប្រទេស​ទិញ​អង្ករ​ច្រើន​បំផុត​មួយ​របស់​ពិភពលោក និង​ដែល​មានបំណង​នាំចូល​អង្ករ ១ លាន​តោន​ដើម្បី​ធានា​សុវត្ថិភាព​ការផ្គត់ផ្គង់​ស្បៀងអាហារ​របស់​ហ្វីលីពីន​រហូតដល់​ឆ្នាំក្រោយ ខណៈដែល​តម្លៃ​អង្ករ​បច្ចុប្បន្នកំពុង​នៅ​ទាប​នៅឡើយ​។ 

​    ​អង្ករ ៧៥ ម៉ឺន​តោន​នឹងត្រូវ​ទិញ​តាមរយៈ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​និង​រដ្ឋាភិបាល ខណៈ​នៅសល់ ២៥ ម៉ឺន​តោន​ទៀត​នឹងត្រូវ​នាំចូល​ដោយ​បណ្តា​ក្រុមហ៊ុន​ឯកជន​។ 

​    ​ក្រោម​ប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល ហ្វីលីពីន​ជាធម្មតា​ទិញ​អង្ករ​ទាំងពី​វៀតណាម ថៃ និង​កម្ពុជា​។ 

​    ​ផែនការ​របស់​ហ្វីលីពីន​អាច​ទ្រោល​តម្លៃ​អង្ករ​សកលលោក​ឱ្យ​ឡើងថ្លៃ​ឡើងវិញ ខណៈដែល​វា​បាន​ធ្លាក់ចុះ​ចំពេល​ស្រុតចុះ​តម្រូវការ​ពី​ប្រទេស​ជាច្រើន​ទៀត​នៅ​អាស៊ី​និង​អាហ្វ្រិក ដែល​ធ្វើឱ្យ​ធ្លាក់​ថ្លៃ​អង្ករ​នៅ​ប្រទេស​ផ្គត់ផ្គង់​អង្ករ​ធំៗ ដូចជា​វៀតណាម និង​ថៃ ធ្លាក់​ទាប​រាប់​ខែ​មក​នោះ​៕ 
 

adverise with khmeread
ប្រភព៖ បាងកកប៉ុស្តិ៍

មតិយោបល់